ជាតិ
បុណ្យអុំទូក
ក្រសួងសុខាភិបាល ត្រៀមរថយន្តសង្គ្រោះចំនួន៦៨គ្រឿងក្នុងពិធីបុណ្យអុំទូក
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមរថយន្តសង្គ្រោះចំនួន៦៨គ្រឿង ក្នុងរាជធានីភ្នំពេញ នាឱកាសប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអបុក និងសំពះព្រះខែ ថ្ងៃទី២១-២៣វិច្ឆិកានេះ។ ក្រៅពីរថយន្តសង្គ្រោះ ក្រសួងក៏បានត្រៀមតង់សុខភាពចំនួន១២កន្លែងផងដែរ។ តង់ទាំងនេះនឹងផ្តល់សេវាសុខភាព២៤ម៉ោង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៥វិច្ឆិកា។
រថយន្តសង្គ្រោះទាំង៦៨គ្រឿងនោះ ត្រូវបានរៀបចំ និងបែងចែកប្រចាំការទៅតាមផ្សេងៗពីគ្នា ដោយមានរថយន្តសង្គ្រោះចំនួន១១គ្រឿង ត្រូវប្រចាំការនៅតង់សុខភាពទាំង១២កន្លែង។ មានរថយន្តសង្គ្រោះ១៤គ្រឿង ប្រចាំការនៅតាមដងផ្លូវ-ដងទន្លេ កន្លែងសាធារណៈផ្សេងៗ និងរថយន្តសង្គ្រោះ១៣គ្រឿងទៀត ប្រចាំការតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាករអុំទូកទាំង១០ខេត្ត។
ដោយឡែករថយន្តសង្គ្រោះ២៤គ្រឿងទៀត ក្រសួងបានរៀបចំ និងប្រចាំការនៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុត ក្នុងរយៈប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអបុក និងសំពះព្រះខែ ឡើង។ បើតាមសេចក្តីជូនដំណឹងខាងលើ។
ចំពោះទីកន្លែងតង់សុខភាពទាំង១២កន្លែងវិញ គឺមាននៅកោះពេជ្រ, នៅស្តុបកម្ពុជា-វៀតណាម, សួនច្បារមុខនាយកដ្ឋានអង្គរក្ស, បរិវេណសណ្ឋាគាររណសិរ្ស, មុខគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ, ក្បែរវេទិកាកិត្តិយសខាងត្បូង និងខាងជើង, មុខវត្តឧណ្ណាលោមព្រះគន្លង, ផែថ្មរាជធានីភ្នំពេញ, គល់ស្ពានបេឡេត្រើយខាងលិច-ខាងកើត និងមាននៅខាងជើងស្ពានជ្រាយចង្វារ។
ក្រៅពីត្រៀមលក្ខណៈសង្គ្រោះដល់ពលរដ្ឋ ក្នុងឱកាសបុណ្យជាតិនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង សូមណែនាំប្រជាពលរដ្ឋទាំងអស់« ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារជំងឺរាគរូស ពុលអាហារ និងទប់ស្កាត់ការចម្លងរោគឆ្លងនានា។ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ទទួលទានចំណីអាហារសុវត្ថិភាព និងពិសាទឹកស្អាត។ ពិសេសសូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតឡើងជាយថាហេតុ។ បង-ប្អូន វិលមុខ ស្រវាំងភ្នែកសុំអង្គុយ និងហៅរកអ្នកជួយសង្គ្រោះ»៕
Tag:
អុំទូក
សង្គ្រោះ
រថយន្ត
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com