ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទូត​អាមេរិក​៖ ទំនាក់ទំនង​ល្អ​រវាង​អាមេរិក​និង​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ដំណាក់កាល​ថ្មី​
22, Nov 2018 , 8:19 pm        
រូបភាព
​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថ្ងៃទី ១ ខែវិច្ឆិកា​កន្លងទៅ ឯកអគ្គរដ្ឋទូត​អាមេរិក​លោក  William A.Heidt  បានកត់សម្គាល់​ពី​ការលូតលាស់​ជា​វិជ្ជមាន​បរិយាកាស​ជំនួញ និង​សេដ្ឋកិច្ចកម្ពុជា​។ អគ្គរដ្ឋទូត​អាមេរិក​រូបនេះ​បន្ថែម​ដែរ​ថា រហូតដល់​ចប់​អាណត្តិ​នេះ អ្វីដែល​លោក​មាន​មោទកភាព​បំផុត​នោះ​គឺ បាន​ជួយ​កម្ពុជា​អភិវឌ្ឍ​សេដ្ឋកិច្ច​នេះ​។ លោក​ជឿជាក់ថា ក្នុងដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​បច្ចុប្បន្ន ការលើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​ពិតជា​មាន​សារសំខាន់​ក្នុង​ការជួយជ្រោមជ្រែង​ក​ម្ពុ​ជា​ដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​។​


 
​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ទាំងស្រុង​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក  William A.Heidt ៖ 


 
ថ្មីៗ​៖ និយាយ​ពី​បញ្ហា​ធុរកិច្ច តើ​មាន​ក្រុមហ៊ុន​អាមេរិក​ប៉ុន្មាន​កំពុងដំណើរការ​នៅ​កម្ពុជា​?
 
លោក ​ William A.Heidt  សហគមន៍​ធុរកិច្ច​របស់​យើង​នៅ​កម្ពុជា​គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​។ បច្ចុប្បន្ន ក្រុមហ៊ុន​ធំ​របស់​អាមេរិក​មាន​ត្រឹម​ប្រហែល ២០​ទេ ប៉ុន្តែ​អ្នកជំនួញ​តូចៗ​មាន​ច្រើនណាស់​។ ប្រជាជន​ខ្មែរ​អាមេរិក​កាន់តែច្រើន​ត្រឡប់មក​ស្រុក​ខ្មែរ និង​បើក​ជំនួញ​នៅទេ​នេះ​ជាពិសេស​ផ្តោតលើ​ផ្នែក​បច្ចេកវិទ្យា​តែម្តង​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​មួយ​ចំ​នួ​នៅ​ស្រុក​ខ្មែរ​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ​អាមេរិក​ផង​។ ក្រុមហ៊ុន​ធំៗ​ដូច​លោកអ្នក​បាន​ស្គាល់​ហើយ​ដូចជា កូកាកូឡា​, កាល់​តិច និង ក្រុមហ៊ុន General Electric ជាដើម​។ ប៉ុន្តែ​ខ្ញុំ​គិតថា ភាពខ្លាំង​របស់​សហគម​ន៍​ធុរកិច្ច​អាមេរិក​យើង​គឺ នៅក្នុង​អាជីវកម្ម​តូចៗ​មានដូចជា​ភោជនីយដ្ឋាន​, ក្រុមហ៊ុន​បច្ចេកវិទ្យា​, ក្រុមហ៊ុន​ប្រឹក្សា​ច្បាប់​,  និង​ក្រុមហ៊ុន​ផ្សេងទៀត​ដែរ​។ 
​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ធ្វើ​ការងារ​បានល្អ​ណាស់ ហើយ​ស្ថាប័ន​នេះ​ក៏​កំពុង​ពង្រីក​ខ្លួន​ធំ​ជាង​មុន​ទៀត​។ ដូច្នេះ​យើង​មាន​សហគមន៍​ធុរកិច្ច​មួយ​ដែល​សកម្ម​ខ្លាំង​។​
 
ថ្មីៗ​៖ តើ​លោក​យល់ឃើញថា បរិយាកាស​សម្រាប់​ការធ្វើ​ជំនួញ​នៅ​កម្ពុជា​បែបណា​ដែរ​?​តើ​វា​កាន់តែ​ទាក់ទាញ​ឬ​ត្រូវការ​ការកែលម្អ​បន្ថែមទៀត​? 

