អត្ថបទពាណិជ្ជកម្ម
សាណូ​ហ្វី រៀបចំ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ដើម្បី​ជំរុញ​ការយល់​ជំងឺ​នេះ​ដល់​ពលរដ្ឋ​កម្ពុជា​
19, Nov 2018 , 3:44 pm        
រូបភាព
​សៀមរាប​៖ ក្រុមហ៊ុន​ផលិត​ឱសថ​សាណូ​ហ្វី​កម្ពុជា បាន​សហការ​ជាមួយ​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​(CDA) រៀបចំ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ក្រោម​ប្រធានបទ​«​គ្រួសារ និង​ជំងឺ​ទឹកនោមផ្អែម​»​។ កម្មវិធី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​ភោជនីយដ្ឋាន​ប្រាសាទបន្ទាយស្រី ខេត្ត​សៀម​រាម​។ អ្នកជំនាញ​ផ្នែក​សុខភាព និង​មនុស្ស ប្រមាណ​៦០០​នាក់ ផ្សេងទៀត ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ​។
 
​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​។​ដោយឡែក​ក្នុង​ឆ្នាំ​២០១៨ ទិវា​នេះ​បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ «​គ្រួសារ និង​ជំងឺ​ទឹកនោមផ្អែម​» ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង ពី​ផលប៉ះពាល់​នៃ​ជំងឺ​ទឹកនោមផ្អែម​ទៅលើ​គ្រួសារ និង​ការគាំទ្រ​ដល់​បណ្តាញ​អ្នក​ដែល​រង​ផលប៉ះពាល់​។ ជាពិសេស លើកកម្ពស់​តួនាទី​របស់​គ្រួសារ នៅក្នុង​ការគ្រប់គ្រង ការថែទាំ ការការពារ និង​ការអប់រំ​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​។


 
​ក្នុង​ទិវា​នេះ ក៏មាន​ការ​ដង្ហែ​ក្បួន និង​កាន់​បដា​ដែលមាន​រំលេច​សារ​អប់រំ ពី​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដើម្បី​អបអរសាទរ​ទិវា​ជំងឺ​នោម​ផ្អែម​ពិភពលោក និង​ការចែករំលែក​ចំណេះដឹង ពី​សំណាក់​គ្រូពេទ្យ​ជំនាញ អំពី​ជំងឺ​នេះ​ផងដែរ​។​
 
​អ្នកស្រី ដាវ ធូ​ង៉ា (Dao Thu Nga) នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​ឲ្យ​ដឹងថា គ្រួសារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ ធនធាន និង​បរិស្ថាន ដើម្បី​ទ្រទ្រង់​ការរស់នៅ​ក្នុង​ជីវភាព​រស់នៅ​ដ៏​មាន​ផាសុកភាព​មួយ​។ អ្នកស្រី​បាន​បន្ត​ដោយ​លើកឡើង​យោងតាម​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ ដែលថា​ការគាំទ្រ​ពី​សំណាក់​គ្រួសារ ចំពោះ​ការថែទាំ​ជំងឺ​ទឹកនោមផ្អែម មាន​ឥទ្ធិពល​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​ឲ្យ​សុខភាព​អ្នកជំងឺ​ប្រសើរឡើង​។ អ្នកស្រី ដាវ ធូ​ង៉ា បញ្ជាក់​ដូច្នេះ​៖«​ដូច្នេះ​វា​ពិតជា​សំខាន់ ក្នុង​ការទទួល​បានកា​រ​អប់រំ និង​គាំទ្រ​ចំពោះ​ការគ្រប់គ្រង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដល់​អ្នកជំងឺ និង​គ្រួសារ​របស់​ពួកគេ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្លូវចិត្ត​ដោយសារ​ជំងឺ ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន ចំពោះ​គុណភាព​ជីវិត​»​។​


 
​ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​មួយ​ប្រភេទ ដែល​ស្ថិតនៅក្នុង​ប្រភេទ​ជំងឺមិនឆ្លង​។ អង្គការ​សុខភាព​ពិភពលោក បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០៣០ ជំងឺ​ទឹកនោមផ្អែម នឹង​ក្លាយជា​មូលហេតុ​ទី​៧​នៃ​មរណភាព​នៅលើ​ភពផែនដី ខណៈ​បច្ចុប្បន្ន​មនុស្ស​ជាង ៤២៥​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​។ 
 
