ជាតិ
បុណ្យអុំទូក
អាជ្ញាធរ​ខេត្តសៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់​ក្នុង​ថ្ងៃបុណ្យ​អុំទូក​
21, Nov 2018 , 10:44 am        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដំណាលគ្នា​នឹង​រាជធានី​ភ្នំពេញ​ដែរ តែ​ធ្វើ​ត្រឹម​២​ថ្ងៃ​តែ​ប៉ុ​ណោះ គឺ​ពី​ថ្ងៃទី ២១ និង​២២ វិច្ចិកា​។ ដូច​រាល់ដង សំរាម​បាន​ក្លាយជា​បញ្ហា​ចោទ​នៅ​រាល់​ពិធី​ធំៗ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរខេត្ត​បាន​ត្រៀម​ធុងសំរាម​ជិត ១​ពាន់​ធុង ត្រៀម​ដាក់​តាម​គោលដៅ​នានា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។

 
​ក្នុងឱកាស​ចូលរួម​យុទ្ធនាការ​សៀមរាប​ស្អាត​ជានិច្ច ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២០ វិច្ឆិកា លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានឱ្យដឹងថា នៅ​ឆ្នាំនេះ​រដ្ឋបាល​របស់លោក​បានរៀបចំ​សកម្មភាព​ចំនួន ៣ ត្រៀម​ដោះស្រាយ​បញ្ហា​សំរាម​ឱ្យបាន​ប្រសើរ​ជាង​រាល់​ឆ្នាំ ក្នុងឱកាស​បុណ្យអុំទូក​នេះ​។ លោក​បន្តថា សកម្មភាព​ទាំងនោះ​រួមមាន ទី​១ បែងចែក​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣ ដាក់​តាម​គោលដៅ​សំខាន់ៗ ដូចជា​នៅ​សួនច្បារ​ព្រះរាជដំណាក់ ត្រើយ​ខាងកើត និង​ខាងលិច​ស្ទឹង​សៀមរាប ទី​២ ដាក់ពង្រាយ​ធុងសំរាម​ជិត ១​ពាន់​តាម​កន្លែង​ដែល​ងាយស្រួល​ក្នុងការ​ទុកដាក់ និង​ទី​បី ចុះ​ផ្សព្វផ្សាយ អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ពី​បញ្ហា​សំរាម និង​ឱ្យ​ពួកគេ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​
 
​ជាមួយគ្នានេះដែរ អភិបាលរង​ខេត្តសៀមរាប លោក ទៀ សីហា ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ សៀមរាប​ផ្ទះ​ស្អាត ដែរនោះ បាន​ហៅ​សកម្មភាព​នេះ​ថា ជា​យុទ្ធនាការ​យុវជន​រើស​សំរាម​។ លោក​ពន្យល់ថា គ្មាន​អ្វីដែល​ត្រូវ​ខ្មាស​ចំពោះ​រឿង​រើស​សំរាម​នេះ​ទេ ហើយ​ខេត្តសៀមរាប គួរ​ក្លាយជា​ទីក្រុង​គំរូ​ដែល​គ្មាន​សំរាម​នៅតាម​ផ្លូវ​សាធារណ ដ្បិត​ជា​ក្រុង​ទេសចរណ៍​ដ៏​មាន​សក្កា​នុព​ល​នៅ​ប្រទេស​កម្ពុជា​។​
 
​ក្រៅពីនោះ លោក​អភិបាលរង​ខេត្ត បាន​ប្រាប់​ដល់​យុវជន​ដែល​បាន​ចូលរួម​ទាំងអស់ ពេល​ត្រឡប់ទៅផ្ទះ​វិញ ជួយ​ផ្សព្វផ្សាយ​សកម្មភាព ការ​ទុកដាក់​សំរាម​ទៅ​ក្រុមគ្រួសារ​ខ្លួន ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។ លោក ទៀ សីហា បន្ថែមថា សំរាម​គួរតែ​នៅក្នុង​ធុងសំរាម មិនគួរ​ពាសវាល​ពាស​កាល​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com