លោក William A.Heidt ​៖ ខ្ញុំ​គិតថា កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​ភាពងាយស្រួល​ខ្លាំងណាស់​ក្នុងការ​ធ្វើ​ជំនួញ​។ ខ្ញុំ​គិតថា គេ​អាចធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល​ថែមទៀត​។ រដ្ឋាភិបាល​អាច​បង្កើន​ភាពងាយស្រួល​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី និង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​បទបញ្ញត្តិ​ការងារ​ជាដើម​។ ប៉ុន្តែ​ជារួម​វា​ងាយស្រួល​រួចទៅហើយ​។ វា​មិនមាន​បញ្ហា​ទេ​។​
 
​នៅពេល​ឃើញ​សហគមន៍​ធុរកិច្ច​អាមេរិក​នៅ​កម្ពុជា ខ្ញុំ​កត់សម្គាល់ថា ក្រុមហ៊ុន​ភាគច្រើន​នៅទីនេះ គឺ​បម្រើ​តែ​ទីផ្សារ​ក្នុងស្រុក​ខ្មែរ​ប៉ុណ្ណោះ​។ ខ្ញុំ​គិតថា អ្នក​ចង់ឃើញ​នៅ​ថ្ងៃ​ណាមួយ ក្រុមហ៊ុន​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​បម្រើ​ផ្នែក​ផលិតកម្ម សេវាកម្ម និង​វិស័យ​ផ្សេងទៀត​ដល់ទី​ផ្សារ​តំបន់​ទាំងមូល​។ ចំណុច​នេះ​មិនទាន់​កើតមាន​ច្រើន​នៅ​កម្ពុជា​ទេ​។ ដូច្នេះ វា​ជា​បញ្ហា​ប្រឈម​បន្ទាប់ ដែល​ត្រូវ​ប្រែក្លាយ​កម្ពុជា​ទៅជា​កន្លែង​ដែល​ទាក់ទាញ​ក្នុង​តំបន់​សម្រាប់​ការធ្វើ​ជំនួញ​។ 
 
​រឿង​មួយ​ដែល​សហរដ្ឋអាមេរិក​ព្យាយាម​ធ្វើ​បច្ចុប្បន្ន​គឺ ជួយ​កម្ពុជា​ឲ្យ​សម្រេច​ជោគជ័យ​ក្នុង​ការជំរុញ​ការវិនិយោគ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​បម្រើ​ទីផ្សារ​តំបន់ ដ្បិតថា​បច្ចេកវិទ្យា​កំពុង​អភិវឌ្ឍ​ទៅមុខ​រហ័ស​ដែរ​។ 
 
ថ្មីៗ​៖ ចុះ​ចំនួន​ប្រជាជន​អាមេរិក​រស់នៅ​កម្ពុ​ជាមាន​ប៉ុន្មាន​ហើយ​? 
 
លោក William A.Heidt ​៖ មានតែ​វិធី​មួយ​ដែល​យើង​អាច​ដឹងបាន​គឺ​ការចុះឈ្មោះ​នៅ​ស្ថានទូត​។ យើង​មាន​ប្រព័ន្ធគ្រប់គ្រង​មួយ​ចំពោះ​ជនជាតិ​អាមេរិក​ដែល​ចុះ​ឈ្មើ ហើយ​បើសិន​ជាមាន​បញ្ហា​អ្វីមួយ យើង​អាចទាកទង​ទៅ​ពួកគាត់​បាន​តាមរយៈ​សារ​អេឡិចត្រូនិក​។ ខ្ញុំ​គិតថា អ្នក​ចុះឈ្មោះ​មាន​ត្រឹម​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយ​វា​ប្រហែលជា​ស្មើ​ត្រឹម មួយ​ភាគបី​ប៉ុណ្ណោះ​នៃ​ប្រជាជន​អាមេរិក​ទាំងអស់​ប៉ុណ្ណោះ​។ ប្រជាជន​អាមេរិក​ខ្លះ​មិន​យកចិត្តទុកដាក់ ហើយក៏​មិនបាន​ចុះឈ្មោះ​។ ប្រជាជន​អាមេរិក​ដើមកំណើត​ខ្មែរ​វិញ​នោះ​មាន​ច្រើន ហើយ​ពួកគេ​មិន​គិតថា ការចុះឈ្មោះ​ចាំបាច់​ឡើយ​។ ខ្ញុំ​យល់ថា ប្រជាជន​អាមេរិក​មាន​ប្រហែល​បី​ឬ​បួន​ម៉ឺន​នៅ​កម្ពុជា​។ ចំណែក​រៀងរាល់ឆ្នាំ​ប្រជាជន​អាមេរិក​ជា​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​កម្ពុ​ជាមាន​ច្រើនជាង​មួយ​សែន​នាក់​។ 
 
