កីឡាអន្តរជាតិ
អន្តរជាតិ
Honda មិនខ្វល់ពីលទ្ធផលឈ្នះចាញ់ តែសង្ឃឹមកម្ពុជារក្សាទម្រង់លេងដូចប៉ះឡាវ រូបភាពពី FFC
× ចាន់ វឌ្ឍនាកា ប្រាក់ មុនីឧត្តម និងកែវ សុខផេង ជាអ្នករកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជាយកឈ្នះឡាវ ៣-១ នាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ក្នុងពូល A នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផលនេះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាថាមិនមែនជារឿងសំខាន់សម្រាប់លោកឡើយ តែការរីកចម្រើនរបស់ក្រុមទើបជាអ្វីដែលលោកមានមោទនភាព និងជាក្តីសង្ឃឹមពិតប្រាកដទៅអានាគត។
ដោយមិនគិតពីលទ្ធផលនៃការប្រកួតនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា Honda ពិតជាបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់កម្ពុជារួចទៅហើយចាប់តាំងពីលោកបានសម្រេចចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិ។ ក្នុងជ័យជម្នះ ៣-១ លើក្រុមឡាវ ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អរបស់កូនក្រុម អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន និង AC Milan រូបនេះធានាថាក្រុម Angkor Warriors អាចសម្លឹងមើលទៅអានាគតដោយក្តីសង្ឃឹមដ៏ពិតប្រាកដបាន។
រូបភាពពី FFC
«ខ្ញុំមានមោទនភាពចំពោះកីឡាករ ប៉ុន្តែខ្ញុំមិនបង្ហាញអារម្មណ៍សប្បាយចិត្ត ឬសោកស្តាយដោយផ្អែកតែលើលទ្ធផលឈ្នះចាញ់នោះទេ។ ខ្ញុំចង់រក្សាទំនាក់ទំនងជាក្រុមដែលកំពុងមានភាពល្អប្រើសើរនេះ ព្រោះខ្ញុំគិតថាយើងលេងបានល្អនៅក្នុងការប្រកួតពីរលើកមុន បើទោះជាយើងមិនឈ្នះក៏ដោយ»។ Honda លើកឡើងដូច្នេះទៅកាន់អ្នកកាសែតនៅក្រោយបញ្ចប់ការប្រកួត។
កម្ពុជាអាចរកជ័យជម្នះជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ក្នុងរយៈពេល១៦ឆ្នាំក្រោយ ពោលគឺតាំងពីឆ្នាំ២០០២មកម្លេះ ហើយនេះក៏ជាជ័យជម្នះដំបូងក្រោមការដឹកនាំរបស់លោក Honda ផងដែរ។
ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះនឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកក្រុម Melbourne Victory នៅមុនពេលកម្ពុជាត្រូវដំណើរទៅជួបវៀតសម្រាប់ការប្រកួតចុងក្រោយនៃពានរង្វាន់ប្រចាំតំបន់អាស៊ីដែលរៀបចំរាល់ពីរឆ្នាំម្តង។ កម្ពុជាអស់សិទ្ធទៅវគ្គបន្តសម្រាប់ពូល A នេះហើយ បន្ទាប់ពីប្រកួត៣លើកមានតែ៣ពិន្ទុ តាមពីក្រោយម៉ាឡេស៊ីដែលឈរនៅលេខ៣មាន៦ពិន្ទុ ខណៈមីយ៉ាន់ម៉ា និងវៀតណាមមាន៧ពិន្ទុ។ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម នឹងត្រូវកាត់សេចក្តីនៅប្រកួតចុងក្រោយដើម្បីរកពីរក្រុមទៅវគ្គបន្ត។
បើទោះជាអស់សិទ្ធដោយស្វ័យប្រវត្តិ Honda នៅតែផ្តែផ្តាំកូនក្រុមថា៖«ខ្ញុំបានប្រាប់ពួកគេបន្ទាប់ពីការប្រកួតថាវាជាដំណើរការមួយដូច្នេះចូរបន្តទៅជំហានបន្ទាប់ឲ្យបានល្អសម្រាប់ជំនួបប្រកួតសំខាន់ជាមួយវៀតណាម។ ពួកគេមានជំនាញនិងសមត្ថភាពជាងយើង ដូច្នេះយើងត្រូវរៀបចំឲ្យបានល្អ»។
បើទោះគ្មានវត្តមាន Honda ដឹកនាំផ្ទាល់ក្តី បន្តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas នឹងទទួបន្ទុកមើលការខុសត្រូវក្រុមជម្រើសជាតិកម្ពុជាដូចសព្វដងដដែល៕
Tag:
បាល់ទាត់
Keisuke Honda
AFF Suzuki Cup
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com