ជាតិ
ពីនេះ ពីនោះ
កាំ និងក្រពះសត្វ «ប្រម៉ា» ជាឱសថ!
20, Nov 2018 , 7:06 pm        
រូបភាព
ដោយ: ថ្មីៗ
«ប្រម៉ា» គឺជាប្រភេទសត្វ ដែលមានជាមធ្យមរស់នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ក្រៅពីកម្ពុជា វារស់នៅគ្រប់ ប្រភេទព្រៃនៅតំបន់អាស៊ីអាគ្នេយ៍,កោះស៊ូមាត្រា និងកោះប័រណអូ។ សត្វ «ប្រម៉ា» ជាប្រភេទសត្វទទួលរងនូវគ្រោះថ្នាក់ ដូចជាការបាញ់ ដើម្បីយកសាច់បរិភោគ។ ចំណែកឯ កាំ និងក្រពះជាតម្រូវការខាងផ្នែកអាជីវកម្មដើម្បីធ្វើជាឱសថ។ សត្វ «ប្រម៉ា» ត្រូវបានចុះក្នុងបញ្ជីសៀវភៅក្រហមនៃអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅលើពិភពលោក។


 
សត្វ «ប្រម៉ា» រស់នៅក្នុងរូងដីនៃព្រៃគ្រប់ប្រភេទ និងក្បែរតំបន់កសិកម្ម។ សត្វ «ប្រម៉ា»  ជាប្រភេទសត្វ ដែលចិញ្ចឹមជីវិតដោយស៊ីផ្លែឈើជ្រុះពីដើម, ឬសឈើ, មើមរុក្ខជាតិ និងរុក្ខជាតិផ្សេងៗ។ ជាទូទៅវាជាប្រភេទសត្វចេញរកស៊ីនៅពេលយប់ និងសម្ងំ នៅក្នុងរូងនាពេលថ្ងៃ។  «ប្រហែលជាមកពីសត្វប្រម៉ាមានកាំសម្រាប់ការពារខ្លួនពីសត្រូវ និងសម្បូរចំណីស៊ី ទើបវាមានដង់ស៊ីតេរស់នៅច្រើនបង្គួរ នៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
ភិនភាគរបស់សត្វ «ប្រម៉ា» ជាសត្វកកេរធំមួយ ក្នុងចំណោម សត្វកកេរដទៃទៀត ដែលមានជើងមុខក្រោយខ្លីៗ និងម្រាមជើងធំខ្លី។ «ប្រម៉ា»  មានដងខ្លួនខ្លី, ត្រចៀកតូច និងកន្ទុយធំខ្លី ជាទូទៅ វាមានពណ៌ខ្មៅ មានដងខ្លួន និងកន្ទុយគ្របដណ្តប់ទៅដោយកាំរឹងវែងៗរាងដូចបន្លា។ ចាប់ពីក្បាលដល់ពាក់កណ្តាលនៃដងខ្លួន គ្របដណ្តប់ដោយកាំខ្លីៗ ដែលមានលក្ខណៈដូចរោម និងផ្នែកនៅសល់គ្របដណ្តប់ដោយកាំវែងៗ។
 
សត្វ «ប្រម៉ា» ភាគច្រើនមានពណ៌ខ្មៅនៅផ្នែកកណ្តាល ដោយឡែកខាងចុង និងគល់នៃកាំវិញមានពណ៌ស។ កាំកន្ទុយរបស់វាមានលក្ខណៈពិសេសម៉្យាង គឺខាងក្នុងកាំមានប្រហោង អាចបន្លឺសំឡេងបាននៅពេលវាអង្រួន។ ពេលមានការគំរាមកំហែង វាបំបាស់កាំរបស់វាឡើងលើ ដើម្បីការពារខ្លួន ចៀសផុតពីការយាយីពីសត្រូវ។ «ប្រម៉ា» មានទំហំដងខ្លួនធំជាងប្រមោញ តែមានកន្ទុយខ្លីជាង និងពុំមានកញ្ចុំនៅចុងកន្ទុយ ដូចប្រមោញទេ។
 
ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 
 

Tag:
 ប្រម៉ា
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com