​ថ្មីៗ​៖ លោក​បានលើកឡើង​ពី​វិស័យ​បច្ចេកវិទ្យា និង​ឌីជីថល ហើយ​នៅ​កម្ពុជា​បច្ចុប្បន្ន វា​មាន​ក្រុមហ៊ុន Startups កាន់តែច្រើន​កំពុង​ផ្តោតលើ​វិស័យ​ទាំងអស់នេះ​។ ស្ថានទូត​អាមេរិក​ក៏បាន​រួមចំណែក​ច្រើន​ដែរ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យនេះ​។ តើ​លោក​យល់ឃើញ​បែបណា​ចំពោះ​និន្នាការ​ទាំងនេះ​? 
 
លោក William A.Heidt ​៖ ខ្ញុំ​យល់ថា វា​មានការ​រីកចម្រើន​ច្រើនណាស់​ក្នុង​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​ចុង​ក្រោយនេះ​។ ពីរ​ឬ​បី​ឆ្នាំមុន ក្មេងៗ​នៅ​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​លើ​បច្ចេកវិទ្យា និង​បើក​អាជីវកម្ម​ខ្លួនឯង​នោះ បានត្រឹមតែ​សំឡឹងមើល​អ្វីដែល​កើតឡើង​នៅ​ថៃ ម៉ាឡេស៊ី ឬ​វៀតណាម និង​ព្យាយាម​ចម្លង​តាម​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ វា​មាន Startups គ្រប់គ្រាន់ និង​មនុស្ស​គ្រប់គ្រាន់​ធ្វើការ​ងារ​លើ​វិស័យនេះ​។ ពួកគេ​ចាប់ផ្តើម​ពិភាក្សាគ្នា និង​មាន​ភាពខ្លាំង​ចាប់​ងើបឡើង​ក្នុង​វិស័យ​ជំនាញ​មួយចំនួន​ផង​។ វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) មានការ​រីកចម្រើន​នៅ​កម្ពុជា ហើយ​វា​ក៏មាន​ក្រុមហ៊ុន​រចនា​ហ្គេម​ល្អៗ​នៅ​កម្ពុជា​ថែមទៀត​។ ប្រព័ន្ធ​ជារួម​គឺ​វា​មាន​ការវិវត្ត និង​រីកលូតលាស់​រហ័ស​។ 
 
​ប៉ុន្តែ​បញ្ហា​នេះ​គឺ វិស័យនេះ​លូតលាស់​ឡើង​នៅ​គ្រាប់​ទីកន្លែង​ទូទាំង​អាស៊ាន​ទាំងមូល​ដូចជា​នៅ​បាងកក នៅ​សិង្ហ​បុរី និង​គូ​ឡា​ឡាំ​ពួរ​ជាដើម​។ គេ​លូតលាស់​រហ័ស កម្ពុជា​ចាំបាច់​ត្រូវ​ជំរុញ​ឲ្យ​វា​លូតលាស់​រហ័ស​ជាងនេះទៅទៀត​ដើម្បី​តាម​ឲ្យ​ទាន់​គេ​។ 
 
​ថ្មីៗ​៖ តើ​វា​ចាំបាច់​ត្រូវមាន​ការគាំទ្រ​បន្ថែម​មែន​ទេ​? 
 
