អន្តរជាតិ
UN អនុម័តដំណោះស្រាយថ្កោលទោសមីយ៉ាន់ម៉ា ប៉ុន្តែ កម្ពុជា ចិន ហ្វីលីពីន រុស្ស៊ី...បោះឆ្នោតជំទាស់
× គណៈកម្មាធិការទី៣របស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចថ្មីមួយទៀត ដើម្បីថ្កោលទោសលើហិង្សា ដែលកើតឡើងនៅក្នុងរដ្ឋរ៉ាខាន (Rakhine) របស់មីយ៉ាន់ម៉ា។ គណៈកម្មាធិការ ក៏បានទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាធានាពីការគោរពសិទ្ធិមនុស្ស និងបើកការស៊ើបអង្កេតតម្លាភាពមួយដើម្បីនាំយកអ្នកទទួលខុសត្រូវពីក្រោយមកប្រឈមមុខច្បាប់។
គណៈកម្មាធិការទីបីទទួលបន្ទុកផ្នែកសង្គម មនុស្សធម៌ និងវប្បធម៌នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃ១៦ វិច្ឆិកា បានអនុម័តសេចក្តីសម្រេចថ្មីមួយពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សមីយ៉ាន់ម៉ា ដោយមានសំឡេងគាំទ្រពីរដ្ឋសមាជិក ១៤២, អនុបវាទ ២៦ និងជំទាស់១០សំឡេង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ។
រដ្ឋទាំង១០ ដែលជំទាស់ការអនុម័តលើសេចក្តីសម្រេចថ្កោលទោសរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមាន ដូចជា បេឡារុស បូរ៉ុនឌី ចិន ឡាវ ហ្វីលីពីន រុស្ស៊ី វៀតណាម ស៊ីមប៉ាវេ កម្ពុជា និងមីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់។ មីយ៉ាន់ម៉ា បានប្រកាសមិនទទួលស្គាល់ខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេច ដោយទាំងពណ៌នាថា គ្មានការធានាពីនីតិវិធីច្បាស់លាស ពិសេសនោះ មើលរំលងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
តាមប្រភពព័ត៌មានដដែលនោះ សេចក្តីសម្រេច ដែលត្រូវបានផ្ចុងផ្តើម ដោយអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) និងសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភខ្លាំងពីស្ថានភាពសិទ្ធិមនុស្សមីយ៉ាន់ម៉ា ជាពិសេសនោះលើបញ្ហានៅក្នុងរដ្ឋរ៉ាខាន ដែលជាបញ្ហាហិង្សា និងបានបង្កឲ្យមានជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាចាកចេញពីមីយ៉ាន់ម៉ាទៅប្រទេសជិតខាង។
មិនខុសពីសេចក្តីសម្រេចមុនៗ បានថ្កោលទោសយ៉ាងខ្លាំងទៅលើការបំពានសិទ្ធិមនុស្សគ្រប់ទម្រង់នៅក្នុងមីយ៉ាន់ម៉ា ហើយក៏បានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យ ដើម្បីនាំយកអ្នកបង្កពាក់ព័ន្ធមកទទួលខុសត្រូវផ្នែកច្បាប់។ សេចក្តីសម្រេចនោះ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយជ្រោមជ្រែងកម្មវិធីជំនួយមនុស្សធម៌សម្រាប់ជនរងគ្រោះផងដែរ។
គួរជម្រាបផងដែរថា គិតចាប់ពីការវាយប្រហាររវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម បានផ្ទុះឡើងនៅរដ្ឋរ៉ាខានរបស់មីយ៉ាន់ម៉ា នៅខែសីហា ឆ្នាំមុនមក រដ្ឋាភិបាលមីយ៉ាន់ម៉ា បានក្លាយជាគោលដៅ ដែលប្រៀបដូចផ្ទាំងស៊ីបមួយ សម្រាប់សហគមន៍អន្តរជាតិ ដោយពួកគេ បានចោទរដ្ឋាភិបាលមីយ៉ាន់ម៉ា មិនមានឆន្ទៈដោះស្រាយ ខណៈមីយ៉ាន់ម៉ា ក៏បានអះអាងម្តងហើយម្តងទៀតថា បញ្ហានេះ ទាមទារយុទ្ធសាស្ត្រ និងពេលវេលាវែង៕
Tag:
មីយ៉ាន់ម៉ា
អាស៊ាន
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com