អន្តរជាតិ
អ្វី​ជា​«​បដិវត្តន៍​បង្គន់​អនាម័យ​»​របស់លោក ស៊ី ជិន​ភីង​?
05, Feb 2019 , 10:00 am        
រូបភាព
 ​ដើមខែ​វិច្ឆិកា​ឆ្នាំមុន មហាសេដ្ឋី​អាមេរិក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជ្រើស​រើសយក​ប្រទេស​ចិន​ជាទី​តាំង​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​បង្គន់​អនាម័យ​។ លោក Bill Gates ដោយ​ដាក់​ដប​លាមក​ក្បែរ​ខ្លួន​ព្យាយាម​ពន្យល់​ទៅ​ពិភពលោក​ថា កង្វះ​បង្គន់​អនាម័យ​ជា​អ្វីដែល​ប្រទេស​ទាំងអស់​ត្រូវ​ដោះស្រាយ​។ ហេតុអ្វី​ចិន​ជាទី​តាំង​នៃ​កម្មវិធី​ជំរុញ​ការប្រើប្រាស់​បង្គន់​អនាម័យ​ពិភពលោក​នេះ​ទៅវិញ​? គេ​មិន​អាចយ​ល់ពី​មូលហេតុ​បានឡើយ បើសិន​មិនបាន​ដឹង​ពី​គោលនយោបាយ «​បដិវត្តន៍​បង្គន់​»​ដែល​ដាក់ចេញ​ដោយ​លោក ស៊ី ជិន​ភីង​នោះ​។  អ្វី​ទៅជា​បដិវត្តន៍​បង្គន់អនាម័យ​?


 
​ក្រោយ​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្ងៃទី​១​ខែតុលា​ឆ្នាំ ១៩៤៩ លោក​ប្រធាន ម៉ៅ សេទុង បានចាប់ផ្តើម​បដិវត្តន៍វប្បធម៌ និង​នយោបាយ​ក្នុង​គោលដៅ​កសាង​ប្រជា​ជាតិចិន​ឲ្យ​រុងរឿង​ដោយ​ជម្រះ​ឲ្យ​អស់​កម្អែល​មូលធននិយម​។ បដិវត្តន៍​មហាអស្ចារ្យ​នេះ​បាន​ក្លាយជា​បទពិសោធន៍ និង​មេរៀន​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជា​ជាតិចិន​ទាំងមូល​ត​មកដល់​បច្ចុប្បន្ន​។​
 
​ដល់​សករាជ​នយោបាយ​ថ្មី​របស់លោក តេង ស៊ា​វ​ភីង អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ វិញ បដិវត្តន៍​ថ្មី​មួយទៀត​បានចាប់ផ្តើម​ឡើង​ដែល​ផ្តោត​សំខាន់​លើ​ការកែទម្រង់​សេដ្ឋកិច្ច និង​ការបើកចំហ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ពិភព​ខាងក្រៅ​។ បដិវត្តន៍​នេះហើយ​ដែល​បាន​នាំ​ចិន​ឲ្យ​ឈានឆ្ពោះ​មកកាន់​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​ដូច​រាល់ថ្ងៃនេះ​។​
 
​បច្ចុប្បន្ន សេដ្ឋកិច្ច​ចិន​រីកលូតលាស់​ទៅ​មុខជា​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​បន្ត​រួច​ផុតពី​ភាពក្រីក្រ និង​កាន​តែមាន​ជីវភាព​ធូរធារ​សម្បូរ​សប្បាយ​។ ប៉ុន្តែ​មាន​ជីវភាព​ប្រសើរ​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ឡើយ ហើយ​រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ប្រធានាធិបតី ស៊ី ជិន​ភីង ក៏​មិនទាន់​ពេញចិត្ត​ពេញ​ថ្លើម​នឹង​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះដែរ​។ ដូច​មេដឹកនាំ​ឯទៀត​ដែរ លោក ស៊ី យល់ឃើញថា ការអភិវឌ្ឍ​មិនមែន​សំដៅ​តែ​លើ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ហើយ​ភាពក្រីក្រ​ចុះ​ទាប​ប៉ុណ្ណោះ​ទេ​។ វា​សំដៅលើ​គុណភាព​នៃ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​គ្រប់រូប​ដែល​ប្រកបដោយ​សុខុមាលភាព និង​អនាម័យ​ផង​។  
 
