ជាតិ
បុណ្យអុំទូក
សហភាព​អឺរ៉ុប ឧបត្ថម្ភ​ទូក​ចែវ​នារី​មួយគ្រឿង​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​
21, Nov 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ឧបត្ថម្ភ​ទូក​ចែវ​នារី​មួយគ្រឿង ដើម្បី​ចូលរួម​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨​នេះ​។ ជាការ​ឧបត្ថម្ភ​តាមរយៈ​ការផ្តល់​ជា​សម្ភារ និង​អាហារ សម្រាប់​ក្រុម​កីឡាករ​ទូក​ចែវ​នារី​ឈ្មោះ​«​ព្រះ​ពៃ​ស្រ​ពណ៌​» ដែលមាន​កីឡាករ​នារី​ចំនួន ៤២​នាក់ មកពី​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។ សហភាព​អឺរ៉ុប ក៏​ឧបត្ថម្ភ​ការ​ស្នាក់នៅ និង​ការហាត់​សម របស់​ទូក​ចែវ​នារី​«​ព្រះ​ពៃ​ស្រ​ពណ៌​»​មុនពេល​ចូល​ប្រណាំង​ផងដែរ​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។


 
​លោក George Edgar ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា សហភាព​អឺរ៉ុប មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ប្រពៃណី​វប្បធម៌​ដ៏​សំខាន់​នេះ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​នានា ដើម្បី​ឲ្យ​ស្ត្រី​នៅ​មូលដ្ឋាន​បាន​ចូលរួម​ការអភិវឌ្ឍ​ដើម្បី​ភាពស្មើគ្នា​ក្នុងសង្គម​។ លោក George Edgar បញ្ជាក់​ដូច្នេះ​៖«​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ នៅក្នុង​វប្បធម៌​កម្ពុជា ហេតុនេះ ព្រះរាជ​ពិធី​នេះ មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​យើង​នៅ​ឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះ ត្រូវបាន​ជ្រើសរើស​ជា​ឆ្នាំ​នៃ​កេរដំណែល​វប្បធម៌​អឺរ៉ុប​»​។​
 
 
​សហភាព​អឺរ៉ុប ក៏​ឆ្លៀត​យក​ឱកាស​នៃ​ការឧបត្ថម្ភ​ដ៏​ពិសេស​នេះ ផ្សព្វផ្សាយ​សារ​អំពី​អំពើហិង្សា​លើ​ស្ត្រី និង​កុមារី​ផងដែរ ដោយ​អាវយឺត​ដែល​ពាក់​ដោយ​កីឡាករ​នារី មាន​សារ​សរសេរថា «​និយាយថា ទេ ចំពោះ​អំពើហិង្សា​លើ​ស្ត្រី​»​។​
 
​បើតាម​ប្រកាស​ព័ត៌មាន​ដដែល សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មាន​មោទនភាព​គាំទ្រ​គម្រោង​នានា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​កម្ពុជា​។ គម្រោង​នានា ដែល​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប ចាប់ពី​វិស័យ​នេសាទ អប់រំ កសិកម្ម ការប្រែប្រួល​អាកាសធាតុ ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម រហូតដល់​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិមនុស្ស កំពុងតែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com