ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្សែងបារីធ្វើឲ្យកុមារតូចៗប្រឈមនឹងបញ្ហាសុខភាពខ្លាំងជាងគេ
× សារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់មានចំនួនជាង៤០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងបារីមួយដើម។ ក្នុងនោះសារធាតុគីមីចំនួន៥០ប្រភេទអាចបង្កឲ្យមានជំងឺមហារីកច្រើនជាងគេ ហើយក្មេងៗត្រូវប្រឈមនឹងបញ្ហាសុខភាពនេះខ្លាំងបំផុត។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ។
ទារកតូចៗអាចស្លាប់បាន បើសិនជាពួកគេរស់នៅក្នុងទីតាំងដែលហ៊ុមព័ទ្ធទៅដោយផ្សែងបារី។ ចំណែកឯកុមារតូចៗវិញនោះក៏អាចប្រឈមនឹងកើតជំងឺ ឬប្រឈមបញ្ហាសុខភាពច្រើនដូចជាជំងឺក្អក រលាកទងសួត រលាកសួត ពុកធ្មេញ រលាកភ្នែក ឬរលាកបំពងកជាដើមដែរ។
បើកុមារទាំងនោះរស់នៅក្នុងទីតាំងដែលមានផ្សែងបារីអស់រយៈយូរ ពួកគេអាចទទួលបញ្ហាដែលទាក់ទងនឹងផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរផងដែរ។ លើសពីនេះទៅទៀត ក្មេងៗទាំងនោះក៏អាចចាប់យកទម្លាប់អាក្រក់ក្នុងការជក់បារីនេះទៀតផង។
សារធាតុនីកូទីនដែលមានវត្តមានក្នុងផ្សែងបារីនោះអាចរសាត់តាមខ្យល់ដូចលំអងធូលីដទៃទៀតដែរ។ គេមានរកសារធាតុនីកូទីននេះនៅតាមខ្លួនប្រាណកុមារតូចៗមួយចំនួនទោះបីជាកុមារទាំងនោះមិនរស់នៅក្នុងកន្លែងដែលមានអ្នកជក់បារីក៏ដោយចុះ។
ប៉ុន្តែតាមការចុះផ្សាយខាងលើ សារធាតុនីកូទីននេះអាចធ្វើដំណើរតាមខ្យល់បានយ៉ាងងាយស្រួលពីកន្លែងមួយទៅកន្លែងមួយទៀត។ ដូចច្នេះការចេញជក់បារីនៅទីតាំងទូលាយដូចជាក្រៅផ្ទះ ក៏មិនអាចជួយកាត់បន្ថយផលប៉ះពាល់លើសុខភាពកុមារប៉ុន្មានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com