អន្តរជាតិ
កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​បញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​
19, Nov 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APEC នៅក្នុង​ប្រទេស ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ (Papua New Guinea) បានបញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ ដែល​នេះ​ជាដំបូង​បង្អស់​កើតឡើង​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​កំពូល​ដែលមាន​អាយុកាល​ជិត​៣០​ឆ្នាំ​មកនេះ​។

 
​ខណៈ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន មេដឹកនាំ​នានា​មកពី​ប្រទេស​ទាំងពីរ​បាន​បរាជ័យ​ក្នុងការ​ឯកភាពគ្នា​ទៅលើ​ភាសា​នៃ​សេចក្តីថ្លែងការណ៍​ចុងក្រោយបង្អស់​មួយ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ លោក Peter O'Neill នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​
 
​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នា​ក់​ដែល​ចូលរួម​ក្នុង​កិច្ចចរចា​នោះបាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ភាពចម្រូងចម្រាស​គ្នា​នេះ​គឺ​កើតឡើង​រវាង​ចិន​និង​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល APEC ដទៃទៀត មិនមែន​ជាមួយ​តែ​សហរដ្ឋអាមេរិក​មួយ​នោះទេ​។ មន្ត្រី​រូបនេះ​បាន​ហៅ​ការមិន​ឯកភាពគ្នា​នេះ​ថា «​មិន​ធ្លាប់មាន​ពីមុនមក​នោះ​ទ‍េ​»​។​
 
​កាលពី​មួយថ្ងៃ​មុននេះ អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានផ្តល់​ទស្សនៈ​ទៅលើ​ការប្រកួតប្រជែង​សេដ្ឋកិច្ច ខណៈដែល​ពួកគេ​ថ្លែង​ទៅកាន់​មេដឹកនាំ​ថ្នាក់​តំបន់​នានា នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី Port Moresby នៃ​ប្រទេស​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​នេះ​។​
 
​លោក Pence បាន​ព្រមាន​ដល់​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល APEC អំពី​ការយល់ព្រម​ជំពាក់​បំណុល​បរទេស ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់ខ្លួន «​និង​បាន​ជំរុញ​ឲ្យ​សមាជិក APEC ទាំងអស់ ការពារ​ផលប្រយោជន៍​របស់ខ្លួន​និង​រក្សា​ឯករាជ្យភាព​របស់ខ្លួន​ផងដែរ គឺ​ដូច​សហរដ្ឋអាមេរិក​ដែរ ត្រូវយក​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួន​ជា​ធ‍ំ​​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com