លោក William A.Heidt ​៖ ពិត​ហើយ វា​ត្រូវការ​ការគាំទ្រ​ផ្សេងៗ​គ្នា​។ បញ្ហា​ជាច្រើន​ចាប់ផ្តើម​ដោះស្រាយ​ដោយ​ខ្លួនឯង​។  ក្មេងៗ​ជាច្រើន​ចាប់ផ្តើម​ចាប់អារម្មណ៍ គិតថា វា​ជា​ការងារ​ល្អ​។ ក្មេងៗ​កាន់តែច្រើន​ចាប់ផ្តើម​មាន​ជំនាញ​កុំព្យូទ័រ មាន​ជំនាញ​វិស្វកម្ម​កម្មវិធី​កុំព្យូទ័រ និង​ជំនាញ​សរសេរ​កូដ​ដែល​ច្រើន​ឆ្ងាយ​ជាង​កាលពី​បី​ឆ្នាំមុន​ដាច់​។ កាលពី​បី​ឆ្នាំមុន​បញ្ហា​ធំ​បំផុត​គឺ​ធនធានមនុស្ស​។ ឥឡូវនេះ​វា​នៅជាប​ញ្ហា​ដែរ​បញ្ហា​វា​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា​ខ្លួនឯងបាន​ហើយ​។  វា​ប្រាកដ​ណាស់​ថា វិស័យនេះ​ត្រូវការ​ការគាំទ្រ​។ ហើយ​ប្រទេស​ដទៃ​ជាច្រើន​រួមទាំង​អាមេរិក​ផង​នោះ​អាចរួមចំណែក​ជួយ​ដោះស្រាយបាន​។ 
 
ថ្មីៗ​៖ និយាយ​ពី​ធនធានមនុស្ស និង​យុវជន តើ​លោក​គិតថា យុវជន​ឥឡូវនេះ​កាន់​មាន​ជំនាញ​ខ្លាំង និង​មាន​សមត្ថភាព​ជាង​មុន​ឬក៏​យ៉ាងណា​?

លោក William A.Heidt ​វា​មិនមែន​ជាប​ញ្ហ​ប្រឈម​ដែល​កម្ពុជា​ប្រឈម​តែឯង​ទេ នៅ​អាមេរិក​ក៏​ប្រឈម​បញ្ហា​ស្រដៀង​គ្នា​ដែរ ព្រោះ​យើង​ត្រូវ​ធានាថា កម្លាំង​ពលកម្ម​ជាពិសេស​ប្រជាជន​ក្មេងៗ​នោះ​មាន​ជំនាញ​ដែល​គេ​ត្រូវការ ដែល​ធានាបាន​នូវ​ការលូតលាស់​នៃ​សេដ្ឋកិច្ច​។ វា​សំខាន់​ណាស់​។​
 
​មាន​ការងារ​ច្រើន​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ជំរុញ​ឲ្យ​ក្មេងៗ​ប្តូរ​ពី​ជ្រើសរើស​រៀន​ថ្នាក់​សាកលវិទ្យាល័យ​បួន​ឆ្នាំនេះ មករក​កម្មវិធី​បណ្តុះ​បណ្តាល​បច្ចេកទេស​វិញ​។ នេះ​ជួយ​ឲ្យ​ពួកគេ​មាន​ជំនាញ​អនុវត្ត​ការងារ​ជាក់ស្តែង​។ នៅ​ស្រុក​ខ្មែរ វា​មានការ​រីកចម្រើន​ច្រើនណាស់​លើ​បញ្ហា​ធនធានមនុស្ស​។ គិត​មើល ២០​ឆ្នាំមុន​តើ​ធនធានមនុស្ស​មាន​តិច​ប៉ុណ្ណា​។ 
 
