ជាតិ
បុណ្យអុំទូក
មេជាងធ្វើទូក«ង»វែងជាងគេ៖«ខ្ញុំចាប់អាជីពនេះ ព្រោះចង់បង្ហាញថ្វីដៃ ដែលបានរៀនពីចាស់ៗជំនាន់មុន» លោក គី ឡេង មេជាងធ្វើទូក«ង» របស់កម្ពុជា ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក ជាងគេ
× ភ្នំពេញ៖ ទូក«ង»វែងជាងគេរបស់កម្ពុជា ទើបតែបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោកកាលពីពេលថ្មីៗនេះ។ លោក គា ឡេង និងកូនជាងចំណានៗប្រមាណ១០នាក់ទៀត ជាអ្នករចនា និងផលិតទូក«ង» វែងជាងគេនេះឡើង។ លោក គា ឡេង ដែលមានពិសោធន៍ធ្វើទូកជាង២០ឆ្នាំមកហើយនោះ បញ្ជាក់ថាខ្លួន និងកូនជាងទាំងអស់ ពិតជាមោទកភាពយ៉ាងខ្លាំង ដែលទូក«ង»ក្រោមថ្វីដៃក្រុមខ្លួនបានទទួលងារជាងទូក«ង»វែងជាងគេលើពិភពលោកនាពេលនេះ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គា ឡេង បានរំឮកមូលហេតុដែលលោកចាប់ផ្តើមអាជីពជាអ្នកធ្វើទូកនេះ ព្រោះតែលោកស្រឡាញ់ និងចូលចិត្ត។ ជាពិសេស គឺចង់បង្ហាញថ្វីដៃ ដែលខ្លួនបានរៀនចេះពីអ្នកជំនាន់មុន។
ទូក«ង»វែងជាងគេរបស់កម្ពុជា ដែលបានជាប់កំណត់ត្រាឯតទគ្គកម្មពិភពលោក ត្រូវបានផលិតឡើង ក្រោមសា្នដៃកីឡាករអុំទូកជាច្រើនរូបដែលសុទ្ធសឹងមានពិសោធន៍ច្រើនឆ្នាំ។ លោក គា ឡេង ជាមេជាងធ្វើទូកដ៏វែងនេះ។ លោកមានបទពិសោធន៍ធ្វើទូក«ង»នេះ ជាង២០ឆ្នាំមកហើយ។ បុរសវ័យ៥១ឆ្នាំរូបនេះ ក៏ជាកីឡាករផងដែរ ដែលទូករបស់គាត់តែងតែចូលរួមប្រណាំងនៅទន្លេចតុមុខ ជារៀងរាល់ឆ្នាំ។
លោក គា ឡេង ឲ្យដឹងថា លោកចាប់ផ្តើមធ្វើទូក ព្រមពេលជាមួយគ្នាដែលលោកចាប់ផ្តើមចូលរួមប្រកួតអុំទូកនៅទីក្រុងភ្នំពេញ ពោលគឺនៅគ្រាដែលលោកមានវ័យប្រមាណ២៨ឆ្នាំ។ ព្រោះតែស្រឡាញ់ និងចូលចិត្តទូក ទើបលោក គា ឡេង ចាប់អាជីពជាជាងធ្វើទូក។ ប៉ុន្តែហេតុផលដ៏សំខាន់មួយទៀតនោះ គឺលោកចង់បង្ហាញថ្វីដៃ ដែលលោកបានរៀនចេះពីមនុស្សចាស់ជំនាន់មុន។ «ហេតុផលចាប់យកអាជីពជាជាងទូកនេះ ដោយសារខ្ញុំស្រលាញ់ និងការចូលចិត្តទូក។ ម្យ៉ាងទៀត ខ្ញុំចង់បង្ហាញស្នាដៃរបស់ខ្ញុំដែលរៀនចេះពីមនុស្សចាស់ជំនាន់មុន តាមរយៈការប្រកបមុខរបរនេះឡើង»។
បុរសពាក់អាវខ្មៅ ជាមេជាងធ្វើទូក វែងជាងគេនៅលើពិភពលោក លោក គា ឡេង ស្ថិតនៅក្នុងពិធីអុំទូក នៅខេត្តពោធិ៍សាត់
មានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក គា ឡេង ដែលចេះធ្វើទូកជាង២០ឆ្នាំមកនេះ អះអាងថាភាគច្រើនលោកផលិតទូក«ង»វែង ដែលមានចំណុះកីឡាករពី៧៣ ទៅ៧៥នាក់។ លោក ឡេង ឲ្យដឹងទៀតថា ទូកវែងមួយត្រូវចំណាយថវិកាជាមធ្យម ១ម៉ឺនដុល្លារ និងចំណាយពេលធ្វើប្រមាណ១ខែ ដោយមានជាងធ្វើពី ៤ ទៅ៥នាក់។ តម្លៃ និងពេលវេលាទាំងនេះ មិនរាប់បញ្ចូល លើការឆ្លាក់ក្បាច់ និងការរចនារូប លើដងខ្លួនទូក ឬក្បាលទូកនោះទេ។ នេះបើតាមលោក គា ឡេង ដែលបញ្ជាក់ទៀតថា លោក ក៏បានធ្វើទូក សម្រាប់អ្នកនេសាទបានមួយចំនួនដែរ៕
Tag:
ទូក
កីឡាករ
គា ឡេង
កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com