ជាតិ
បុណ្យអុំទូក
សង្គមជាតិ
ចាស់ៗអាយុ៦២,៦៧,៦៨ឆ្នាំ មកមើលការប្រណាំងទូក«ង»មិនដែលខានឡើយ
× ភ្នំពេញ៖ ពិធីបុណ្យអុំទូក ប្រារព្ធឡើងជារៀងរាល់ឆ្នាំ មានមនុស្សជាច្រើនដែលមកពីបណ្តាខេត្ត និងភ្នំពេញ នាំគ្នាមកទស្សនាការប្រណាំងទូកង នៅទន្លេចតុមុខ។ ចាស់ៗ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅតែបន្តមកមើលការប្រណាំងទូកងមិនដែលខាន ដើម្បីគាំទ្រដល់កីឡាករអុំទូក និងមកដំណើរកម្សាន្តផងដែរ នាពិធីបុណ្យអុំទូកនៅថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា។
លោក ទន់ ចែន មានអាយុ៦៧ឆ្នាំ ជាអ្នករស់នៅខេត្តព្រៃវែង បាននាំក្រុមគ្រួសារមកភ្នំពេញ មើលការប្រណាំងទូកង នាពិធីបុណ្យអុំទូក។ រយៈពេល៨ឆ្នាំហើយ ដែលលោកតែងតែឡើងមកភ្នំពេញ ដើម្បីមកមើលការប្រណាំងទូក លើកលែងតែឆ្នាំគេគេមិនរៀបចំប៉ុណ្ណោះ។ ជាអតីតអ្នកធាក់ស៊ីក្លូ លោក ទន់ ចែន បញ្ជាក់ថា៖«អ៊ំមកមើលការអុំទូកនេះរហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទុកតែម្តង។ អ៊ំចង់មកសប្បាយឃើញគេអុំទូក ដោយសារនេះជាពិធីបុណ្យជាតិយើង ហើយអ៊ំចង់ដឹងថាទូកខេត្តណាឈ្នះផង»។
មុនឡើងមកភ្នំពេញដើម្បីមើលការប្រណាំងទូក លោក ទន់ ចែន បានទស្សនាការប្រណាំងទូក«ង»វែងជាងគេដែលអុំនៅខេត្តព្រៃវែងរួចមកហើយ។ តែដោយចង់មើលទៀត លោក ទន់ ចែន សម្រេចចិត្តឡើងមកភ្នំពេញ មកលេងពិធីបុណ្យអុំទូកដែលមានទូកចូលរួមច្រើននេះទៀត។ លោក ទន់ ចែន បញ្ជាក់ថា៖«អ៊ំចង់មើលការប្រណាំងទូកង នៅភ្នំពេញជាង ព្រោះមានទូកអុំច្រើន ហើយចង់ដើរលេងជួបជុំក្រុមគ្រួសារ»។
ដូចគ្នាដែរ អ្នកស្រី លៀង សំអុល ជាអ្នករស់នៅទីក្រុងភ្នំពេញ បានប្រាប់ថា អ្នកស្រីនឹងមកមើលការប្រណាំងទូកនេះរយៈពេលបីថ្ងៃ ដោយសារតែផ្ទះរបស់អ្នកស្រីនៅក្បែរកន្លែងអុំទូក។ មានអាយុ ៦២ឆ្នាំ អ្នកស្រី សំអុល បាននិយាយដូច្នេះថា៖ «អ៊ំឭគេផ្សាយថា មានទូកងវែងជាងគេមកអុំដែរ ដូច្នេះអ៊ំចង់ឃើញផ្ទាល់ ម្យ៉ាងទៀតអ៊ំចង់មកស្រូបយកខ្យល់អាកាសផង និងបានមកមើលគេមើលឯងផង កុំឲ្យអផ្សុកពេក។ ពេលល្ងាចអីហ្នឹង អ៊ំនឹងមកមើលគេបណ្តែតប្រទីប បាញ់កាំជ្រួច និងមើលការប្រគុំតន្ត្រី»។
ស្រដៀងគ្នាដែរ លោក គ្រី យ៉ាង មានអាយុ៦៨ ឆ្នាំ កំពុងអង្គុយមើលគេប្រណាំងទូកង រំភើបចិត្តនៅពេលមានពិធីបុណ្យអុំទូកនេះប្រារព្ធឡើងជារៀងរាល់ឆ្នាំនាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីខកខានពិធីបុណ្យអុំទូក ដោយសារតែមានបញ្ហាផ្សេងៗកើតឡើង។ អ្នកខេត្តត្បូងឃ្មុំរូបនេះ បញ្ជាក់ថា៖ «អ៊ំសប្បាយចិត្តនៅពេលពេលរដ្ឋខ្មែរ រក្សានូវវប្បធម៌ខ្មែរពីបុរាណមក ដូចជាពិធីបុណ្យអុំទូកនេះ ហើយអ៊ំពិតជារំភើបណាស់នៅពេលមានមនុស្សម្នាមកមើលច្រើនដូច្នេះ»។
នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំនេះ មានទូកប្រណាំងចំនួន២៩៥ និងមានកីឡាករអុំទូក ចំនួន១៩០០១៧នាក់។ ជាមួយគ្នាដែរ គណៈកម្មការរៀបចំបុណ្យជាតិ បានត្រៀមកាណូតជាច្រើនគ្រឿងផងដែរ សម្រាប់សង្គ្រោះ បើមានករណីលិចទូក ក្នុងអំឡុងពេលប្រណាំងទូក៕
© រក្សាសិទ្ធិដោយ thmeythmey.com