​ឡើងកាន់តំណែង​ឆ្នាំ ២០១២ លោក ស៊ី ជិន​ភីង មាន​ទស្សនវិស័យ​វែងឆ្ងាយ​មួយ​គឺ​ធ្វើយ៉ាងណា​កែប្រែ​មុខមាត់​ប្រទេស​ចិន​ឲ្យ​សក្តិ​សមជា​មហាអំណាច​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​បរិបទ​អន្តរជាតិ និង​មាន​ភាព​ស៊ីវិល​នៅក្នុង​ស្រុក​ផង​។ សម្រាប់​គោលនយោបាយ​ការបរទេស លោក ស៊ី ជំរុញ​ការកសាង​អំណាច​ទន់ និង​ធ្វើ​ឲ្យ​ចិន​មានកេរ្តិ៍ឈ្មោះ​ល្អប្រសើរ​នោះ​។ ឯ​គោលនយោបាយ​ក្នុងស្រុក​វិញ​គឺ​លោក​យកចិត្តទុកដាក់​លើ​ការកសាង​សេដ្ឋកិច្ច បង្កើត​ការងារ កម្ចាត់​ពុករលួយ និង សាងសង់​បង្គន់​អនាម័យ​ឲ្យ​បាន​គ្រប់គ្រាន់​។​
 
​ឆ្នាំ ២០១៣ លោក ស៊ី បានប្រកាស​ដាក់​ដំណើរការ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ដែល​ប្រកបដោយ​មហិច្ឆតា​ធំ​មហិមា និង ផ្អែកលើ​គោល​គំនិត​នៃ​ផ្លូវ​សូត្រ​សម័យបុរាណ​រាប់ពាន់​ឆ្នាំមុន​នោះ​។  គោល​គំនិត​ថ្មី​របស់លោក ស៊ី គឺ​ប្រមែរ​ប្រមូល​ការចូលរួម​ពី​ប្រទេស​នានា​ពី​អាស៊ី​ដល់​អឺរ៉ុប ដល់​អាមេរិក និង​អាហ្វ្រិក​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជំរុញ​ការផ្សាភ្ជាប់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផង​។ ទាំងអស់នេះ​ជា​យុទ្ធសាស្ត្រ​ពង្រឹង​ឥទ្ធិពល​នយោបាយ និង​ការទូត​របស់​ចិន​នា​សតវត្ស​ទី ២១​នេះ​។   
 
​ដល់​ឆ្នាំ ២០១៥ លោក ស៊ី បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល ដោយ​លោក​ប្រកាស​ពី​បដិវត្តន៍​ថ្មី​មួយ​។ នោះ​គឺ បដិវត្តន៍​បង្គន់​អនាម័យ (Toilet Revolution)​។  ថ្វីបើ​ចិន​ជាប់​ឈ្មោះ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​ក្តី មាន​ប្រជាជន​ប្រហែល ១៤០០​លាន​នាក់ ចិន​ក៏​ធ្លាប់​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ខ្វះខាត​បង្គន់​អនាម័យ​ដែរ​។ ដូច្នេះហើយ បដិវត្តន៍​បង្គន់ គឺមាន​គោលដៅ​ធានា​សុខុមាលភាព​ប្រជាជន​ចិន និង​លើក​មុខមាត់​ប្រជាជាតិ​ចិន​ឲ្យ​សមជា​អារ្យ​ប្រទេស​ដែលមាន​វប្បធម៌ និង​អរិយធម៌​ចំណាស់​លើសគេ​លើ​លោក​មួយ​ផង​។​
 
​ពេល​ប្រកាស​ដាក់ចេញ​គោលនយោបាយ​នេះ លោក ស៊ី ជិន​ភីង នេះ​ទទួលស្គាល់ថា ការធានា​កសាង​បង្គន់​អនាម័យ​ល្អ និង​មាន​ស្តង់ដា​សម្រាប់​ប្រជាជន​ចិន​ជា​ផ្នែក​មួយ​អាទិភាព​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ 
 
