កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao តទល់​ជាមួយ Broner ដើម្បី​ការពារ​ខ្សែក្រវាត់ WBA ថ្ងៃទី​១៩ ខែមករា​
20, Nov 2018 , 1:45 pm        
រូបភាព
​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​ថា​នឹង​ឡើង​វាយ​ជាមួយ​កីឡាករ​អាមេរិក Adrien Broner ដើម្បី​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA របស់ខ្លួន នៅ​សង្វៀន MGM Grand Garden Arena បន្ទាប់ពី​អវត្តមាន​រយៈពេល​ពីរ​ឆ្នាំ​ក្នុងការ​បង្ហាញខ្លួន​នៅ​ទឹកដី​អាមេរិក​។​


 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅឯ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ក្រុមមន្ត្រី​ចាត់ចែង​ការប្រកួត​កីឡា​ប្រដាល់សកល​បញ្ជាក់​ថា Pacquaio ដែល​បច្ចុប្បន្ន​អាយុ ៣៩ ឆ្នាំ​នឹង​តទល់​ជាមួយ Broner នៅ​ក្រុង Las Vegas សហរដ្ឋអាមេរិក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​។​
 
Pacquiao ជា​ជើងឯក​ទម្ងន់​មធ្យម​របស់​សមាគម​កីឡាប្រដាល់​ពិភពលោក WBA ក្រោយ​ផ្តួល​កីឡាករ Lucas Matthysse របស់​អា​ហ្ស​ង់​ទីន​កាលពី​ខែកក្កដា​កន្លងទៅ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។​


 
​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​រូបនេះ​ថា​៖«​ខ្ញុំ​បាន​ខកខាន​ប្រយុទ្ធ​នៅ Las Vegas មួយ​រយៈពេល​មកហើយ វា​ជា​ផ្ទះ​ទី​ពីរ​របស់ខ្ញុំ​។ ការវិលត្រឡប់​ទៅកាន់​សង្វៀន MGM Grand Garden Arena ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្ញុំ​ទល់នឹង Adrien Broner គឺជា​វិធី​ដ៏​គួរ​ឲ្យ​រំភើប​មួយ​ដើម្បី​រៀបចំ​ការវិលត្រឡប់​នេះ​»​។​
 
Pacquiao មាន​ប្រវត្តិ​ប្រកួត​ឈ្នះ ៦០​ដង ចាញ់​៧ និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៩ លើក​ក្នុង​អាជីព​ជា​កីឡាប្រដាល់​ចាប់តាំងពី​ឆ្នាំ ១៩៩៥​។ ចំណែក​កីឡាករ​អាមេរិក Broner វ័យ​២៩​ឆ្នាំ ធ្លាប់​ប្រកួត​៣៨​ដង ឈ្នះ​៣៣ ចាញ់​៣ និង​ស្មើ​ម្តង និង​ផ្តួល​ដៃគូ​មិន​ឲ្រ​តដៃ​រួច​២៤​លើក​។​៕
 

Tag:
 ប្រដាល់​
  WBA
  Adrien Broner
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com