​ប៉ុន្តែ​បញ្ហា​ប្រឈម គឺ​កម្ពុជា​ត្រូវ​ព្យាយាម​ស្វែងរក​គម្រូ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដែល​ត្រឹមត្រូវ និង​សក្តិសម​សម្រាប់​ខ្លួនឯង​។ វា​មាន​គម្រូ​នៃ​ការអប់រំ​ច្រើនណាស់​។ អាល្លឺម៉ង់​មាន​ប្រព័ន្ធ​ផ្ទាល់ខ្លួន សិង្ហ​បុរី​មាន​ប្រព័ន្ធ​ផ្ទាល់ខ្លួន​ដែរ ហើយ​វៀតណាម​ក៏មាន​ដូចគ្នា​។ ចំណែក​អាមេរិក​មាន​ប្រព័ន្ធ​ផ្ទាល់ខ្លួន​ដែលមាន​លក្ខណៈ​ចម្រុះ​ដោយ​រដ្ឋាភិបាល ក្រុមហ៊ុន ក៏ដូចជា​សាកល​វិទ្យា​ធ្វើការ​រួមគ្នា​។ ខ្ញុំ​គិតថា វា​អាច​សក្តិសម​នឹង​កម្ពុជា​។ គម្រូ​អប់រំ​បច្ចេកទេស​នៅ​អាល្លឺម៉ង់​ស្ថិតក្រោម​ការដឹកនាំ និង​ការសម្រេច​របស់​ថ្នាក់លើ​ច្រើនជាង (more centralized) ហើយ​វៀតណាម​ក៏​ដូចគ្នា​ដែរ​។ ដូច្នេះហើយ បញ្ហា​ចម្បង​របស់​កម្ពុជា​គឺ​ជ្រើសរើស​គម្រូ​ដែល​សក្តិសម​នឹង​ខ្លួនឯង​។ 
 
ថ្មីៗ​៖ និយាយ​ដល់​តួនាទី​របស់លោក​ជា​ឯកអគ្គរដ្ឋទូត តើ​អ្វី​ដែលជា​សមិទ្ធ​ផលរប​ស់លោក​ដែល​គួរ​ឲ្យ​មាន​មោទកភាព​បំផុត​នោះ​? 
 
លោក William A.Heidt  វា​ជាការ​ងារ​ដែល​រីករាយ​មួយ​។ ខ្ញុំ​ធ្វើ​ការងារ​ច្រើនណាស់ ហើយ​មានកម្ម​វី​ធី​ច្រើន​ផងដែរ ដោយ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ផង​, ជាមួយ​សហគមន៍​ធុរកិច្ច​ផង ធ្វើការ​ងារ​លើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ដូចជា​ធ្វើការ​ជាមួយ​អ្នកកាសែត និង​យុវជន បញ្ហា​វប្បធម៌​, បញ្ហា​យោធា​, ស្វែង រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នៅ​កម្ពុជា​ក្នុងសម័យ​សង្គ្រាម (POW/MIA) និង​ធ្វើ​ការងារ​លើ​បញ្ហា​ផ្សេងទៀត​ជាច្រើន​។​
 
​អ្វីដែល​ខ្ញុំ​មាន​មោទកភាព​បំផុត​នោះ​គឺ​ធ្វើ​ការងារ​លើ​បញ្ហា​អភិវឌ្ឍ​សេដ្ឋកិច្ច​។ បញ្ហា​ប្រឈម​ខាងមុខ​របស់​កម្ពុជា គឺ ការប្រកួតប្រជែង​ជាមួយ​គេ​។ កម្ពុជា​លែង​ជា​ប្រទេស​ចំណូល​ទាប​ទៀតហើយ​។ បច្ចុប្បន្ននេះ​កម្ពុជា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​។ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មកនេះ កម្ពុជា​មានការ​អភិវឌ្ឍ​ទៅមុខ​ល្អ ហើយ​មាន​ភាព​វិជ្ជមាន​ច្រើន​។ សម្រាប់​ពេល ២០​ឆ្នាំ​ទៅមុខ កម្ពុជា​ត្រូវ​ផ្តោតលើ​ការប្រកួតប្រជែង​ជាមួយ​វៀតណាម​, ម៉ាឡេស៊ី ថៃ ឬ​ប្រទេស​ផ្សេងទៀត​ដែរ​។​
 
