ជាតិ
បុណ្យអុំទូក
រថយន្ត
ហាម​រថយន្ត​ធុន​ធំ និង​ម៉ូតូ​សណ្តោង​ ចរាចរ​ក្នុង​រាជធានី​ពីថ្ងៃ​ទី​២០-២៤​វិច្ឆិកា​
19, Nov 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖  រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ហាម​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ នាឱកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​។ ការហាម​នេះ នឹង​អនុវត្តន៍​ឡើង​ចាប់ពី​ថ្ងៃទី​២០-២៤​វិច្ឆិកា​។

 
​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦​វិច្ឆិកា រថយន្ត​ធុន​ធំ រថយន្ត​ដឹកទំនិញ និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ដែល​ធ្វើចរាចរ​តាម​ជាតិ​លេខ​មួយចំនួន ឆ្លងកាត់​ភ្នំពេញ ត្រូវបាន​ហាម ឬ​បង្វែរ​ទិស​ផ្សេង និង​ចូល​ចត​នៅ​កន្លែង​ណាមួយ​។  
 
​សម្រាប់​ការ​ដំណើរ​ធ្វើតាម​ជាតិ​លេខ​១​ត្រូវ​ចត​ក្នុង​បរិវេណ​វត្ត​និរោធ​រង្សី  និង​ចត​ផ្សារ​ច្បារអំពៅ និង​ចត​តាម​បណ្តា​យ​ផ្លូវ​៣៦៩​។ 
 
​ផ្លូវជាតិ​លេខ​២ ត្រូវ​ចូល​ចត​ចំណត​ចាក់អង្រែ​ក្រោម ក្នុង​បរិវេណ​អនុវិទ្យាល័យ​ចាក់អង្រែ និង​ផ្លូវជាតិ​លេខ​៣-៤ ដែល​ត្រូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ភាគ​ពាយ័ព្យ និង​ឦសាន ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ ទៅ​ផ្លូវជាតិ​លេខ​៥ ឬ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​។ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹកទំនិញ ចត​នៅ​ចោមចៅ​។ ដោយឡែក រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ត្រូវ​ចត​មិន​ឲ្យ​ហួស​ស្តុ​បណត​ប្រ៊ី​ត​ឡើយ​។ 
 
​សម្រាប់​រថយន្ត​ធុន​ធំ ធ្វើដំណើរ​ផ្លូវជាតិ​លេខ​៥  ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​តាម​ទំ​បន់​កប់​ស្រូវ ឬ​ចត​នៅ​រថយន្ត​នៅ​គីឡូម៉ែត្រ​លេខ​៩​។ រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ត្រូវ​ចត​នៅ​សាលា​ដែក​។​
 
​រថយន្ត​ធុន​ធំ ធ្វើដំណើរ​ផ្លូវជាតិ​លេខ​៦ ត្រូវ​បង្វែរ​ទិស​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ តាមផ្លូវ​ទំនប់​កប់​ស្រូវ ឬ​ចត​រថយន្ត​នៅ​ព្រែកលៀប​។ រថយន្ត​ដឹក​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ចត​នៅ​ទីតាំង​តំបន់​អភិវឌ្ឍ​OCIC​។ 
 
​រថយន្ត​ធុន​ធំ ធ្វើដំណើរ​តាមផ្លូវ​លេខ​២៧១, ៣៧១ ត្រូវ​ចត​នៅ​ខាងត្បូង​ស្ពាន​ម័ល និង​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ដឹក​អ្នកដំណើរ​ចូលរួម​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ត និង​សំពះ​ព្រះ​ខែ អកអំបុក ត្រូវ​ឈប់​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់ និង​ចត​តាម​បណ្តា​យ​ផ្លូវ​៦០​ម៉ែត្រ​។  រថយន្ត​ធុន​ធំ និង​ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក​គ្រប់​ប្រភេទ ធ្វើដំណើរ​ពី​ចោមចៅ ចូល​តាម​មហា​វ​ថី​សម្តេច​មុនី​រ៉េត  ត្រូវ​ចត​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ​។ 
 
​ចំពោះ​រថយន្ត ម៉ូតូ​សណ្តោង​រ៉ុ​ម៉ក ដឹក​អ្នកដំណើរ​ចូល​ពិធី​បុណ្យអុំទូក តាមផ្លូវ​៥៩៨ និង​មហាវិថី​ឧ​ញ្ញ៉ា ម៉ុង ឬ​ទ្ធី ត្រូវ​បង្វែរ​ចូល​តាមផ្លូវ​តូចៗ មិន​ឲ្យ​ចូល​ហួស​មហាវិថី គីម អ៊ិ​ល​ស៊ុ​ង និង​ចត​នៅ​បឹងកក់​។​
 
​ការ​បង្វែរ​ទិស​ចរាចរ និង​ចំណត​យានយន្ត ខាងលើ នឹងមាន​ការចូល​អនុ​វត្ត៍​ដោយ ស្នងការ​នគរបាល និង បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  រដ្ឋបាល​ខណ្ឌ​ទាំង​១២  មន្ទីរ​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញា​ពាក់ព័ន្ធ​។ នេះ​បើ​សេចក្តីជូនដំណឹង​ខាងលើ​៕ 
 

Tag:
 អុំទូក​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com