ជាតិ
បុណ្យអុំទូក
អុំទូក​ថ្ងៃ​ដំបូង​៖ អ្នកមាន​បញ្ហា​សុខភាព​ជិត​២​ពាន់​នាក់ តែ​មិន​ធ្ងន់ធ្ងរ​
22, Nov 2018 , 11:40 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ ថ្ងៃទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​មនុស្ស​មាន​បញ្ហា​មាន​សុខភាព​ជិត​២​ពាន់​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ពិនិត្យ និង​ព្យាបាល​។ ប៉ុន្តែ​ពុំមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះឡើយ​។

 
​យ៉ាងហោចណាស់ ប្រជាពលរដ្ឋ​ចំនួន​១,៩៧៩​នាក់ មាន​បញ្ហា​សុខភាព​តិចតួច​ក្នុងអំឡុងពេល​ដើរ​កម្សាន្ត​ថ្ងៃទី​មួយ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ ពិនិត្យ និង​ព្យាបាល​។ ក្នុងនោះ​ជួយសង្គ្រោះ​ដោយ​ផ្តល់​ថ្នាំ​មាន​ចំនួន​១,៩៤៧​នាក់ សង្គ្រោះ​បឋម​ចំនួន​៣១​នាក់​(​ស្រី​១៤​នាក់​) បញ្ជូនទៅ​មន្ទីរពេទ្យ​១​នាក់​។​
 
​ទោះបី​យ៉ាងនេះ​ក្តី ក្នុងចំណោម​ពួកគេ​ខាងលើ​ពុំមាន​បញ្ហា​សុខភាព​ធំដុំ​នោះទេ ពោលគឺ​ត្រូវបាន​ជួយសង្គ្រោះ​នៅតាម​ស្តង់​ពេទ្យ ដែល​បានដាក់​ពង្រាយ​នៅតាម​តំបន់​នានា​ក្នុង​បរិវេណ​ប្រារព្ធ​ពិធីបុណ្យ​តែម្តង​។ បន្ថែម​លើ​ករណី​ខាងលើ ក៏មាន​ករណី​ក្មេង​វង្វេង​ឪពុកម្តាយ ឬ​សាច់ញាតិ​បងប្អូន​មួយចំនួន​ផងដែរ នៅ​ថ្ងៃទី​១​នេះ​។​
 
​ប្រជាពលរដ្ឋ​ប្រមាន​៦០​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក ប្រគុំ​តន្ត្រី និង​ដើរ​កម្សាន្ត​តាម​តំបន់​នានា​ក្នុង​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​របាយការណ៍​រប​ស់លោក ឆាយ គឺ​ម​ខឿន ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ​៕   
 

Tag:
 ​បុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com