​មេដឹកនាំ​ចិន​ដែល​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ដែលមាន​អំណាច​ផុត​គេ​លើ​រាប់​ចាប់ពី​សម័យ​លោក​ប្រធាន​ម៉ៅ​នោះបាន​និយាយ​ដូច្នេះ​៖ «​បញ្ហា​បង្គន់​មិនមែនជា​រឿង​តូចតាច​ឡើយ​។ វា​ជា​រឿង​សំខាន់​ក្នុងការ​កសាង​ភាព​ស៊ី​វិ​ល័យ​នៅតាម​ទីក្រុង និង​ជនបទ​។  ការងារ​នេះ​ត្រូវតែ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស ហើយ​យើង​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះខាត​ដែល​ប៉ះពាល់​ដល់​គុណភាព​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ភាគច្រើន​»​។ 
 
​តាមពិតទៅ «​បដិវត្តន៍​បង្គន់​»​នេះ​មិនមែន​សំដៅលើ​ការផ្លាស់ប្តូ​រលើ​ការកែច្នៃ ការ​រចនា និង​អភិវឌ្ឍ​បង្គន់​អនាម័យ​ឲ្យ​មាន​គុណភាព ស្តង់ដា និង​និរន្តរភាព​ប៉ុណ្ណោះ​ទេ តែ​វា​បូករួម​ជាមួយ​ការប្រឹងប្រែង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​នៅតាម​សហគមន៍​ដើម្បី​លើ​កម្ពស់​ចំណេះដឹង និង​កែប្រែ​ឥរិយាបទ​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​បង្គន់​អនាម័យ​។​
 
​រដ្ឋាភិបាល​ចិន​ស្ថិត​ក្នុងចំណោម​រដ្ឋាភិបាល​ប្រទេស​ចំនួន ១៩៣ សមាជិក​អង្គការសហប្រជាជាតិ ដែល​ប្តេជ្ញាចិត្ត​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ត្រឹម​ឆ្នាំ ២០៣០​។ គោលដៅ​ទី​ប្រាំមួយ​ស្តីពី​ទឹក និង​អនាម័យ មានបំណង​សំខាន់​ធានា​ឲ្យ​មនុស្ស​គ្រប់គ្នា​មានលទ្ធភាព​ប្រើប្រាស់​បង្គន់​ស្អាត​និង​សុវត្ថិភាព​។ នៅ​ប្រទេស​ចិន​ទាំងមូល ប្រជាជន​សរុប​ប្រហែល ៥៥៥ លាន​នាក់​ត្រូវការ​បង្គន់​អនាម័យ​ដែលមាន​គុណភាព ហើយ​នៅត្រឹម ២០៣០ ចិន​ត្រូវ​សម្រេច​កិច្ចការ​នេះ​ឲ្យ​បាន​។  
 
​តាំងពី​ឡើងកាន់តំណែង​មក ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​បក្ស​កុម្មុយនីស្ត​ម្តងៗ លោក ស៊ី ជិន​ភីង តែ​បន្ត​ដាស់តឿន​សមាជិក​បក្ស​ថា ការលើកស្ទួយ​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាពិសេស​ផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​ភាពជា​រឿង​សំខាន់បំផុត​។ ការធានា​អនាម័យ និង​ផ្គត់ផ្គង់​បង្គន់​អនាម័យ​ស្ថិតក្នុង​សេវាសាធារណៈ​ដែល​បក្ស​កុម្ម​នី​ស្ត និង​រដ្ឋាភិបាល​ចិន​ត្រូវ​ធានា​ឲ្យ​បាន​។ 
 
