ជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើអភិបាលខេត្ត៤នៅតំបន់សមុទ្រឲ្យពង្រឹងការការពារព្រៃកោងកាង លោក វេង សាខុន ស្នើទៅអភិបាលខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ពង្រឹងការការពារព្រៃកោងកាង
× សកម្មភាពឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកដីធ្វើលំនៅដ្ឋាន ការហ៊ុមព័ន្ធដីព្រៃកោងកាងទុកជាកម្មសិទ្ធិ និងការចេញបណ្ណកម្មសិទ្ធិកាន់កាប់ កើតមានជាបន្តបន្ទាប់ ដែលនេះជាក្តីកង្វល់ដ៏ធំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងលិខិតចុះពីថ្ងៃទី១៩ ខែវិច្ឆិកា លោក វេង សាខុន បានស្នើទៅអភិបាលខេត្តកែប កំពត ព្រះសីហនុ និងកោះកុង ឲ្យជួយជំរុញការគ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាងក្នុងភូមិខេត្តតំបន់សមុទ្រទាំង៤នោះ ដោយលោកបានលើកឡើងពីលិខិតលេខ៧៩៩ ស.ជ.ណ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដែលរដ្ឋាភិបាលបាននិរាករណ៍បណ្ណកម្មសិទ្ធិមួយចំនួនពាក់ព័ន្ធនឹងព្រៃកោងកាង។
រដ្ឋមន្ត្រីកសិកម្ម បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនដែលកើតឡើងវិញគួរឲ្យកត់សម្គាល់ ក្នុងនោះការចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីព្រៃកោងកាងក្នុងកន្លែងសហគមន៍នេសាទជាច្រើនកន្លែង ជាពិសេសក្នុងខេត្តព្រះសីហនុ។
លោក វេង សាខុន បានរំលឹកប្រាប់អភិបាលខេត្តទាំង៤ថា ព្រៃលិចទឹក និងព្រៃកោងកាងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ដូចនេះការឈូសឆាយ ការកាប់ទន្ទ្រាន ការចាក់ដីលុប ការរានយកធ្វើលំនៅដ្ឋាន ការហ៊ុមព័ទ្ធទុកធ្វើកម្មសិទ្ធិក្នុងដែននេសាទ ត្រូវបានហាមឃាត់ ដោយយោងតាមច្បាប់ស្តីពីជលផល។
«ដូចនេះដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត យកចិត្តទុកដាក់គ្រប់គ្រង ថែរក្សា និងការពារព្រៃកោងកាង ដែលស្ថិតក្នុងដែនសមត្ថកិច្ចខេត្តនីមួយៗ ក្នុងនាមជាអាជ្ញាធរគ្រប់គ្រងដីរដ្ឋ»។ លោក វេង សាខុន បានស្នើយ៉ាងដូច្នេះក្នុងលិខិតរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com