ជាតិ
កម្ពុជា នឹងរង​ឥទ្ធិពល​ព្យុះ​ពីរ​ទៀត ពីថ្ងៃ​២៤​ដល់​២៦​វិច្ឆិកា
20, Nov 2018 , 6:21 pm        
រូបភាព
​រាជធានី​ភ្នំពេញ តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​ពី​តិច ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​២៤​ដល់​២៦​វិច្ឆិកា ដោយសារ​រង​ឥទ្ធិពល​របស់​ព្យុះ​ទី​២៨ និង​ទី​២៩​។ ខេត្ត​ទាំងនោះ មាន មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល  កំពង់ស្ពឺ តាកែវ និង​ពោធិ៍សាត់​។ នេះ​បើ​សេចក្តីជូនដំណឹង​របស់​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​២០​វិច្ឆិកា​។

 
​ការរង​ឥទ្ធិពល​នេះ ដោយសារ​អាកាសធាតុ និង​បាតុភូតធម្មជាតិ មាន​វិ​សម្ពាធ​២ បាន​កើតឡើង​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងកើត​នៃ​ប្រទេស​ហ្វីលីពីន​។ នៅ​ថ្ងៃទី​២១​វិច្ឆិកា វិ​សម្ពាធ​ទាំង​២​នេះ នឹង​វិ​វត្ត​ខ្លួន​ទៅជា​ព្យុះ​ទី​២៨-២៩ ដែល​មិនទាន់​មានឈ្មោះ​នៅឡើយ​។ 
 
​ឥទ្ធិពល​ព្យុះ​នេះ ក្រៅពី​ធ្វើ​ឲ្យ​រាជធានី និង​ខេត្ត​ខាងលើ មាន​ភ្លៀង​ធ្លាក់​ច្រើន  ក៏មាន​ខេត្តបាត់ដំបង សៀមរាប  និង​បន្ទាយមានជ័យ មាន​ភ្លៀង​ធា្ល​ក់ ពី​តិច​ទៅ​បង្គួរ នៅ​ថ្ងៃទី​២៥-២៦ វិច្ឆិកា​។ ជាមួយគ្នានេះ តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ​នឹងមាន​ភ្លៀង​ធា្ល​ក់​ជាមួយ​ខ្យល់​បក់បោក​យ៉ាងខ្លាំង ដោយមាន​រលក​សមុទ្រ​ខ្ពស់ៗ ផងដែរ​។ 
 
​ដោយឡែក រាជធានី​-​ខេត្ត​នៅ​តំបន់​វាលទំនាប​ប៉ែក​ខាងត្បូង និង​ខេត្ត​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម នឹងមាន​ភ្លៀង​ធា្ល​ក់​ច្រើន​ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ខ្លី​។ 
​ក្រសួង​ធនធានទឹក បាន​ផ្តាំ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​មាត់សមុទ្រ​ទាំងអស់ បង្កើន​ការ​ប្រុង​ប​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​ពី​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​បង្កឡើង​ជាយ​ថា​ហេតុ​៕

Tag:
 ព្យុះ​
  ភ្លើង​
  តំបន់​មាត់សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com