អន្តរជាតិ
លោក Imran Khan ប្រតិកម្ម​នៅ​នឹង​ការរិះគន់​របស់លោក Trump ចំពោះ​កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​ប៉ា​គី​ស្ថាន​
20, Nov 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan កាលពី​ថ្ងៃ​ចន្ទ​បាន​រិះគន់​យ៉ាងខ្លាំង​លើ​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​ចោទសួរ​ទៅលើ​កិច្ចប្រឹងប្រែង​របស់​ទីភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​ប៉ា​គី​ស្ថាន ដោយ​លោកនាយក​រដ្ឋមន្ត្រី Imran Khan បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើ​ឲ្យ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ក្លាយជា​ជនរងគ្រោះ​ចំពោះ​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

 
​តាមរយៈ​បទសម្ភាសន៍​នៅក្នុង​ទូរទស្សន៍ Fox News កាលពី​ថ្ងៃអាទិត្យ លោក Trump បាន​និយាយ​ការពារ​ការសម្រេចចិត្ត​របស់លោក​ក្នុង​ការដក​ថវិកា​រាប់រយ​លាន​ដុល្លារ​ពី​ជំនួយ​យោធា​សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​លោក​បាន​និយាយថា ប្រទេស​ប៉ា​គី​ស្ថាន​មិនបាន​ធ្វើ​អ្វីមួយ​សម្រាប់​សហរដ្ឋអាមេរិក​នោះទេ​។​
 
​លោក​ប្រធានាធិបតី​បាន​ចោទប្រកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ថា បានផ្តល់​ទីជម្រក​លាក់ខ្លួន​ដល់​មេដឹកនាំ​ក្រុម al-Qaida Osama bin Laden នៅមុន​ពេលដែល​មេដឹកនាំ​រូបនេះ​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​ពិសេស​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១១ នៅ​អំឡុងពេល​នៃ​ការ​វាយឆ្មក់​ដោយ​ឧទ្ធម្ភាគចក្រ​របស់​កង​កម្លាំង​ពិសេស​នៅក្នុង​ប្រទេស​នេះ​។​
 
​លោក Khan បាន​ច្រាន​ចោលការ​ប្រ​ចោទប្រកាន់​របស់លោក Trump ដោយ​លោក​បាន​បង្ហោះ​សារ​តាម twitter ជា​បន្តបន្ទាប់​ថា ប្រទេស​ប៉ា​គី​ស្ថាន​បាន​ចូលរួម​នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ជាមួយ​សហរដ្ឋអាមេរិក បើទោះបីជា​ប៉ា​គី​ស្ថាន​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០០១​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ​។ លោក Khan បានបញ្ជាក់​បន្ថែមថា​ប្រទេស​ប៉ា​គី​ស្ថាន​បាន​បាត់បង់​ជីវិត​មនុស្ស​៧៥០០០​នាក់​នៅក្នុង​សង្គ្រាម ហើយ​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​បាន​ធ្លាក់ចុះ​ជាង​១២៣​ពាន់​លាន​ដុល្លារ​។ លោក​បាន​និយាយ​បន្ថែមទៀតថា ជំនួយ​របស់​អាមេរិក​ចំនួន​២០​ពាន់​លាន​ដុល្លារ​នេះ​គឺជា​ចំនួន​តិចតួច​បំផុត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com