ជាតិ
បទសម្ភាសន៍
គោលជំហរ​លោក គង់ គាំ លោក គង់ បូរ៉ា និង​លោក គង់ សភា ចំពោះ​លោក សម រង្ស៊ី !
19, Nov 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ នយោបាយ ភ្នាល់​គ្នា​រវាង​លោក សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន ជុំវិញ​ការឃុំខ្លួន​លោក កឹម សុខា នោះ បាន​បង្ក​ឲ្យ​អ្នកនយោបាយ ត្រកូល​«​គង់​» ដែល​ត្រូវបាន​តុលា​ការហាម​ធ្វើ​សកម្មភាព​នយោបាយ បញ្ចេញ​ទស្សនៈ និង​គោលជំហរ​ផ្សេងគ្នា លើ​យុទ្ធសាស្ត្រ​នយោបាយ​លោក សម រង្ស៊ី​។​


 
​ដ្បិត​ជា​អ្នកនយោបាយ​ប្រឆាំង ជាមួយ​លោក សម រង្ស៊ី ជាង​២០​ឆ្នាំ មុននឹង​ត្រូវ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​សកម្មភាព​ធ្វើ​នយោបាយ​មែន ប៉ុន្តែ​លោក គង់ គាំ និង​កូនប្រុស​លោក គង់ បូរ៉ា ហាក់​បង្ហាញ​អារម្មណ៍​មិន​គាំទ្រ​យុទ្ធសាស្ត្រ​នយោបាយ​លោក សម រង្ស៊ី ដែល​យក​សេរីភាព​លោក កឹម សុខា មក​ភ្នាល់​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។

មិន​គាំទ្រ ដោយសារ​លោក គង់ គាំ និង​លោក គង់ បូរ៉ា យល់ឃើញថា ការយក​សេរីភាព​លោក កឹម សុខា មក​ភ្នាល់​គ្នា​នេះ វា​មិនមែនជា​ដំណោះស្រាយ​នយោបាយ​ទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ការដាក់បន្ទុក​ទៅលើ​លោក កឹម សុខា ទៅវិញ​។​
 
​ថ្លែង​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ក្រោយ​តុលា​ការហាម​ធ្វើ​នយោបាយ​៥​ឆ្នាំ​នោះ លោក គង់ គាំ ដែលជា​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក សម រង្ស៊ី កំពុង​ធ្វើ​ឲ្យ​លោក កឹម សុខា ខកចិត្ត​។ មូលហេតុ​ដែល​លោក គង់ គាំ លើកឡើង​បែបនេះ ដោយសារ​លោក​មើលឃើញថា លោក សម រង្ស៊ី ទំនង​ខ្លាច​លោក កឹម សុខា អាច​ត្រូវបាន​ដោះលែង នៅពេល​ខាងមុខ ហើយ​ខ្លួន​ត្រូវបាន​គេ​ទុកចោល​ក្រៅ​កញ្ចប់​នយោបាយ​នោះ ទើប​លោក សម រង្ស៊ី បង្កើត​រឿ​ភ្នាល់​នេះ​ឡើង ដើម្បី​ឲ្យ​បញ្ហានយោបាយ​នៅតែ​បន្ត​កើតមាន​។ 


 
​នៅពេល​សួរថា តើ​ជំហរ​របស់លោក​នៅពេល​នេះ ក្នុងនាម​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្សប្រឆាំង​មួយរូប យល់ឃើញ​បែបណា ទើបបានជា​ចេញ​រិះគន់​លោក សម រង្ស៊ី ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​?  លោក គង់ គាំ បាន​ឆ្លើយតប​វិញ​ថា លោក រិះគន់ និង​បកស្រាយ​ពី​យុទ្ធសាស្ត្រ​នយោបាយ​របស់លោក សម រង្ស៊ី លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នេះ ក្នុង​គោលបំណង​ចង់​បំភ្លឺ​ឲ្យ​អ្នកគាំទ្រ ដែល​ទុកចិត្ត​គណបក្ស​សង្គ្រោះ​ជាតិ បានដឹង​ពី​គោលបំណង​នយោបាយ​មួយចំនួន របស់លោក សម រង្ស៊ី ។​


 
​សូម​ស្ដាប់​សំឡេង​លោក គង់ គាំ ដែល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​កន្លងមក​៖



 
អត្ថបទទាក់ទង
 
 
​មិន​ខុសពី​ឪពុក​ខ្លួន​ឡើយ លោក គង់ បូរ៉ា ដែលជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរនោះ បានចាប់ផ្ដើម​រិះគន់​លោក សម រង្ស៊ី តាំង​ពីមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​មក​ម្លេះ​។ នោះ​ក៏​ព្រោះតែ​លោក គង់ បូរ៉ា មើលឃើញថា លោក សម រង្ស៊ី ហាម​ពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ហើយ​លោក ក៏​គ្មាន​ជំនឿ​ចិត្ត​ថា គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​ដែរ​។ 
 
​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ លោក គង់ បូរ៉ា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​រិះគន់​លោក សម រង្ស៊ី និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជុំវិញ​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​មួយ​នេះ ដែល​នាំ​ឲ្យ​គណបក្ស​បរាជ័យ​ជា​បន្តបន្ទាប់​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក គង់ បូរ៉ា បានប្រកាស​ជំហរ​ខ្លួន​ថា លោក មិន​ទុកចិត្ត​លើ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​


