ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យអុំទូក
ជាង​៖ ទូកង​មួយ មានតម្លៃ​ដល់​ទៅ​ជាង​១​ម៉ឺន​ដុល្លារ តែ​មិនសូវ​ចំណេញ​ទេ​
22, Nov 2018 , 7:59 am        
រូបភាព
កូនជាងម្នាក់របស់លោក ទ្រី ប៊ុនហួរ កំពុងឆ្លាក់ក្បាច់លើទូកង
កូនជាងម្នាក់របស់លោក ទ្រី ប៊ុនហួរ កំពុងឆ្លាក់ក្បាច់លើទូកង
​ទូកង​មួយ អាចធ្វើ​រួចរាល់​ក្នុង​រយៈពេល​ជិត​មួយខែ ដោយ​អាចមាន​តម្លៃ​ប្រមាណ​១២០០០​ដុល្លារ ឬក៏​អាច​ថ្លៃ​-​ថោក​ជាង​នេះ​បន្តិច ទៅតាម​ទំហំ​ទូក​ជាក់ស្ដែង​។ នេះ​បើតាម​លោក ទ្រី ប៊ុនហួរ ដែល​ប្រកបមុខរបរ​ជាជាង​ធ្វើ​ទូកង អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។


 
​លោក ទ្រី ប៊ុនហួរ ដែល​រស់នៅក្នុង ភូមិ​អ​ញ្ជែ​ង ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​លើកឡើងថា ថ្វីដ្បិតតែ​ទទួលបាន​តម្លៃ​ថ្លៃ​ជាង​មុន​ក្តី ប៉ុន្តែ​បញ្ហាលំបាក​នៅតែ​ជួបប្រទះ ដូចជា​ជួប​គ្រោះថ្នាក់​ពេល​ស្វែងរក​ឈើ និង​ចំណាយពេល​ច្រើន​ព្រោះ​មិនសូវ​សម្បូរ​ឈើ​គគីរ​ដូច​ពីមុន​។ គិត​តាំងពី​ចាប់​អាជីប​ជាជាង​ទូក​មកដល់​បច្ចុប្បន្ន​លោក​ធ្វើ​ទូកង​ប្រភេទ​វែង​បាន​ជាង​៣០០​ហើយ ដោយ​មិន​គិត​ទូក​ធម្មតា​។​
 
​ជាង​ធ្វើ​ទូកង​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា​៖«​ធ្វើ​ទូក​មួយ មិន​ស្រួល​ទេ​។ អ្នកខ្លះ​ថា​បាន​មួយ​ថ្លៃ តែបើ​ឃើញ​ពេល​ទៅយក​បាន​វេទនា ទាញ​ទម្រាំ​បាន​មួយ​ដើៗ មិនមែន​ងាយ​ទេ​។ បើ​ខែ​ភ្លៀង​មនុស្ស​លិច​ក្នុង​ភក់ ក្នុងព្រៃ​ជ្រៅ​ណាស់ អារឈើ មិន​ស្រួល​ពេល​រលំ​មក​កិន​មនុស្ស​ស្លាប់​ក៏មាន ធ្លាប់មាន​អ្នកស្លាប់​ពីរ ទៅ​បីនាក់​ហើយ តែ​ក្រុម​ខ្ញុំ​មិនដែល​ជួប​ទេ​»​។​


 
​លោក ទ្រី ប៊ុនហួរ ដែល​កំពុង​ឈរ​មើល​កូនជាង​ធ្វើ​ទូកង​ថ្មី បាន​បន្ត​បែបនេះ​ថា​៖«​ការធ្វើ​ទូក​ឥឡូវ​ស្រួល​ជាង​ពេលមុន​ឆ្ងាយ​ណាស់​។ ពីមុន​ធ្វើ​ដោយ​ដៃ​ទាំងអស់ ប្រើតែ កាំបិត រណារ ពូថៅ ពន្លាក តែ​ឥឡូវ ប្រើ​សុទ្ធតែ​គ្រឿងយន្ត រណារយន្ត ចំណាយពេល​១​ខែ ឬ​២៨​ថ្ងៃ គឺ​រួចហើយ​។ ពេលមុន​ជាង​៣​ខែ​បាន​ហើយ តម្លៃ​ក៏​ខុសគ្នា​ដែរ ពីមុន ២ ទៅ ៣ តម្លឹង​មាស​។ ចំពោះ​សព្វថ្ងៃ​ជាង​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក៏​ពុំ​សូវ​ចំណេញ​ដែរ​»​។  
 
