បុណ្យអុំទូក​៖​គណៈកម្មការ​រៀបចំ​បុណ្យជាតិ ត្រៀម​កាណូត​៣​គ្រឿង ទុក​សង្គ្រោះ​ករណី​លិច​ទូក​
ជាតិ
សង្គមជាតិ
បុណ្យអុំទូក​៖​គណៈកម្មការ​រៀបចំ​បុណ្យជាតិ ត្រៀម​កាណូត​៣​គ្រឿង ទុក​សង្គ្រោះ​ករណី​លិច​ទូក​
20, Nov 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ការ​លិច​ទូក​កើត​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ពិធីបុណ្យ​អុំទូក​។ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត ដោយសារ​លិច​ទូក​ក្នុងពេល​ប្រណាំង ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​រៀបចំ​ពិធីបុណ្យ​ជាតិ លោក ប៊ូ ជុំ​សេរី បានរៀបចំ​កាណូត​៣​គ្រឿង រួចជាស្រេច សម្រាប់​សង្គ្រោះ បើ​មាន​ករណី​លិច​ទូក ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​។​


 
​កាណូត​៣​គ្រឿង​នេះ ត្រូវបាន​កងកម្លាំង​ក​ង​ទ័ពជើងទឹក​ដាក់​ច​ត​នៅ​ត្រើយ​ខាងកើត​ផង និង​ត្រើយ​ខាងលិច​ផង​នៃ​ទន្លេចតុមុខ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​អ្នក​ប្រណាំងទូក​«​ង​»​ឲ្យ​ទាន់ពេលវេលា ក្នុងករណី​លិច​ទូក ក្នុងអំឡុងពេល​អុំទូក​។ ក្រៅតែពី​កាណូត​៣​គ្រឿង​នេះ ក្រសួងសុខាភិបាល និង​នគរបាល ក៏បាន​ត្រៀម​កាណូត​រៀងៗ​ខ្លួន សម្រាប់​ជួយសង្គ្រោះ​កីឡាករ​អុំទូក​ផងដែរ​។

នេះ​បើតាម​លោក ប៊ូ ជុំ​សេរី ដែល​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​មិនមែន​មានតែ​កាណូត​៣​គ្រឿង​នោះទេ ខាង​ពេទ្យ និង​ខាង​ប៉ូលិស ក៏មាន​កាណូត​របស់គេ​រៀងៗ​ខ្លួន សម្រាប់​ជួយសង្គ្រោះ​ដែរ​»​។ 
 
​លោក ប៊ូ ជុំ​សេរី ទទួលស្គាល់ថា ករណី​លិច​ទូក តែង​កើតឡើង​រៀងរាល់ឆ្នាំ  ដូច្នេះហើយ​បានជា គណៈកម្មការ​ទូក តែង​ជ្រើសរើស​អ្នក​ដែល​ចេះ​ហែល​ទឹក មក​អុំទូក​។ យ៉ាងណាក៏ដោយ លោក ជុំ​សេរី អះអាងថា​ករណី​លិច​ទូក​កន្លងមក មិនបាន​បង្ក​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​នោះទេ លើកលែងតែ​អ្នក​អុំ​នោះ ជួប​គ្រោះថ្នាក់​ដោយសារ​ចូល​ក្រោម​កំពុងផែ និង​សា​ឡុង​ជាដើម​។​
 
​សូម​រម្លឹកថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ មាន​ទូក​ចំនួន​៣ លិច​ទូក​ក្នុងពេល​ប្រណាំង តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ដោយសារ​មាន​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​
 
​សូម​ជម្រាប​ផងដែរ​ថា ឆ្នាំនេះ​មាន​ទូក​«​ង​» ដែល​ចូលរួម​ប្រណាំង​ប្រមាណ​ជិត​៣០០​ទូក ខណៈ​កាលពី​ឆ្នាំ​២០១៧ មានតែ​២៧០​ទូក​ចូលរួម​ប៉ុណ្ណោះ​៕
 

Tag:
 អុំទូក​
 ​កាណូត​
 ​ប៊ូ ជុំ​សេរី​
© រក្សាសិទ្ធិដោយ thmeythmey.com