ជាតិ
សង្គមជាតិ
គ្រាន់តែ​ក្រុមហ៊ុន​មួយ អាជ្ញាធរ​រឹបអូស​ឱសថ​នាំចូល​ខុសច្បាប់ ជិត​៤០​តោន !
20, Nov 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប និង​រឹបអូស​ឱសថ​នាំចូល​ខុសច្បាប់​ចំនួន​៧៥០០​កេស ដែលមាន​ទម្ងន់​ជិត​៤០​តោន​។  ឱសថ​នាំចូល​ទាំងនេះ គ្មាន​បញ្ជិកា​២៤​មុខ ឱសថ​គ្មាន​បរិយាយ​ប័ណ្ណ​ជា​ភាសា​ខ្មែរ ១៣៨​មុខ និង​ឱសថ​ហួស​សុពលភាព​ប្រើប្រាស់​៣៦​មុខ​។

 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​២០ វិច្ឆិកា លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​និយាយថា ឱសថ​ទាំងនេះ  ត្រូវបាន​ប​ង្រា្ក​ប និង​រឹបអូស ពី​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខ​ប​ភើ​រេ​សិន ហ្វា​ម៉ា  ដែល​បាន​នាំចូល​ពី​បណ្តា​ប្រទេស​ផ្សេងៗ តាម​ច្រក​កំពង់ផែ​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​
 
​លោក មៀ​ច សុផាន់​ណា បាន​និយាយ​ដូច្នេះ​ថា​៖ «​ការនាំ​ចូល​នេះ អាច​បណ្តាលមកពី​ការឆ្លងកាត់​ការត្រួតពិនិត្យ​មិនបាន​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន ក៏​មិន​សុំ​បញ្ជិការ​នាំចូល និង​ចែកចាយ​ឱសថ​ពី​ក្រសួងសុខាភិបាល​ដែរ​។ បច្ចុប្បន្ន យើង​បាន​ឃាត់ខ្លួន​អ្នកគ្រប់គ្រង​មួយរូប​នៃ​ក្រុម​ហ៊ុ​នេះ ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ពាក់ព័ន្ធ​បន្ថែម ដើម្បី​ប​ញ្ចូ​ន​សំណុំរឿង​ទៅ​តុលាការ​»​។ 


 លោក មៀច សុផាន់ណា  ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
 
​បច្ចុប្បន្ន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ កំពុង​តាមដាន និង​ស៊ើបអង្កេត នៃ​ផលិតផល​ក្លែងក្លាយ និង​ហួស​សុពលភាព​រាប់សិប​ករណី​ផ្សេងៗ​ទៀត​។ ផលិតផល​ដែល​កំពុង​ស៊ើបអង្កេត  ក្រៅពី​ឱសថ​នេះ ក៏មាន​គ្រឿងសម្អាង អាហារ​បំប៉ន និង​ផលិតផល​ក្លែងក្លាយ​ជាច្រើន​មុខ​ទៀត​។ 
 
​សូម​រម្លឹកថា កាលពីដើម​ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប បទល្មើស​៤​ករណី និង​រឹបអូស​ផលិតផល​ក្លែងក្លាយ​សរុប​៨៨​តោន​៕ 

Tag:
 សង្គម​
  ឱសថ​
  ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com