ជាតិ
បុណ្យអុំទូក
សង្គមជាតិ
បុណ្យអុំទូក​៖ ទូក​«​ង​» ជិត​៣០០ ចូលរួម​ប្រណាំង​ឆ្នាំនេះ​
19, Nov 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​២១ ដល់​២៣ ខែវិច្ឆិកា​នេះ មាន​ទូក​«​ង​» ចំនួន ២៩៥ ទូក ដែល​មកពី ១៨​រាជធានី​-​ខេត្ត និង​៦​ស្ថាប័ន ចូលរួម​ប្រណាំង នៅ​ទន្លេចតុមុខ​។ ចំនួន​ទូក​ឆ្នាំនេះ មានការ​កើនឡើង បើ​ប្រៀបធៀប​ឆ្នាំ​២០១៧ ដែលមាន​២៧០ ទូក​។


 
​លោក ប៊ូ ជុំ​សេរី ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​ពិធីបុណ្យ​ជាតិ បាន​ប្រាប់ថា ទូក​«​ង​»​ចំនួន​២៩៥​នេះ មាន​ប្រភេទ​ដូចជា ទូកង​ខ្នាត​អន្តរជាតិ​នារី​២ ទូក​ខ្នាត​អន្តរជាតិ​បុរស​៩៦ ទូក​អុំ​នារី​១ ទូក​អុំ​បុរស ១៦៣ ទូក​ចែវ​នារី​១ និង​ទូក​ចែវ​បុរស​៣២​។ 
 
​ដោយឡែក​ស្ថាប័ន​ទាំង​៦ ដែល​ចូលរួម​ប្រកួត​នោះ​មានដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី​,​ក្រសួងការពារជាតិ​,​ក្រសួងមហាផ្ទៃ​, កងកម្លាំង​រាជ​អាវុធហត្ថ និង​វត្ត​ព្រែកប្រា​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ប៊ូ ជុំ​សេរី បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅក្នុង​ពិធី​ប្រណាំង​ទូកង​នេះ យើង​ក៏បាន​រៀបចំ​កន្លែង​ស្នាក់នៅ​ឲ្យ​កីឡាករ​ប្រណាំង ចំនួន ២​កន្លែង មួយ​នៅមុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​សូ​គី​មិច តាមផ្លូវ​ជាតិ​លេខ​៥ និង​នៅ​គល់ស្ពាន​ជ្រោយចង្វារ​រង្វង់​មូល​»​។ 
 
​សម្រាប់​ទូក​«​ង​» ដែល​ជាប់​ជ័យលាភី​លេខ​មួយ ទទួលបាន​ថវិកា ចំនួន ៣៥​ម៉ឺន​រៀល ,​លេខ​២ ៣០​ម៉ឺន​រៀល ,​លេខ​៣ ២៥​ម៉ឺន​រៀល និង​លេខ​៤ ២០​ម៉ឺន​រៀល​។ ចំណែក​កីឡាករ​ទាំងអស់​ដែល​ចូលរួម​ប្រណាំង​ទទួលបាន​ថវិកា ៣​ម៉ឺន​រៀល​សម្រាប់​ការ​ស្នាក់នៅ និង​ការហូបចុក នៅក្នុង​ពិធី​ប្រណាំង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក​។ នេះ​បើតាម ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​ពិធីបុណ្យ​ជាតិ ។​
 
​សូមបញ្ជាក់ថា កីឡាករ​សរុប​ដែល​ចូលរួម​ប្រណាំង​ឆ្នាំនេះ មាន​ចំនួន​១៩០០១៧ នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ១៧៨២៦​នាក់​។ នោះ​ក៏​ព្រោះតែ​ចំនួន​ទូក​ចូលរួម​ប្រកួត​ឆ្នាំនេះ មានការ​កើនឡើង​៕ 
 

Tag:
 ​បុណ្យអុំទូក​
  ទូកង
© រក្សាសិទ្ធិដោយ thmeythmey.com