ជាតិ
បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោកយាយ យាន ចំណាយពេល​៧៥​ឆ្នាំ​នឹង​មុខរបរ​«​ត្បាញ​ត្រក​» តែ​ប្រឈម​គ្មាន​អ្នក​បន្តវេន​
19, Nov 2018 , 2:54 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ លោកយាយ នួន យាន ចេះ​ត្បាញ​«​ត្រក​» ដែល​ចាស់ៗ​យកទៅដាក់​ស្លា​ម្លូ​នោះ តាំងពី​អាយុ​១០​ឆ្នាំ​មកម្ល៉េះ​។ ដោយ​ក្តី​ស្រឡាញ់ និង​ចូលចិត្ត​តម្បាញ​នេះ លោកយាយ យាន ដែលមាន​អាយុ​៨៥​ឆ្នាំ​ហើយ មិនមាន​បំណង​បោះបង់​មុខរបរ​បន្ត​ពី​ដូនតា​របស់ខ្លួន​ឡើយ​។ បច្ចុប្បន្ន លោកយាយ នួន យាន កំពុង​ប្រឈម​នឹង​ការបាត់បង់​មុខរបរ​ប្រពៃណី​មួយ​នេះ ដោយ​គ្មាន​កូនចៅ​ណា​ម្នាក់​ចង់​ស្នង​មុខរបរ​នេះ​ពី​ម្តាយ​ចំណាស់​ដែលមាន​បទពិសោធន៍​ត្បាញ​ត្រក​ប្រមាណ​៧៥​ម្នាក់​នេះឡើយ​។​



​បំណង​ចង់​ពង្រីក និង​ចង់ឱ្យ​កូន ឬ​ចៅ បន្ត​មុខរបរ​ត្បាញ​«​ត្រក​» ដែល​គេ​យកទៅដាក់​ស្លា​ម្លូ​, ផើង​តែ និង​យកទៅ​ដាក់តាំង​លម្អ​នៅក្នុង​ផ្ទះ​ជាដើម​នេះ ទំនងជា​មិនអាច​សម្រេចបាន​ដូច​ក្តី​ស្រមៃ​របស់​លោកយាយ នួន យាន ដែល​ចេះ​ត្បាញ​ត្រក​នេះ​ពី​ដូនតា​តាំងពី​លោកយាយ​មាន​អាយុ​១០​ឆ្នាំ​មក​ម្លោះ​។​
 

​លោកយាយ​វ័យ​៨៥​ឆ្នាំ ដែល​កំពុង​ត្បាញ​ត្រក​យ៉ាង​យកចិត្តទុកដាក់​នៅក្រោម​ផ្ទះ នា​ស្រុក​កំចាយមារ ខេត្តព្រៃវែង​រូបនេះ កំពុង​បារម្ភ​ពី​គ្មាន​កូនចៅ​ណា​ម្នាក់​ចង់​ស្នង​មុខរបរ​ប្រពៃណី​មួយ​នេះ​ពី​ខ្លួន​ឡើយ ខណៈពេលដែល​កូន និង​ចៅៗ​របស់​លោកយាយ នួន យាន ទំនេរ​ពី​ធ្វើស្រែ ងាក​ទៅធ្វើ​ការងារ​សំណង់​វិញ ហើយ​មិន​ចង់ឱ្យ​លោកយាយ​បន្ត​ត្បាញ​ត្រក​នេះ​ទៀតឡើយ​។ 



«​ខ្ញុំ​ព្រួយ​បារ​ម្ម​ចំពោះ​ការបាត់បង់​កេរដំណែល​ពី​ចា​ស់បុ​រា​ណ្យ ដែល​បាន​បន្សល់ទុក​មកនេះ​ណាស់ ព្រោះ​ក្មេងៗ​បច្ចុប្បន្ន​មិនសូវ​យកចិត្តទុកដាក់ និង​ខ្ជិល​ចំពោះ​ការចាក់ ត្បាញ​ត្រង់នេះ​ណាស់​។ ក្មេងៗ​ឥឡូវ​ច្រើនតែ​ទៅ​ធ្វើការ​រោងចក្រ​, ចំណាកស្រុក ហើយ​ម្យ៉ាងទៀត​វិ​ត្ថុ​ធាតុ​ដើម​ក៏​កាន់តែ​ពិបាករ​កទៀត​»​។ លោកយាយ នួន យាន រៀបរាប់​យ៉ាង​ដូច្នេះ​ដោយ​សំដៅ​ចំពោះ​កូនចៅ​របស់​លោកយាយ និង​យុវជន​នៅក្នុង​ភូមិ ដែល​មិន​ចាប់អារម្មណ៍​នឹង​បន្ត​មុខរបរ​ពី​ដូនតា​មួយ​នេះឡើយ​។​

