ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន នឹង​សរសេរ​លិខិត​ប្រាប់​ទៅ​អាមេរិក​ថា «​គ្មាន​ទ័ព​ចិន​នៅ​កម្ពុជា​ទេ​»
19, Nov 2018 , 12:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីកម្ពុជា និង​ អនុប្រធានាធិបតីអាមេរិក
នាយករដ្ឋមន្ត្រីកម្ពុជា និង​ អនុប្រធានាធិបតីអាមេរិក
ដោយ: ថ្មីៗ
​ក្រោយពី​មាន​សារព័ត៌មាន​បរទេស​ចុះផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ថា កងទ័ពជើងទឹក​រប​ស់​ចិន មក​តាំង​មូលដ្ឋាន​នៅ​កម្ពុជា លោក ម៉ៃ ផេ​ន (Mike Pence) អនុ​ប្រធានាធិបតី​អាមេរិក ក៏បាន​ផ្ញើលិខិត​មួយ​ជូន​មក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ក្តីកង្វល់​។


 
​ក្នុង​កិច្ចប្រជុំ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២១៨​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា  បាន​លើកឡើងថា ខ្លួន នឹង​ឆ្លើយតប​ទៅ​អនុ​ប្រធានាធិបតី​អាមេរិក​វិញ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​។ មេដឹកនាំ​កម្ពុជា និយាយ​នៅ​ចំពោះមុខ​បណ្តា​រដ្ឋមន្ត្រី​និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ទាត់ចោល​នូវ​ព័ត៌មាន​ទាំងឡាយ ដែល​បំភ្លៃ​ខុស​ការពិត ហើយ​ខ្ញុំ​នឹងធ្វើ​លិខិត​ជូនទៅ​លោក ម៉ៃ ផេ​ន ដើម្បី​ឲ្យ​គាត់​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​»​។ 
 
​សម្តេច ហ៊ុន សែន ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា រួមទាំង​បរទេស​ទាំងអស់​យល់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស មិន​ថា​ជើងគោគ ជើង​ទឹក ឬ​ជើង​អាកាស មក​តាំង​មូលដ្ឋាន​លើក​ទឹកដី​កម្ពុជា​ឡើយ​។ នាយករដ្ឋមន្ត្រី​កម្ពុជា បន្ថែមថា កម្ពុជា មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន ដូច្នេះ ទោះបី​ជាមាន​តម្រូវការ​ណាមួយ ក៏​មិនចាំបាច់​ត្រូវសុំ​អន្តរាគមន៍​ដោយ​កងទ័ព​បរទេស​ដែរ​។ 
 
​មេដឹកនាំ​កម្ពុជា សង្កត់ធ្ងន់​បែបនេះ​ថា​៖«​ចោទ​ជា​សំណួរ​ថា យើង ត្រូវការ​ទ័ព​បរទេស ដើម្បី​អ្វី​? កម្ពុជា ត្រូវការ​ច្បាំង​ជាមួយ​អ្នកណា ជាមួយ​ថៃ ឡាវ ឬ​វៀតណាម​? នេះ​ជា​ចំណុច​ដែល​គួរ​ឲ្យ​ងើយ​ឆ្ងល់​ណាស់​។ [….] ខ្ញុំ មិនត្រូវ​ការ​ឲ្យ​បរទេស​មក​ច្បាំង​គ្នា​លើទឹក​ដី​ខ្មែរ​ដូច​កាលពី​អតីតកាល​ទេ​។ សូមកុំ​យក​កម្ពុជា ធ្វើជា​ទីលាន​សាកល្បង​មនោគមវិជ្ជា និង​អាវុធ​ឲ្យ​សោះ​។ ពី​ពេលមុន រហូតមកដល់​ពេលនេះ យើង ពុំមាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ទេ​»៕ 
 

Tag:
 ហ៊ុន សែន​
  ទ័ព​បរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com