 
«​ខ្ញុំ មិន​បដិសេធ​ទេ បើ​យល់ថា​ជាកា​រិះគន់​ការដឹកនាំ​របស់គាត់ សម រង្ស៊ី ព្រោះ​អ្នក​នៅ​ជុំវិញ​គាត់ (​សម រង្ស៊ី​) ធ្វើ​ឲ្យ​គាត់​បរាជ័យ​គ្រប់​ជំហាន​។ ខ្ញុំ​តាមមើល​សកម្មភាព​គាត់ (​សម រង្ស៊ី​)​ដែរ ឥឡូវនេះ មិនដឹង​គាត់​ចង់​ធ្វើ​អី​ឲ្យ​ពិតប្រាកដ​ផង​។​ខ្ញុំ​មិន​ទុកចិត្ត អតីត​សង្គ្រោះ​ជាតិ ព្រោះ សម រង្ស៊ី និង កឹម សុខា កំពុង​អត់​ទុកចិត្ត​គ្នា​។​រឿង សម រង្ស៊ី ដាក់ កឹម សុខា ភ្នាល់​ជាមួយ ហ៊ុន សែន  យល់ថា​ពួកគាត់ (​លោក សម រង្ស៊ី និង​លោក កឹម សុខា​) មិន​ទុកចិត្ត​គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក គង់ បូរ៉ា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​
 
​ផ្ទុយ​ឪពុក និង​បងប្រុស​ខ្លួន លោក គង់ សភា នៅតែ​មើលឃើញ​ពី​ចំណុច​ល្អ​របស់លោក សម រង្ស៊ី នៅក្នុង​ផ្លូវ​នយោបាយ​នេះ​។ សម្រាប់​លោក គង់ សភា សកម្មភាព​របស់លោក សម រង្ស៊ី កន្លងមក គឺជា​ទង្វើ​ស្វែងរក​ច្រកចេញ​នយោបាយ​នៅ​កម្ពុជា​។ តួយ៉ាង​ដូចជា​សកម្មភាព​របស់លោក សម រង្ស៊ី ដែល​យក​សេរីភាព​ផ្ទាល់ខ្លួន ទៅ​ភ្នាល់​ជាមួយ​សម្ដេច ហ៊ុន សែន លើ​ការដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា ជាដើម​។​


 
​នៅពេល​សួរថា អ្វីដែល​លោក លើកឡើង​នេះ ហាក់​កំពុង​បង្ហាញថា លោក ជឿជាក់​លើ​លោក សម រង្ស៊ី ជាង​អ្នកណា​ទាំងអស់ ដែល​ផ្ទុយ​ពី​ឪពុក និង​បងប្រុស​លោក​? ឆ្លើយតប​សំនួរ​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា ដើម្បី​ធ្វើ​ចលនា​សង្គ្រោះ​ជាតិ​ពី​ក្រៅប្រទេស​ជាមួយ​លោក សម រង្ស៊ី រូបនេះ បាន​និយាយថា លោក​នៅតែ​ដើរ​តាម​ឆន្ទៈ​នយោបាយ​របស់លោក សម រង្ស៊ី ហើយ​គ្មាន​លោក សម រង្ស៊ី ទេ ខ្លួន​លោក ក៏​នឹង​បញ្ចប់​អាជីព​នយោបាយ​ដែរ​។ 
 
​សូម​ស្ដាប់​សំឡេង​លោក គង់ សភា ដែល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ ពី​ប្រទេស​កាណាដា​៖



 
 
​បើទោះជា​ពេលនេះ លោក គង់ សភា មាន​ជំហរ​ខុសពី​ឪពុក និង​បងប្រុស​ខ្លួន​ក្តី ប៉ុន្តែ​វា​មិនមែន​មានន័យថា គ្រួសារ​លោក ត្រូវ​បែកបាក់​គ្នា ដោយសារ​ជំហរ​នយោបាយ​បញ្ច្រាសទិស​គ្នា​នេះដែរ​។ បើតាម​លោក គង់ សភា គ្រួសារ​របស់លោក នៅតែមាន​ទំនាក់ទំនង​ល្អ​ដដែល គ្រាន់តែ​ដើរ​ផ្លូវ​ផ្សេងគ្នា​ប៉ុណ្ណោះ​។​
 
​ក្រៅពី​លោក គង់ គាំ លោក គង់ បូរ៉ា និង​លោក គង់ សភា ដែល​ត្រូវបាន​តុលា​ការហាម​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំ ក៏​នៅមាន​លោក គង់ មុនី​កា ដែលជា​កូនប្រុស​ពៅ​លោក គង់ គាំ និង​ប្អូនប្រុស​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​នេះ បាន​ប្រឡូក​ចូល​ឆាកនយោបាយ ហើយ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ រយៈពេល​ជាង​៦​ខែ​មកហើយ​។ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងមកនេះ ប៉ុន្តែ​មិន​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ឡើយ ។ បច្ចុប្បន្ន​លោក គង់ មុនី​កា ដែល​បាន​ចូល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ជាមួយ​រដ្ឋាភិបាល បានទទួល​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ក្នុងការ​ស្វែងរក​ចំណុច​អវិជ្ជមាន និង​អសកម្ម​របស់​មន្ត្រី អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បញ្ហា​ប្រជាពលរដ្ឋ​ក្នុងសង្គម​ជាដើម​៕
  

Tag:
 ​គង់ គាំ​
 ​គង់ បូរ៉ា​
 ​គង់ សភា​
 ​សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com