ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ភារ​ម្យ រកចំណូលបាន​សមរ​ម្យ​លើ​សេវា​ដាក់​សេះ​ឲ្យ​ភ្ញៀវ​ជិះ​ថត​នៅ​អង្គរវត្ត​
19, Nov 2018 , 8:39 am        
រូបភាព
​សៀមរាប​៖ ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ច្បាស់​ជា​ឃើញ​សេះ​ដែល​គេ​ដាក់​សម្រាប់​ឱ្យ​ទេសចរ​ជិះ​ថតរូប​ជាក់​ជាមិនខាន​។ ខ្លះ​ប្រហែល​បាន​ថតរូប ពេល​ជិះសេះ​នោះ​ក៏​មិនដឹង​។ នៅ​ជ្រុង​ខាងត្បូង ជិត​បណ្ណាល័យ លោក ភារ​ម្យ កំពុង​មមាញឹក​ក្នុង​ការហៅ និង​រៀបចំ​ឱ្យ​ភ្ញៀវ​ចូល​ជិះ ថតរូប​លេង​ជាមួយ​សេះ​របស់លោក​។ របរ​នេះ​ធ្វើឱ្យ​លោក ភារ​ម្យ រីករាយ​ជាខ្លាំង ដ្បិត​មិនសូវ​នឿយហត់ រីឯ​ចំណូល​ក៏បាន​សមរម្យ​ផងដែរ​។

 
​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ដែល​លោក ភារ​ម្យ ប្រកបរ​បរដាក់​សេះ​ឱ្យ​ទេសចរ​ជិះ​ថត​លេង​នៅ​ប្រាសាទអង្គរវត្ត ត​ពី​បងថ្លៃ​លោក ដែល​ចាប់​អាជីព​នេះ​តាំងពី​ឆ្នាំ ១៩៩៣​មក​។ ក្នុង​មួយថ្ងៃ​លោក​អាច​រក​ចំណូល​ពីរ​បរ​នេះ ចាប់ពី​៥​ម៉ឺន រហូតដល់ ៣០​ម៉ឺន ទៅតាម​ថ្ងៃ​ធម្មតា និង​ពេល​បុណ្យទាន​ម្ដងៗ​។ ចំពោះ​សេវា​ជិះ​ថត សម្រាប់​ភ្ញៀវ​ខ្មែរ​តម្លៃ ១​ដុល្លារ ឯ​បរទេស ២​ដុល្លារ ពួកគេ​អាច​ជិះ​ថត​គ្រប់​កាយវិការ​ដោយមាន​ជាង​ថត​នៅក្បែរនោះ​ស្រាប់​។​


 
​ដ្បិតថា របរ​នេះ​មាន​ភាពងាយស្រួល​ក៏ពិតមែន តែ​លោក ភារ​ម្យ ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការទិញ​សេះ​ល្អ និង​ចាយ​ពេល​សម្រាប់​ប​ង្វិ​កវា​ទម្រាំ​អាច​ថ្នឹក អាចឱ្យ​ភ្ញៀវ​ជិះ​បាន​។ សេះ​របស់លោក ភារ​ម្យ បច្ចុប្បន្ន​គឺ​លោក​ទើបនឹង​ទិញ​ក្នុងតម្លៃ​ជិត ៣០០០​ដុល្លារ ពី​ខេត្តបន្ទាយមានជ័យ ហើយ​ប្រើពេល​ប្រមាន ៣​ខែ​ដើម្បី​ប​ង្វិ​កវា​។ លោក ភារ​ម្យ បាន​ប្រាប់​ពី​វិធីសាស្ដ្រ​ខ្លះៗ​ក្នុងការ​បង្វឹក​សេះ ដូចជា​ពេល​ទិញ​មក​ភ្លាម​ត្រូវ​ឧស្សាហ៍​ជិះ​វា​កុំឱ្យ​វា​ស្រៀវ​ខ្នង ត្រូវ​ម៉ាស្សា​ខ្នង​មួយថ្ងៃ​ពី​២​ទៅ​៣​ដង ឱ្យ​ស៊ី​ឆ្អែតៗ ពិសេស​ឱ្យ​វា​ស្គាល់មុខ​ម្ចាស់​ដើម្បី​ងាយស្រួល​បញ្ជា​វា​។​ល​។ 
 
​ដោយសារ​ជា​របរ​ងាយស្រួល មិនសូវ​ហត់ គ្រាន់តែ​ចំណាយ​លើ​ការថែទាំ​សេះ លោក ភារ​ម្យ ប្រាប់ថា លោក​នឹង​បន្ត​អាជីព​នេះ​ជា​រហូត និង​អាច​តកូនតចៅ​ផង​៕
 

Tag:
 ទេសចរណ៍​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com