ដើមខែវិច្ឆិកាឆ្នាំមុន មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Microsoft ជ្រើសរើសយកប្រទេសចិនជាទីតាំងរៀបចំសន្និសីទអន្តរជាតិស្តីពីបង្គន់អនាម័យ។ លោក Bill Gates ដោយដាក់ដបលាមកក្បែរខ្លួនព្យាយាមពន្យល់ទៅពិភពលោកថា កង្វះបង្គន់អនាម័យជាអ្វីដែលប្រទេសទាំងអស់ត្រូវដោះស្រាយ។ ហេតុអ្វីចិនជាទីតាំងនៃកម្មវិធីជំរុញការប្រើប្រាស់បង្គន់អនាម័យពិភពលោកនេះទៅវិញ? គេមិនអាចយល់ពីមូលហេតុបានឡើយ បើសិនមិនបានដឹងពីគោលនយោបាយ «បដិវត្តន៍បង្គន់»ដែលដាក់ចេញដោយលោក ស៊ី ជិនភីងនោះ។ អ្វីទៅជាបដិវត្តន៍បង្គន់អនាម័យ?
ក្រោយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនថ្ងៃទី១ខែតុលាឆ្នាំ ១៩៤៩ លោកប្រធាន ម៉ៅ សេទុង បានចាប់ផ្តើមបដិវត្តន៍វប្បធម៌ និងនយោបាយក្នុងគោលដៅកសាងប្រជាជាតិចិនឲ្យរុងរឿងដោយជម្រះឲ្យអស់កម្អែលមូលធននិយម។ បដិវត្តន៍មហាអស្ចារ្យនេះបានក្លាយជាបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិចិនទាំងមូលតមកដល់បច្ចុប្បន្ន។
ដល់សករាជនយោបាយថ្មីរបស់លោក តេង ស៊ាវភីង អំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ វិញ បដិវត្តន៍ថ្មីមួយទៀតបានចាប់ផ្តើមឡើងដែលផ្តោតសំខាន់លើការកែទម្រង់សេដ្ឋកិច្ច និងការបើកចំហទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពខាងក្រៅ។ បដិវត្តន៍នេះហើយដែលបាននាំចិនឲ្យឈានឆ្ពោះមកកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរដូចរាល់ថ្ងៃនេះ។
បច្ចុប្បន្ន សេដ្ឋកិច្ចចិនរីកលូតលាស់ទៅមុខជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋរាប់លាននាក់បន្តរួចផុតពីភាពក្រីក្រ និងកានតែមានជីវភាពធូរធារសម្បូរសប្បាយ។ ប៉ុន្តែមានជីវភាពប្រសើរតែមួយមុខមិនគ្រប់គ្រាន់ឡើយ ហើយរដ្ឋាភិបាលចិនបច្ចុប្បន្នដឹកនាំដោយប្រធានាធិបតី ស៊ី ជិនភីង ក៏មិនទាន់ពេញចិត្តពេញថ្លើមនឹងស្ថានភាពដូចបច្ចុប្បន្ននេះដែរ។ ដូចមេដឹកនាំឯទៀតដែរ លោក ស៊ី យល់ឃើញថា ការអភិវឌ្ឍមិនមែនសំដៅតែលើកំណើនសេដ្ឋកិច្ចខ្ពស់ ហើយភាពក្រីក្រចុះទាបប៉ុណ្ណោះទេ។ វាសំដៅលើគុណភាពនៃជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូបដែលប្រកបដោយសុខុមាលភាព និងអនាម័យផង។
ឡើងកាន់តំណែងឆ្នាំ ២០១២ លោក ស៊ី ជិនភីង មានទស្សនវិស័យវែងឆ្ងាយមួយគឺធ្វើយ៉ាងណាកែប្រែមុខមាត់ប្រទេសចិនឲ្យសក្តិសមជាមហាអំណាចប្រកបដោយការទទួលខុសត្រូវក្នុងបរិបទអន្តរជាតិ និងមានភាពស៊ីវិលនៅក្នុងស្រុកផង។ សម្រាប់គោលនយោបាយការបរទេស លោក ស៊ី ជំរុញការកសាងអំណាចទន់ និងធ្វើឲ្យចិនមានកេរ្តិ៍ឈ្មោះល្អប្រសើរនោះ។ ឯគោលនយោបាយក្នុងស្រុកវិញគឺលោកយកចិត្តទុកដាក់លើការកសាងសេដ្ឋកិច្ច បង្កើតការងារ កម្ចាត់ពុករលួយ និង សាងសង់បង្គន់អនាម័យឲ្យបានគ្រប់គ្រាន់។
