ជាតិ
បុណ្យអុំទូក
ទូក​«​ង​»​ដែល​ជាប់​កំណត់ត្រា​ពិភពលោក ធ្វើ​ពី​ឈើ​គគីរ​ដែលមាន​អាយុ​ជិត​១០០​ឆ្នាំ​
21, Nov 2018 , 8:59 pm        
រូបភាព
រូបភាពផ្តល់ដោយ លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯកទគ្គកម្មពិភលោក
រូបភាពផ្តល់ដោយ លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯកទគ្គកម្មពិភលោក
​ភ្នំពេញ​៖ ទូក​«​ង​» របស់​កម្ពុជា ឈ្មោះ​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​បាន​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ត្រូវបាន​សង់​ឡើង​ដោយ​ប្រើប្រាស់​ឈើ​គគីរ​សុទ្ធ​សរុប​៧​ដើម និង​ដែលមាន​អាយុ​ជិត​១០០​ឆ្នាំ​។ លោក គា ឡេង មេជាង​ធ្វើ​ទូក​«​ង​» វែង​ជាងគេ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ បើតាម​លោក គា ឡេង ឈើ​គគីរ​ចំណាស់​ជិត​១​សតវត្ស​ន៍​នេះ មាន​ប្រភព​នៅ​ទឹកដី​ខេត្តព្រះវិហារ​។


 
​លោក​រៀបរាប់​ពី​របៀប​ធ្វើ​ទូកវែង​ជាងគេ​នេះ​ដូច្នេះ​៖«​ប្រវែង​ទូកវែង​នេះ ត្រូវបាន​រៀបចំ និង​ត​ភា្ជ​ប់​គ្នា ដោយ​ប្រើ​ឈើ​គគីរ​ចំនួន​៣​ដើម ដែល​ប្រវែង​ពី​២៥ ទៅ​២៨​ម៉ែត្រ ដោយ​យកទៅ​ដុត​ក្នុង​ឡ​ភ្លើង តាំងពី​ព្រលប់​រហូតដល់​ព្រឹក រួចហើយ​ទុក​ឲ្យ​ត្រជាក់ ទើប​អាច​យកមក​ភ្ជាប់​គ្នា​បាន​។ គ្រាន់តែ​ត​ភ្ជាប់​ប្រវែង​ទូក​នេះ យើង​ចំណាយពេល​ជាង​ពីរ​សប្តាហ៍​។ រីឯ​ឈើ​គគីរ​៤​ដើម​ទៀត ប្រើ​សម្រាប់ធ្វើ​ក្តារ​លើក ក្តា​បាត់ កុង ក្រប ក្បាល រនាប សរសៃ និង​ឆ្អឹង​ពោះ និង​ផ្សេងៗ​ទៀត​»​។ 


រូបភាពពី លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯកទគ្គកម្មពិភលោក
 
​ការណ៍​ដែល​លោក ឡេង សម្រេចយក​ឈើ​គគីរ​ធ្វើ​ទូក​«​ង​»​នេះ ដោយសារ​ឈើ​គគីរ​ធន់​នឹង​ទឹក មិន​ងាយ​ពុក និង​រក្សា​បានយូរ ពោលគឺ​ទូក​ដែល​ធ្វើ​ពី​ឈើ​គគីរ​នេះ អាច​រក្សា​នូវ​រូបរាង​ដើម បាន​ពី​៥០ ទៅ​៦០​ឆ្នាំ បើ​មានការ​ថែទាំ និង​រក្សា​ទុកដាក់​បាន​ត្រឹមត្រូវ​។ ម្យ៉​ង​ទៀត នៅ​កម្ពុជា​បច្ចុប្បន្ន មាន​នៅសល់តែ​ឈើ​គគីរ​ទេ ដែលមាន​សាច់​ឈើ​ចាស់​ជាងគេ ពិសេស​ខេត្តព្រះវិហារ គឺ​សម្បូរ​ដើមឈើ​គគីរ​ធំៗ និង​មាន​វ័យ​ចំណាស់​ជាង​ខេត្ត​ដទៃ​។ ខណៈដែល​ខេត្តមណ្ឌលគិរី ក៏មាន​ឈើ​ប្រភេទ​នេះដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក គា ឡេង​។ 
 
​បើតាម​មេជាង​ដដែល ក្រុម​ជាង​របស់លោក​ក្នុងនោះ​មាន​ជាង​ស្នូល​១១​នាក់  បាន​ចំណាយពេល​១០៥​ថ្ងៃ​(៣​ខែ និង​១៥​ថ្ងៃ​) ក្នុងការ​ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​ទូកវែង​នេះ​។ រយៈពេល​១០៥​ថ្ងៃនេះ  គឺជា​ថ្ងៃ​ដែល​ធ្វើ​រូបរាង​ទូក​តែប៉ុណ្ណោះ មិនទាន់​គិតការ​ឆ្លាក់​ក្បាច់ ឬ​គូ​រូប និង​កិច្ចការ​ផ្សេងៗ​ទៀត ដែលមាន​ការចូលរួម​របស់​ជាង​ដទៃ និង​ប្រជាពលរដ្ឋ​ផង​។​


រូបភាពី​លោក ងិន​ បាណាល់  អនុប្រធាន
 
​សូម​រម្លឹកថា ទូក​«​ង​» ឈ្មោះ​«​កម្ពោជិក​បុត្តា​ខេមរា​តរី​»​នេះ ត្រូវបាន​តំណាង World Guinness Record ប្រកាសថា​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក កាល​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៨​។ ទូក​«​ង​»​នេះ ចំណាយ​ប្រាក់​ធ្វើ​អស់​ជិត​៥​ម៉ឺន​ដុល្លារ​។ ទូក​«​កម្ពោជិក​បុត្តា​ខេមរា​តរី​» មាន​ប្រវែង​៨៧.៣​ម៉ែត្រ ទទឹង​១.៩៤​ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ផ្ទុក​ចំណុះ​បាន ១៧៩​នាក់ ដែល​ត្រូវបាន​រចនា​ឡើង ដោយមាន​ក្បាលទូក​ជា​នាគ និង​កន្ទុយ​ហង្ស និង​មាន​ក្បូរក្បាច់​រចនា​ល្អ​ប្រណិត​៕
 

Tag:
 ទូក​
  ឈើ​
  គា ឡេង​
 ​ព្រះវិហារ​
  គគីរ​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com