​ដោយឡែក​អត្រា​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅ​ប្រទេស​កម្ពុជា ជាទូទៅ នៅ​ទាប​ជាង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​នៅឡើយ​។ ប៉ុន្តែ​កម្ពុជា មាន​ប្រេ​វ៉ាឡង់​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ស្ថិតក្នុង​វ័យ​ចន្លោះ​ពី ២០ ទៅ ៣០​ឆ្នាំ ខ្ពស់ជាង​បណ្តាល​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​ខ្ពស់ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​។ នេះ​បើតាម​របាយការណ៍ សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​ប៉ាស៊ីហ្វិក​ខាងលិច​។​


 
​ប្រមាណ ២៣០,៨០០​ករណី នៃ​ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​រកឃើញ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៥​។ នេះ​បើតាម​ទិន្នន័យ​របស់​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​។ ចំនួន​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ គឺមាន ២,៣ ភគ​រយ ក្នុង​តំបន់​ជនបទ​។​ចំណែក​នៅតាម​ទីក្រុង​មាន​ច្រើនជាង​៣​ដង ខ្ពស់ជាង​នៅតាម​ជនបទ​។ រីឯ​ប្រជាជន​ចំនួន ៥,៦ ភាគរយ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​នេះ ផ្អែក​តាម​ការស្ទង់មតិ ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល​។ 
 
​លោក​សាស្ត្រាចារ្យ លឹម កើ​ក​គី ប្រធាន​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា សាខា​ខេត្តសៀមរាប (CDAsrb) បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​អ្នកជំងឺ​ទឹកនោមផ្អែម​ជា​មធ្យម ប្រហែល ៤០០០​នាក់ ដែល​មក​ពិនិត្យ​ព្យាបាល​នៅ​សមាគម​ជំងឺ​ទឹកនោមផ្អែម​កម្ពុជា​សាខា​ខេត្តសៀមរាប និង​តាម​បណ្តាល​គ្លីនិក​ចល័ត​ជា​រៀងរាល់ខែ​។ ក្នុងនោះ​អ្នកជំងឺ​ប្រមាណ​ជាង ១០០០​នាក់ មក​ទទួល​សេវា​ព្យាបាល​ជាប្រចាំ ខណៈ​ជាង​ពាក់កណ្តាល​ទៀត មក​ទទួលយក​សេវា​ព្យាបាល​ម្តងម្កាល​ប៉ុណ្ណោះ​។ បើតាម លោក​សាស្ត្រាចារ្យ ដដែល ភាគច្រើន​នៃ​ករណី​ទាំងនេះ គឺជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដែល​ករណីនេះ អាច​ការពារ​បាន​យ៉ាងច្រើន តាមរយៈ​សកម្មភាព​មួយចំនួន​ដូចជា ការធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ការបរិភោគ​អាហារ​ដែលមាន​តុល្យភាព និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​ប្រកបដោយ​ផាសុកភាព​។  លោក លឹម កើ​ក​គី ក៏​បញ្ជាក់ដែរថា ជំងឺ​ទឹកនោមផ្អែម​មិនអាច​ព្យាបាល​បានទេ ប៉ុន្តែ​អ្នកជំងឺ​មិន​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ឡើយ បើ​គោរព​តាម​វេជ្ជបញ្ជា​។​


 
​តាមរយៈ​ការរៀបចំ​ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក​ឆ្នាំ​២០១៨ លោក​សាស្ត្រាចារ្យ​រំពឹងថា ការយល់ដឹង​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម របស់​ប្រជាពលរដ្ឋ​កម្ពុជា នឹង​កាន់តែ​ល្អប្រសើរ​ឡើង​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​សម្ពោធ​«”​កម្មវិធី​អប់រំ​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​» សម្រាប់​រយៈពេល​បី​ឆ្នាំ​របស់ខ្លួន ដែល​ហៅ​កាត់​ថា CEP-D​។  គម្រោង CEP-D រយៈពេល​បី​ឆ្នាំ​នៅ​ទូទាំងប្រទេស​នេះ ទទួល​ថវិកា​ជិត​កន្លះ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​សហ​ហិរញ្ញប្បទាន រវាង​ក្រុមហ៊ុន​សាណូ​ហ្វី និង KFW DEG ដោយមាន​ការសហការ​ប្រតិបត្តិការ ជាមួយ​សមាគម​ទឹកនោមផ្អែម និង​ក្រពេញ​កម្ពុជា សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សមាគម​ជំងឺ​ទឹកនោមផ្អែម     កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត​។ 
 


​ថវិកា​ទាំងនោះ នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​វគ្គ​បណ្តុះបណ្តាល សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​ប្រមាណ​១១៨០​នាក់ ក៏ដូចជា​និស្សិត​ចំនួន​៥០០​នាក់ មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​សុខាភិបាល​។ ថវិកា​នេះ ក៏​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម និង​ប្រជាជន​កម្ពុជា អំពី​សារៈសំខាន់ ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com