​លោកយាយ​ដែល​រស់នៅ​ក្នុងភូមិ​ក្របៅ​ជួរ ឃុំ​ក្របៅ​រូបនេះ អះអាងថា បើទោះជា​យុវជន​ជំនាន់​ក្រោយ​មិន​ចង់​ធ្វើ​ការងារ​តម្បាញ​ត្រក​នេះ​ក៏ដោយ ក៏​ខ្លួន​មិនមាន​បំណង​បោះបង់​តម្បាញ​នេះ​ចោល​ឡើយ ពោលគឺ​លោកយាយ​នៅតែ​បន្ត​ប្រកបមុខរបរ​នេះ​ទាល់តែ​ធ្វើ​លែង​បាន​ទើប​ឈប់​។​



​ដើម្បី​បាន​ត្រក​មួយ លោកយាយ នួន យាន បញ្ជាក់ថា​៖ «​ខ្ញុំ​ចំណាយពេល​ត្បាញ​ពី​៤​ទៅ​៦​ថ្ងៃ តាម​ទំហំ​តូច​ឬ​ធំ​។ ខ្ញុំ ធ្វើ​វា​តែ​ពេលទំនេរ​ពី​ការធ្វើ​បុណ្យទាន​ប៉ុណ្ណោះ​។ ហើយ​លក់​ក្នុងតម្លៃ​ពី​៤​ម៉ឺន​រៀល​ទៅ​៧​ម៉ឺន​រៀល​»​។ លោកយាយ​អាយុ​៨៥​ឆ្នាំ ដែលមាន​បទពិសោធន៍​ត្បាញ​ត្រក​ប្រមាណ៧៥​ឆ្នាំ​រូបនេះ អះអាង​បន្ថែ​មយ៉ាង​ដូច្នេះ​៖ «​ត្រក​នេះ​ត្បាញ​មិនទាន់​អ្នកទិញ​ឡើយ ព្រោះ​ត្បាញ​ដោយ​ដៃ​ដែល​មើលទៅ​ស្រស់ស្អាត​បែប​ធម្មជាតិ និង​ច្នៃ​ដោយ​ភាពប៉ិនប្រសព្វ​»​។​



​លោកយាយ​បានឱ្យដឹង​ទៀតថា «​ត្រក​» ដែល​ត្បាញ​អំពី​វល្លិ​ផ្តៅ និង​ដើម​រំពា​ក់ ចាក់​ជា​ក្បាច់​ដូចជា ក្បាច់​ភ្នែកក្រួច​, វ័ណ្ដ និង​ជើង​ឆ្នាំង រួច​យកមក​ផ្គុំ​បញ្ចូល​គ្នា ទើបបានជា​«​ត្រក​»​ដ៏​ស្រស់ស្អាត​មួយ​។ សម្រាប់​ដើម​ផ្តៅ និង​រំពា​ក់ គឺ​លោកយាយ​បានឱ្យ​កូន​ទៅ​កាប់​ពី​ព្រៃ និង​ពេលខ្លះ​ត្រូវ​ទិញ​ពី​អ្នករស់នៅ​ខាង​ស្រុក​ទន្លេ ពោះ​ឥឡូវ វត្ថុធាតុដើម​ទាំងអស់នេះ ពិបាក​រក​ព្រោះ​គេ​កាប់​ព្រៃ​ចោល​អស់ហើយ​។​



​ទោះជា​លោកយាយ នួន យាន វ័យ​៨៥​ឆ្នាំ ត្បាញ​«​ត្រក​» បាន​ស្រស់ស្អាត​យ៉ាងណាក៏ដោយ តែ​ក្តី​ស្រមៃ​របស់​លោកយាយ ដែល​ចង់ឃើញ​តម្បាញ​ត្រក​នេះ​អាច​រស់​បានជា​និរន្តរ ទំនងជា​មិនអាច​ទៅរួច​ឡើយ​។ មូលហេតុ​ពីរ​សំខាន់ៗ គឺ​វត្ថុធាតុដើម​ដូចជា ដើម​វល្លិ​ផ្តៅ និង​ដើម​រំពា​ក់​កាន់តែ​បាត់បង់ និង​យុវជន​ជំនាន់​ថ្មី លែង​ចង់​ធ្វើ​តម្បាញ​«​ត្រក​»​នេះ ដោយ​ពួកគេ​ចាប់អារម្មណ៍​ការងារ​រោងចក្រ និង​ចំណា​ស្រុក​ជាង​។​

«​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» ជា​ផ្នែក​មួយ​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com)​។ ThmeyThmey 25 ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, មុខរបរ​ប្រពៃណី​, ជំនួញ​ខ្នាតតូច​-​មធ្យម​, បរិស្ថាន និង​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ទាំងនេះ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv



Tag:
 មុខរបរប្រពៃណី
  តម្បាញ
  ត្រក
  ស្មុក
  ព្រៃវែង
 
© រក្សាសិទ្ធិដោយ thmeythmey.com