ឆ្នាំ ២០១៣ លោក ស៊ី បានប្រកាសដាក់ដំណើរការគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយវិថីមួយ»ដែលប្រកបដោយមហិច្ឆតាធំមហិមា និង ផ្អែកលើគោលគំនិតនៃផ្លូវសូត្រសម័យបុរាណរាប់ពាន់ឆ្នាំមុននោះ។ គោលគំនិតថ្មីរបស់លោក ស៊ី គឺប្រមែរប្រមូលការចូលរួមពីប្រទេសនានាពីអាស៊ីដល់អឺរ៉ុប ដល់អាមេរិក និងអាហ្វ្រិកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលជំរុញការផ្សាភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផង។ ទាំងអស់នេះជាយុទ្ធសាស្ត្រពង្រឹងឥទ្ធិពលនយោបាយ និងការទូតរបស់ចិននាសតវត្សទី ២១នេះ។
ដល់ឆ្នាំ ២០១៥ លោក ស៊ី បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយលោកប្រកាសពីបដិវត្តន៍ថ្មីមួយ។ នោះគឺ បដិវត្តន៍បង្គន់អនាម័យ (Toilet Revolution)។ ថ្វីបើចិនជាប់ឈ្មោះជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរក្តី មានប្រជាជនប្រហែល ១៤០០លាននាក់ ចិនក៏ធ្លាប់ស្ថិតក្នុងចំណោមប្រទេសដែលខ្វះខាតបង្គន់អនាម័យដែរ។ ដូច្នេះហើយ បដិវត្តន៍បង្គន់ គឺមានគោលដៅធានាសុខុមាលភាពប្រជាជនចិន និងលើកមុខមាត់ប្រជាជាតិចិនឲ្យសមជាអារ្យប្រទេសដែលមានវប្បធម៌ និងអរិយធម៌ចំណាស់លើសគេលើលោកមួយផង។
ពេលប្រកាសដាក់ចេញគោលនយោបាយនេះ លោក ស៊ី ជិនភីង នេះទទួលស្គាល់ថា ការធានាកសាងបង្គន់អនាម័យល្អ និងមានស្តង់ដាសម្រាប់ប្រជាជនចិនជាផ្នែកមួយអាទិភាពក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។
មេដឹកនាំចិនដែលជាប់ឈ្មោះជាមេដឹកនាំដែលមានអំណាចផុតគេលើរាប់ចាប់ពីសម័យលោកប្រធានម៉ៅនោះបាននិយាយដូច្នេះ៖ «បញ្ហាបង្គន់មិនមែនជារឿងតូចតាចឡើយ។ វាជារឿងសំខាន់ក្នុងការកសាងភាពស៊ីវិល័យនៅតាមទីក្រុង និងជនបទ។ ការងារនេះត្រូវតែជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រទេស ហើយយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដោះស្រាយបញ្ហាកង្វះខាតដែលប៉ះពាល់ដល់គុណភាពជីវភាពរស់នៅរបស់ពលរដ្ឋភាគច្រើន»។
តាមពិតទៅ «បដិវត្តន៍បង្គន់»នេះមិនមែនសំដៅលើការផ្លាស់ប្តូរលើការកែច្នៃ ការរចនា និងអភិវឌ្ឍបង្គន់អនាម័យឲ្យមានគុណភាព ស្តង់ដា និងនិរន្តរភាពប៉ុណ្ណោះទេ តែវាបូករួមជាមួយការប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធជាពិសេសនៅតាមសហគមន៍ដើម្បីលើកម្ពស់ចំណេះដឹង និងកែប្រែឥរិយាបទប្រជាពលរដ្ឋក្នុងការប្រើប្រាស់បង្គន់អនាម័យ។
រដ្ឋាភិបាលចិនស្ថិតក្នុងចំណោមរដ្ឋាភិបាលប្រទេសចំនួន ១៩៣ សមាជិកអង្គការសហប្រជាជាតិ ដែលប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាពត្រឹមឆ្នាំ ២០៣០។ គោលដៅទីប្រាំមួយស្តីពីទឹក និងអនាម័យ មានបំណងសំខាន់ធានាឲ្យមនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់បង្គន់ស្អាតនិងសុវត្ថិភាព។ នៅប្រទេសចិនទាំងមូល ប្រជាជនសរុបប្រហែល ៥៥៥ លាននាក់ត្រូវការបង្គន់អនាម័យដែលមានគុណភាព ហើយនៅត្រឹម ២០៣០ ចិនត្រូវសម្រេចកិច្ចការនេះឲ្យបាន។
