ជាតិ
សង្គមជាតិ
ជប៉ុន ឲ្យ​ជិត​៤​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​កម្ចាត់មីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩
19, Nov 2018 , 8:59 pm        
រូបភាព
រូបភាព បានពី CMAC
រូបភាព បានពី CMAC
​ភ្នំពេញ​៖ ជប៉ុន បន្ត​ផ្តល់ជំនួយ​ដល់​កម្ពុជា​ជិត​៤​លាន​ដុល្លារ សម្រាប់​បោសសម្អាត​មីន​ក្នុង​ឆ្នាំ​២០១៩​។ ក្នុងនោះ មាន​ថវិកា​ជាង​៣,៥​លាន​ដុល្លារ សម្រាប់​គាំទ្រ​កិច្ច​ប្រតិ​ប​តិ្ត​ការ​បោសសម្អាត​មីន និង​៣០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​ការអភិវឌ្ឍ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) នៅ​ខេត្តបាត់ដំបង ក្រោម​គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​។

 
​លោក ហេង រតនា បាន​ឲ្យ​ដឹងថា នេះ​ជា​ឆ្នាំ​ទី​៣​នៃ​គម្រោង ដែលមាន​រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃទី​១​មករា ដល់​៣១​ធ្នូ ឆ្នាំ​២០១៩​។  គម្រោង​នេះ មាន​សមត្ថភាព​រំដោះ​ផ្ទៃដី​ចម្ការមីន​ជាង​២៧៥០​ហិច​តា ដោយ​មន្ត្រី​ជំនាញ​ជាង​៤៥០​នាក់  ជាមួយ​គ្រឿងចក្រ​កម្ទេច​មីន​១១​គ្រឿង​។ ទន្ទឹមនឹងនេះ ក៏មាន​ជួយ​ជីក​ស្រះ​ទឹក ធ្វើ​ផ្លូវលំ​ជនបទ​ផងដែរ ដើម្បី​ជួយ​ការងារ​អភិវឌ្ឍន៍​ជូន​សហគមន៍​។ គម្រោង​នេះ ត្រូវអនុវត្ត​ដោយ​អង្គភាព​ស៊ីម៉ាក់ ដែលមាន​ភ្នាក់ងារ​ជប៉ុន JICS (Japan International Consultant System) ត្រួតពិនិត្យ​គុណភាព​។​
 
​សូម​រម្លឹកថា កាលពីដើម​ខែតុលា ឆ្នាំ​២០១៨ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិកា​ជិត​២​លាន​ដុល្លារ សម្រាប់​គម្រោង​កសិកម្ម​ចំនួន​២ និង គម្រោង​ដោះមីន​ចំនួន​១ ផងដែរ​។ 
 
​យោងតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ចាប់ពី​ឆ្នាំ​២០១២-២០១៦ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ប្រមាណ​១,៧​ពាន់​លាន​ដុល្លារ ប្រាក់កម្ចី​ជាង​១​ពាន់​លាន​ដុល្លារ និង​ជំនួយ​បច្ចេកទេស​ជាង​៧៦៤​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា​។ 
 
​រហូតមកដល់​ពេលនេះ អាជ្ញាធរ​មីន បាន​កម្ទេចចោល​នូវ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង​២​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​ជិត​៣​លាន​គ្រាប់​។ ដោយឡែក ជនរងគ្រោះ​ដោយសារ​មីន​បាន​ធ្លាក់ចុះ​ពី ៤,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០១៧៕
 

Tag:
 ជប៉ុន​
  ជំនួយ​
  មីន​
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com