​ជាង​ធ្វើ​ទូកង​ជាង​៣០​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ធ្វើ​ទូក​មួយ​បាន​ត្រូវគោរព​តាមច្បាប់ មិនមែន​ចេះតែធ្វើ​នោះទេ​។ លោក បន្ថែមថា អាច​ធ្វើបាន​ទាល់តែ​បាន​សុំច្បាប់​ត្រឹមត្រូវ​។ 
​លោក និយាយទៀតថា​៖«​ពេល​បាន​លិខិតអនុញ្ញាត​ទើប​ខ្ញុំ​អាច​ទៅរក​ឈើ មិនមែន​ចេះតែ​កាប់​ផ្ដេសផ្ដាស​ទេ​។ ទាល់តែ​មានច្បាប់ មេព្រៃ​ទៅ​មើល​ត្រឹមត្រូវ តាំងពី​ថ្នាក់​ក្រសួង អភិបាលខេត្ត សុំ​មន្ត្រី​បរិស្ថាន គេ​អនុញ្ញាត​បាន​មាន​សិទ្ធិ​កាប់ »​។ 
 
​លោក​ឲ្យ​ដឹង​បន្ថែមថា សព្វថ្ងៃ​ដើម​គគីរ​មានតែ​នៅ​ខេត្តព្រះវិហារ​។ ឈើ​គគីរ​មួយ​ដើម ត្រូវ​ទិញ​ក្នុងតម្លៃ​១​ពាន់​ដុល្លារ ពី​អ្នករស់នៅ​ទីនោះ ព្រោះ​អ្នក​ដែល​រស់នៅ​ទីនោះ គេ​ដឹង​កន្លែង​ដែលមាន​ដើម​គគីរ​។ លោក ត្រូវ​ចំណាយលុយ​ប្រហែល​៣​ពាន់​ដុល្លារ​ក្នុង​ការទិញ​ឈើ និង​ចំណាយពេល​ទៅ​កាប់​។ 


 
​លោក និយាយ​បែបនេះ​ថា​៖«​អាជ្ញាធរ​មិន​យកលុយ​ទេ តែ​ម្ចាស់​ស្រុក​គេ​ជា​អ្នក​រកឃើញ បើ​មិន​អ៊ីចឹង​យើង​រក​មិនឃើញ​ទេ​។ ខ្ញុំ​ទៅរ​ង្វេ​ង​ពីរ​-​បី​ដង​ហើយ ដូច្នេះ​ត្រូវ​ឲ្យ​ម្ខា​ស់​ស្រុក​ជូន​ទៅរក និង​ជួយ​នាំ​ផ្លូវ​ចូលទៅ​ដើម្បី​ដឹកឈើ​ចេញមក​វិញ​»​។ 
 
​លោក លើកឡើងថា ជីវិត​អ្នកធ្វើ​ទូក​គឺ​ផ្សងព្រេង​ណាស់ ត្រូវ​ទៅ​កាប់​ឈើ​នៅក្នុង​ព្រៃ​ជ្រៅ ពេលខ្លះ​ជួប​គ្រោះថ្នាក់​ដល់​ជីវិត​។ វត្ត​ជា​កន្លែង​ថែរក្សា​ទូក ក្រោយ​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​៕ 

Tag:
 ​អុំទូក​
  តម្លៃ​ទូកង
© រក្សាសិទ្ធិដោយ thmeythmey.com