តាំងពីឡើងកាន់តំណែងមក ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សកុម្មុយនីស្តម្តងៗ លោក ស៊ី ជិនភីង តែបន្តដាស់តឿនសមាជិកបក្សថា ការលើកស្ទួយគុណភាពជីវភាពរស់នៅរបស់ប្រជាជនជាពិសេសផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពជារឿងសំខាន់បំផុត។ ការធានាអនាម័យ និងផ្គត់ផ្គង់បង្គន់អនាម័យស្ថិតក្នុងសេវាសាធារណៈដែលបក្សកុម្មនីស្ត និងរដ្ឋាភិបាលចិនត្រូវធានាឲ្យបាន។
ក្រៅពីប្តេជ្ញា និងដាស់តឿនមន្ត្រី លោក ស៊ី ក៏តែងតែបន្តចុះជួបប្រជាជនតាមទីជនបទដាច់ស្រយាល ដើម្បីស្វែងយល់ពីពួកគេ និងដើម្បីតាមដានថាតើពួកគេពិតជាមានមានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវហើយឬយ៉ាងណា។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ផ្សាយថា បីឆ្នាំក្នុងការអនុវត្តគោលនយោបាយនេះ រដ្ឋាភិបាលវិនិយោគលុយប្រហែល បីពាន់លានដុល្លារលើការសាងសង់ឬកែច្នៃបង្គន់។
ក្រោមគោលនយោបាយបដិវត្តន៍បង្គន់អនាម័យនេះ ក្នុងជំហានដំបូង បង្គន់ និងបន្ទប់ទឹកសាធារណៈជាច្រើនត្រូវបានអាជ្ញាធរចិនសាងសង់នៅតាមទីកន្លែងទេសចរណ៍សំខាន់។ ការធ្វើបែបនេះគឺ ជាការធានាមិនឲ្យមានបញ្ហា និងការរិះគន់ចិនពីសំណាក់ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅចិន។
បើតាមសារព័ត៌មាន BBC រដ្ឋបាលទេសចរណ៍ចិនដែលជាទីភ្នាក់ងាររដ្ឋបានប្រកាសនៅចុងឆ្នាំ ២០១៧ថា រដ្ឋាភិបាលចាប់ផ្តើមកសាងបង្គន់ និងបង្កើនកម្រិតបង្គន់អនាម័យប្រហែល ៦៤០០០ចន្លោះពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បង្គន់ភាគច្រើនត្រូវបានសាងសង់ស្របតាមស្តង់ដា ដោយមានការបំពាក់គ្រឿងបរិក្ខាចាំបាច់មួយចំនួនសម្រាប់មនុស្សពិកា, ចាស់ជរា និងក្មេងៗតូចផងដែរ។
បើតាមរបាយការណ៍រដ្ឋាភិបាលចិន ប្រជាជនច្រើនជាង ៨០ភាគរយនៅតាមទីជនបទអាចមានបង្គន់អនាម័យដែលមានគុណភាពអាចទទួលយកបាន គិតត្រឹមឆ្នាំ ដោយកើនឡើងពីត្រឹម ៧,៥ភាគរយនៅឆ្នាំ ១៩៩៣។ កាលនោះប្រជាជនភាគច្រើននៅទូទាំងប្រទេសចិនត្រឹមចេះជីកដីដើម្បីបន្ទោបង់ប៉ុណ្ណោះ។ បង្គន់មានគុណភាពទទួលយកបាននោះគឺសំដៅលើបង្គន់ចុចទឹកឬបង្គន់ស្ងួតធម្មតាដែលមានលូបង្កប់ក្រោមដី មានជញ្ជាំង ដំបូល ទ្វារឬបង្អួច និងមានទំហំយ៉ាងហោចណាស់ ពីរម៉ែត្រការ៉េ។
តាមទិន្នន័យផ្លូវការនេះបង្ហាញឲ្យឃើញពីការប្រែប្រួលមួយប្រកបដោយភាពវិជ្ជមាននៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ប៉ុន្តែរឿងដែលមិនអាចប្រកែកបាននោះគឺ ការប្រែប្រួលខ្លាំងគឺកើតឡើងនៅក្រោមអាណត្តិលោក ស៊ី ជិនភីង នៅពេលដែលយុទ្ធនាការបដិវត្តន៍បង្គន់ត្រូវបានដាក់ចេញជាផ្លូវការនោះ៕