​ក្រៅពី​ប្តេជ្ញា និង​ដាស់តឿន​មន្ត្រី លោក ស៊ី ក៏​តែងតែ​បន្ត​ចុះ​ជួប​ប្រជាជន​តាម​ទីជនបទ​ដាច់ស្រយាល ដើម្បី​ស្វែងយល់​ពី​ពួកគេ និង​ដើម្បី​តាមដាន​ថា​តើ​ពួកគេ​ពិតជា​មាន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ​ហើយ​ឬ​យ៉ាងណា​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា បី​ឆ្នាំ​ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ រដ្ឋាភិបាល​វិនិយោគ​លុយ​ប្រហែល បី​ពាន់​លាន​ដុល្លារ​លើ​ការសាងសង់​ឬ​កែច្នៃ​បង្គន់​។​
 
​ក្រោម​គោលនយោបាយ​បដិវត្តន៍​បង្គន់​អនាម័យ​នេះ ក្នុង​ជំហាន​ដំបូង បង្គន់ និង​បន្ទប់ទឹក​សាធារណៈ​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​ចិន​សាងសង់​នៅតាម​ទីកន្លែង​ទេសចរណ៍​សំខាន់​។ ការធ្វើ​បែបនេះ​គឺ ជាការ​ធានា​មិន​ឲ្យ​មាន​បញ្ហា និង​ការរិះគន់​ចិន​ពី​សំណាក់​ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ចិន​។ 
 
​បើតាម​សារព័ត៌មាន BBC  រដ្ឋបាល​ទេសចរណ៍​ចិន​ដែល​ជាទី​ភ្នាក់ងាររដ្ឋ​បានប្រកាស​នៅ​ចុងឆ្នាំ ២០១៧​ថា រដ្ឋាភិបាល​ចាប់​ផ្តើមកសាង​បង្គន់ និង​បង្កើន​កម្រិត​បង្គន់​អនាម័យ​ប្រហែល ៦៤០០០​ចន្លោះ​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២០​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ បង្គន់​ភាគច្រើន​ត្រូវបាន​សាងសង់​ស្របតាម​ស្តង់ដា ដោយមាន​ការបំពាក់​គ្រឿង​បរិក្ខា​ចាំបាច់​មួយចំនួន​សម្រាប់​មនុស្ស​ពិកា​, ចាស់ជរា និង​ក្មេងៗ​តូច​ផងដែរ​។ 
 
​បើតាម​របាយការណ៍រ​ដ្ឋា​ភិ​បាល​ចិន ប្រជាជន​ច្រើនជាង ៨០​ភាគរយ​នៅតាម​ទីជនបទ​អាចមាន​បង្គន់​អនាម័យ​ដែលមាន​គុណភាព​អាច​ទទួលយកបាន គិត​ត្រឹម​ឆ្នាំ ដោយ​កើនឡើង​ពី​ត្រឹម ៧,៥​ភាគរយ​នៅ​ឆ្នាំ ១៩៩៣​។ កាលនោះ​ប្រជាជន​ភាគច្រើន​នៅ​ទូទាំងប្រទេស​ចិន​ត្រឹម​ចេះ​ជីកដី​ដើម្បី​បន្ទោបង់​ប៉ុណ្ណោះ​។  បង្គន់​មាន​គុណភាព​ទទួលយក​បាន​នោះ​គឺ​សំដៅលើ​បង្គន់​ចុច​ទឹក​ឬ​បង្គន់​ស្ងួត​ធម្មតា​ដែលមាន​លូ​បង្កប់​ក្រោម​ដី មាន​ជញ្ជាំង ដំបូល ទ្វារ​ឬ​បង្អួច និង​មាន​ទំហំ​យ៉ាងហោចណាស់ ពីរ​ម៉ែត្រការ៉េ​។ 
 
​តាម​ទិន្នន័យ​ផ្លូវការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រែប្រួល​មួយ​ប្រកបដោយ​ភាព​វិជ្ជមាន​នៅក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ប៉ុន្តែ​រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ ការប្រែប្រួល​ខ្លាំង​គឺ​កើតឡើង​នៅក្រោម​អាណត្តិ​លោក ស៊ី ជិន​ភីង នៅពេលដែល​យុទ្ធនាការ​បដិវត្តន៍​ប​ង្គ​ន់​ត្រូវបាន​ដាក់ចេញ​ជា​ផ្លូវការ​នោះ​៕
 

Tag:
 ស៊ី ជិន​ភីង​
  ចិន​
  បង្គន់​អនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com