សុខភាព
អន្តរជាតិ
របាយការណ៍​វិទ្យាសាស្ត្រ​៖ កម្ទេច​ប្លា​ស្ទិ​ក​តូចៗ​ចាប់ផ្តើម​មាន​វត្តមាន​ក្នុង​ចំណីអាហារ​
18, Nov 2018 , 9:59 pm        
រូបភាព
បំណែក​ប្លា​ស្ទិ​ក​តូច​ល្អិត​ដែល​គេ​ហៅថា​មីក្រូ​ប្លា​ស្ទិ​ក​ត្រូវបាន​អ្នកជំនាញ​ផ្នែក​សុខភាព​រកឃើញ​ក្នុង​លាមក​របស់​មនុស្ស​។ នេះ​បញ្ជាក់ថា​សារធាតុ​ប្លា​ស្ទិ​ក​កំពុងតែ​វត្តមាន​នៅក្នុង​បណ្តាញ​ចំណីអាហារ​របស់​មនុស្ស​ហើយ​។

 
​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ផ្សាយ​ថា ការសិក្សា​មួយ​ថ្មី​ស្តីពី​បញ្ហា​ប្លា​ស្ទិ​ក​នេះ​ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប រួមជាមួយ​ប្រទេស​ជប៉ុន និង​រុស្សី ។ 
 
​លទ្ធផល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ទីក្រុង​វ្យែ​ន ប្រទេស​អូទ្រីស បង្ហាញថា មីក្រូ​ប្លា​ស្ទិ​ក​ចំនួន​២០ មាន​វត្តមាន​ក្នុង​លាមក​មនុស្ស​ទម្ងន់​១០​ក្រាម​។ ជាទូទៅ​មីក្រូ​បា្ល​ស្ទិ​ក​ទាំងនេះ​មាន​ទំហំ​ចាប់ពី ៥០​ទៅ​៥០០​មីក្រូ​ម៉ែត្រ​។ សរសៃសក់​មនុស្ស​មាន​កម្រាស់​ត្រឹមតែ​១០០​មីក្រូ​ម៉ែត្រ​ប៉ុណ្ណោះ​។ 
 
​ភាគច្រើន​មីក្រូ​ប្លា​ស្ទិ​ក​ទាំងអស់នេះ​គឺជា​បំណែក​ប្លា​ស្ទិ​ក​តូច​ដែល​បែក​ចេញពី​កាកសំណល់​ប្លា​ស្ទិ​ក​ធំៗ​ដូចជា​ដប​ទឹក កំប៉ុង​ជ័រ ទុយោរ ប្រអប់​ស្នោរ​ជាដើម​។ របស់​ប្រើប្រាស់​ទាំងនេះ​ផ្សំ​ឡើង​ពីសារ​ធាតុគីមី​អ​សរីរាង្គ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Polypropolyne ដែលជា​សារធាតុ​កម្រ​នឹង​រលាយ​ចូលទៅក្នុង​ធម្មជាតិ​វិញ​។ 
 
​អ្នកជំនាញ​ខាង​សុខភាព​លោក Phillip Schwabl មកពី​មហាវិទ្យាល័យ​របស់​ទីក្រុង​វ្យែ​ន ដែល​កំពុង​សិក្សា​អំពី​បញ្ហា​នេះ​បាន​និយាយថា​៖ «​ខ្ញុំ​ក៏​មិនទាន់បាន​រកឃើញ​ពី​ផលវិបាក​ដែល​កើតមាន​លើ​ខ្លួនប្រាណ​មនុស្ស​ដោយសារ​មីក្រូ​ប្លា​ស្ទិ​ក​នេះដែរ​»​។ 
 
​ប៉ុន្តែ​ការប៉ាន់ស្មាន​មួយចំនួន​ត្រូវបាន​គេ​លើកឡើង​ដូចជា​ជំងឺ​រលាក​ពោះវៀន អាច​កើតឡើង​ដោយសារ​មីក្រូ​ប្លា​ស្ទិ​ក​នេះ​មែន​។ ចំណែកឯ​លោក Alistair Boxall ដែលជា​សាស្ត្រាចារ្យ​មកពី​មហាវិទ្យាល័យ York របស់​ប្រទេស​អង់គ្លេស​ក៏បាន​បានបញ្ជាក់​ផងដែរ  លោក​មិន​ភ្ញាក់ផ្អើល​ទេ​នៅពេលដែល​វត្ត​មាននៃ​មីក្រូ​ប្លា​ស្ទិ​ក​ដូចនេះ​នៅក្នុង​អាហារ​ទេ​។ លោក​បន្ថែមថា ពេលខ្លះ​វា​គឺជា​រឿង​ធម្មតា​តែប៉ុណ្ណោះ​នៅពេលដែល​ធាតុ​ទាំងនេះ​មាន​វត្តមាន​ក្នុង​ចំណីអាហារ​ដែល​មនុ​ស្សប​រិ​ភោគ​។ ជារួម​ការសិក្សា​ជាច្រើន​ទៀត​នឹង​ត្រូវតែ​បន្តធ្វើ​ដើម្បី​ទទួលបាន​ចម្លើយ​ប្រាកដ​មួយ​ពី​បញ្ហា​ចោទ​ជុំវិញ​សុខភាព​មនុស្ស​៕ 

Tag:
 ប្លា​ស្ទិ​ក​
  ចំណីអាហារ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com