ជាតិ
ប្រាក់ខែគ្រូបង្រៀន នឹងដំឡើងដល់១,២លានរៀល នាខែមេសា ឆ្នាំ២០១៩ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសូងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ ប្រាក់បៀវត្សគ្រូបង្រៀន នឹងដំឡើងដល់១,២លានរៀល នៅខែមេសា ឆ្នាំ២០១៩។ នេះជាការលើកឡើងរបស់ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះអ្នកសារព័ត៌មាន ក្រោយបញ្ចាប់កិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៅរដ្ឋសភា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។
លោក ហង់ ជួន ណារ៉ុន បានឲ្យដឹងថា រដ្ឋសភាបានអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៩ ដោយក្នុងនោះវិស័យអប់រំយើងទទួលបាន ៧៣៧លានដុលារ ស្មើនឹង១៧,៥ភាគរយនៃថវិកាជាតិសរុប។
រដ្ឋមន្ត្រីអប់រំ បានបញ្ជាក់ថា៖ «ក្នុងចំនួនថវិកាដែលសភាបានអនុម័តនេះ មាន៨០ភាគរយ គឺជាប្រាក់បៀវត្ស នោះមានន័យថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលបានបង្កើន ជិត៣ដងនៃប្រាក់បៀវត្សគ្រូបង្រៀន។ ហើយយើងនឹងបង្កើនប្រាក់បៀវត្សគ្រូបង្រៀននេះ ពី១លាន ១សែនរៀល នាពេលបច្ចុប្បន្ន ទៅដល់១លាន ២សែនរៀល ក្នុងខែមេសា ឆ្នាំ២០១៩»។
រដ្ឋមន្រី្តអប់រំរូបនេះ បានបន្តថា ក្រៅពីដំឡើងប្រាក់បៀវត្ស ក្រសួងនឹងផ្តោតទៅលើការបណ្តុះបណ្តាលគ្រូ តាមរយៈការធ្វើកំណែទម្រង់គ្រូបង្រៀន ,ការពិនិត្យឡើងវិញនូវកម្មវិធិសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងកែលម្អវិធីសាស្ត្របង្រៀន ដោយធ្វើយ៉ាងណាឲ្យការបណ្តុះបណ្តាលគ្រូនេះ មានគុណភាពខ្ពស់។ នេះជាអាទិភាពទី១។
ចំណែកអាទិភាពទី២ គឺការចុះទៅជួយគាំទ្រ ក្នុងការគ្រប់គ្រងសាលារៀន ដើម្បីឲ្យការបង្រៀន កាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសបន្តការអនុវត្ត និងពង្រឹងការកំណែទម្រង់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងយុគបដិវត្តព័ត៌មានវិទ្យានេះ។ ដោយឡែកអាទិភាពទី៣ គឺកំណែទម្រងឧត្តមសិក្សា៕
Tag:
អប់រំ
គ្រូបង្រៀន
ប្រាក់បៀវត្ស
ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com