កីឡាអន្តរជាតិ
អន្តរជាតិ
PSG បារម្ភ​ពីរ​បួស Neymar និង​Mbappe មុន​ប៉ះ Liverpool នៅ UCL
21, Nov 2018 , 4:39 pm        
រូបភាព
Neymar និង Kylian Mbappe សុទ្ធតែ​ទទួលរង​របួស​អំឡុង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ ដែល​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម Paris Saint-Germain នៅពេល​ទទួលភ្ញៀវ Liverpool នៅ​សប្តាហ៍​ក្រោយ​ក្នុង​ការប្រកួត UEFA Champions League និង​ជា​ជំនួប​សំខាន់​ដើម្បី​អាច​ឆ្លង​ផុត​ទៅ​វគ្គ​បន្ត​។​


 
​អ្នកគាំទ្រ​ដែល​បាន​ទិញ​សំបុត្រ​សម្រាប់​ការប្រកួត​មិ​ត្តិ​ភាព​អន្តរជាតិ​រវាង​ប្រេ​ស៊ី​ល និង​កា​មេ​រ៉ូ​ន​នៅ​កីឡាដ្ឋាន MK ដើម្បី​មើល Neymar នោះ ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ ដោយសារ​រូបគេ​មាន​បញ្ហា​របួស​ក្រលៀន និង​ត្រូវ​ដូរ​ចេញ​ក្រោយ​លេង​បានតែ​៨​នាទី និង​ជំនួស​ដោយ Richarlison​។ ខ្សែប្រយុទ្ធ​របស់ Everton រូបនេះ​ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​សាំ​បា​យកឈ្នះ​កា​មេ​រ៉ូ​ន ១-០​។​


 
​បញ្ហា​របួស​របស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Barcelona វ័យ​២៦​ឆ្នាំ ត្រូវបាន​ក្រុមគ្រូពេទ្យ​របស់​ប្រេ​ស៊ី​ល​អះអាងថា​កំពុង​តាមដាន​យ៉ាង​ដិតដល់​ពី​ស្ថានភាព​ជំងឺ ប៉ុន្តែ​ជាបឋម​វា​នៅ​មិនទាន់​ធ្ងន់ធ្ងរ​នោះទេ​។​
 
​ដោយឡែក​មិ​ត្តិ​រួម​ក្លិប PSG របស់ Neymar កីឡាករ​វ័យក្មេង​ឆ្នើម Mbappe ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​អ៊ុយ​រូ​ហ្គា​យ​ក្នុង​ទីក្រុង​ប៉ារីស​នោះ ក៏ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ទីលាន​ក្រោយ​លេង​បាន​៣៦​។ អតីត​ខ្សែប្រយុទ្ធ Monaco អាយុ​១៩​ឆ្នាំនេះ​បានទទួល​រងរបួស​ស្មា​ស្តាំ​នៅពេល​ប៉ះ​ទ​ង្គិ​ត​ជាមួយ​អ្នកចាំទី​របស់​អ៊ុយ​រូ​ហ្គា​យ​។​


 
​របួស​កំលាំង​សំខាន់​ទាំងពីរ​បានធ្វើ​ឲ្យ​ក្រុម​យក្ស​បារាំង​ព្រួយបារម្ភ​ខ្លាំង ដ្បិត​ត្រូវ​តទល់​ជាមួយ ហង្ស​ក្រហម ក្នុង​ក្របខណ្ឌ​ពាន​កំពូល​អឺរ៉ុប​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C នៅ​ថ្ងៃទី​២៩ ខែ​វិច្ចិកា​។ ក្នុងចំណោម​៤​ក្រុម​ក្នុង​ពូ​ល C នេះ PSG ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​បណ្តោះ​អាន្ន​មាន​៥​ពិន្ទុ​ដែលជា​តំបន់​ត្រូវ​កាត់ចេញ ខណៈ Liverpool ឈរ​លេខ​២ និង Napoli លេខ​១ មាន​៦​ពិន្ទុ​ដូចគ្នា ហើយ Red Star នៅ​បាត​តារាង​មាន​៤​ពិន្ទុ​។ ប៉ុន្តែ​ទាំង​៤​ក្រុម​នេះ​សុទ្ធតែ​អាចមាន​ឱកាស​ទៅ​វគ្គ​ខ្វែង​ដូចគ្នា​ព្រោះ​ដល់​សល់​២​ប្រកួត​ទៀត​ដើម្បី​កាត់សេចក្តី​៕

Tag:
 បាល់ទាត់​
  Paris Saint-Germain
  Kylian Mbappe
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com