ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទៅលេងមណ្ឌលគិរី ចូរកុំភ្លេចទៅមើល«វាលស្មៅពណ៌មាស»!
× មណ្ឌលគិរី៖ ប្រសិនបើ ភ្ញៀវទេសចរមានគម្រោងទៅកម្សាន្តនៅខេត្តមណ្ឌលគិរី ចូរកុំភ្លេចទៅទស្សនាទិដ្ឋភាពនាតំបន់ «វាលស្មៅពណ៌មាស» ដែលនៅសងខាងផ្លូវ។ តំបន់វាលស្មៅពណ៌មាស មានទេសភាពស្រស់ស្អាតគួរជាទីគយគន់ ដែលភ្ញៀវទេសចរអាចស្រូបខ្យល់អាកាស និងទស្សនាព្រៃព្រឹក្សាដ៏ស្រស់បំព្រងនាតំបន់ភូមិភាគឦសាននេះ។ តំបន់វាលស្មៅពណ៌មាសនេះ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លោកអ្នកដែលធ្វើដំណើរឆ្ពោះទៅក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី នឹងត្រូវឆ្លងកាត់តំបន់ព្រៃស្រល់នេះ ដែលមានរមណីយដ្ឋានទឹកធ្លាក់មួយឈ្មោះថា «លែងអងលែងឃិន»។ ផ្លូវឆ្ពោះរមណីយដ្ឋានទឹកធ្លាក់នោះ លោកអ្នកនឹងបានឃើញទេសភាពវាលស្មៅពណ៌មាសនៅសងខាងផ្លូវ ដែលបក់រវិចៗតាមខ្យល់។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey និងលោក អ៊ិន កាំ អ្នកសម្របសម្រួលតំបន់វាលស្មៅពណ៌មាស នៅខេត្តមណ្ឌលគិរីដូចតទៅ៖
លោក អ៊ិន កាំ ជនជាតិដើមភាគតិចព្នង និងជាអ្នកសម្របសម្រួលសហគមន៍នារមណីយដ្ឋានលែងអង លែងឃិន ប្រាប់ឲ្យដឹងថា តំបន់វាលស្មៅនេះ មាន៣ពណ៌រួមមាន ពណ៌បៃតង, ពណ៌មាស និងពណ៌ខ្មៅ។ វាលស្មៅនេះ ប្រែពណ៌ទៅតាមរដូវកាលដោយមានពណ៌មាស ចាប់ពីខែ ៩ ដល់ ខែ១១, ពណ៌បៃតង ចាប់ពីខែ៥ ដល់ខែ៦ និងពណ៌ខ្មៅ ចាប់ពីខែ ១២ ដល់ខែ១។
បើតាមលោក អ៊ិន កាំ ទេសភាពវាលស្មៅ, ព្រៃឈើ និងទឹកធ្លាក់ ធ្វើឲ្យតំបន់មួយនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តច្រើនផងដែរ។ ចំណែកអាកាសធាតុនៅក្នុងតំបន់នេះវិញ អាកាសធាតុដែលត្រជាក់បំផុត គឺ ១៨អង្សាសេ។
Tag:
វាស្មៅមណ្ឌលគិរី
ទេសចរណ៍
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com