ONE Championship
កីឡាជាតិ
ជាតិ
ទោះបីបន្តចាញ់ជើងខ្លាំងថៃ Lerdsila តែ សុខ ធី មានចំណុចវិជ្ជមានច្រើន
× ការប៉ះគ្នាម្តងទៀតរវាង សុខ ធី កីឡាករប្រចាំក្លឹប Cambodian Top Team និង Lerdsila របស់ក្រុមPhuket Top Team លើកនេះមិនមានការចម្រូងចម្រាសដូចលើកមុនទេ។ សុខធី បានបន្តចាញ់កីឡាករថៃ ខណៈពួកគេបានជួបគ្នាក្នុងព្រឹត្តិការណ៍ ONE: WARRIOR’S DREAM កាលពីថ្ងៃសោរ៍ ទី ១៧ ធ្នូ នៅកីឡដ្ឋាន Istora ក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។
Lerdsila កីឡាករជើងចាស់ថៃ បានយកឈ្នះដោយពិន្ទុ បន្ទាប់ពីគេបានព្យាយាមវាយលើកីឡាករខ្មែរចំនួន៣ទាំងជាប់ៗគ្នា។ មិនដូចការប្រកួតលើកមុនឡើយ Lerdsila មានការប្រឹងប្រែងយ៉ាងខ្លាំងដើម្បីមានប្រៀបលើ សុខ ធី។
ក្រោយចប់ការប្រកួត សុខ ធី និយាយថាឲ្យថា ៖ «ឡឹតសីលា វាយអស្ចារ្យណាស់ ចលនាគាត់ក៏លឿន ហើយពូកែវាយជាងមុនទៀត។ ពិតជាមានកិត្តិយសណាស់ដែលបានប្រកួតលើសង្វៀនជាមួយគាត់»។
ជំនួបរវាង សុខ ធី និង ឡឹតសីលា បានធ្វើឲ្យអ្នកទស្សនារំភើបញាប់ញ័រ មិនចាញ់គូប្រកួតឆ្នើមផ្សេងៗទៀតនោះឡើយ។ បើទោះបីភាគីខ្មែរ ចាញ់ពិន្ទុក៏ដោយ ប៉ុន្តែគេទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើន រួមទាំងប្រធានប្រតិបត្តិ របស់ ONE Championship លោក
Chatri Sityodtong ផងដែរ។
លោក Sityodtong មានប្រសាសន៍ថា៖ «សុខ ធី នឹងមានអនាគតល្អនាថ្ងៃខាងមុខ គេជាអ្នកប្រដាល់លំដាប់ពិភពលោក ហើយអាចនឹងក្លាយជាជើងឯកខ្សែក្រវាត់ពិភពលោកម្នាក់»។
រាប់ទាំងលើកនេះ ឡឹតសីលា មានជ័យជម្នះសរុប ១៨៨ដងរួចហើយ រីឯ សុខ ធី វិញបានបង្ហាញថាគាត់មានសមត្ថភាពខ្ពស់អាចប្រកួតជាមួយជើងឯកនានាប្រចាំ ONE Super Series ជាពិសេសបើយើងសង្កេតមើលនៅទឹកទី ២ និងទី ៣ ឃើញថា សុខ ធី បានបញ្ចេញកម្លាំងសុបៗ នឹងមានស្នៀតថ្មីៗថែមទៀត។
ធី គ្រោងនឹងសំរាកយកកម្លាំងបន្តិចមុននឹងដល់វគ្គត្រូវហ្វឹកហាត់បន្ត។
ទាំងលោក ហ៊ុន ចាន់រាជ ប្រធានក្រុម CTT និង សុខ ធី ផ្ទាល់ ចាត់ទុកការប្រកួតនេះដូចជាជ័យជម្នះមួយដែរ ពីព្រោះបើនិយាយពីបទពិសោធន៍លើសង្វៀនរវាងភាគីខ្មែរនិងកីឡាករថៃវ័យ ៣៧ឆ្នាំ ឡឹតសីលា គឺខុសគ្នាដាច់។
លោក ចាន់រាជ និយាយថា៖ «នេះជាបទពិសោធន៍ដ៏ធំមួយ មិនមែនជារឿងងាយស្រួលទេដែលអាចចូលវៃជាមួយជើងខ្លាំងក្នុងពិភពគុនបាន។ សមត្ថភាពរបស់ក្មេង២១ឆ្នាំនេះធ្វើឲ្យ ឡឹកសីលា ញញើតណាស់ដែរ»៕
អត្ថបទ៖ Matias Andres
© រក្សាសិទ្ធិដោយ thmeythmey.com