​ខ្ញុំ​គិតថា តាមរយៈ​កម្មវិធី​រប​ស់​យើង វា​មាន​ការផ្តោត​យកចិត្តទុកដាក់​លើ​ការផលិត​សម្ភារ​សម្រាប់​ការធ្វើដំណើរ​, បច្ចេកវិទ្យា​, កសិកម្ម រួមជាមួយ​ស្ត្រី​ក្នុង​ភាពជា​សហគ្រិន​ជាដើម ដែល​វា​បានបង្ហាញ​ប្រាប់​ប្រជាជន​កម្ពុជា​ថា អាមេរិក​ជា​ដៃគូ​ដ៏​ល្អ​ដែល​អាចជួយ​កម្ពុជា​ប្រកួតប្រជែង​ជាមួយ​គេ​លើ​ពិភពលោក​។ នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ទំនាក់ទំនង​ល្អជា​មួយ​អាមេរិក​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​គាំទ្រ​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងដំណាក់កាល​បន្ទាប់​នៃ​ការអភិវឌ្ឍ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​មាន​មោទកភាព​ជាងគេ​។​
​ហើយ វា​មាន​ភាព​រីករាយ​ខ្លាំងណាស់​។ អ្នកដឹង​ទេ ខ្ញុំ​ជា​អ្នកសេដ្ឋកិច្ច ហើយ​វា​ជា​អ្វីដែល​ខ្ញុំ​ពេញចិត្ត​ពេញចិត្ត​ជាងគេ​។ ដូច្នេះ វា​គ្មាន​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ខ្ញុំ​ផ្តោតលើ​ការងារ​ដែល​ខ្ញុំ​មាន​ជំនាញ​នោះ​។​
 
ថ្មីៗ​៖ លោក​បាន​លើកឡើងថា ស្ត្រី​នឹងមាន​តួនាទី​ចម្បង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងប្រទេស​ដូចជា​កម្ពុជា​។ តើ​ដូច្នេះ​មែន​ទេ​? 

លោក  William A.Heidt ​៖ ពិត​ហើយ​។ ខ្ញុំ​គិតថា កម្ពុជា​គួរតែ​ជាទី​កន្លែង​មួយ​ងាយស្រួល​ជាងគេ​សម្រាប់​ស្ត្រី​ក្នុង​ការធ្វើ​ជំនួញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ងាយស្រួល​សម្រាប់​ស្ត្រី​ក្នុងការ​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ​ដែរ​។ ពេល​និយាយ​ដល់​កម្ពុជា គេ​គួរ​គិត​ឃើញ​ដល់ទី​កន្លែង​មួយ​ដែល​រដ្ឋាភិបាល​រួមចំណែក​ច្រើន​ក្នុង​ការជួយជ្រោមជ្រែង​ស្ត្រី​ខ្លាំង​ជាង​ប្រទេស​ផ្សេងៗ​ទៀត​។ ហេតុអ្វី​វា​សំខាន់​?
 
​ក្រឡេកមើល​ការអភិវឌ្ឍ​កាលពី ២០​ឆ្នាំ ចំណុច​មួយ​ដែល​កម្ពុជា​គួរ​មាន​មោទកភាព​ខ្លាំង​បំផុត​នោះ​គឺ ការជំរុញ​ឱកាស​អប់រំ​សម្រាប់​ក្មេងស្រី​។ កាល​ខ្ញុំ​មក​កម្ពុជា​កាលនោះ ក្មេងស្រី​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ទៅ​សាលារៀន ប៉ុន្តែ​ពេលនេះ​ក្មេងស្រីៗ​ច្រើនណាស់​ដែលមាន​លទ្ធភាព​ទៅ​រៀន​។ មួយទៀត​ គឺ​សុខាភិបាល​។ ក្នុងនោះមាន​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​លើ​បញ្ហា​អត្រា​មរណ​ទារក និង​សុខភាព​មាតា​។ ក្នុងន័យ​អភិវឌ្ឍ​ជា​មូលដ្ឋាន កម្ពុជា​បាន​ថែរក្សា​ស្ត្រី​បានល្អ​ប្រសើរ​ណាស់​។​ចុះ​មាន​អ្វី​ត្រូវធ្វើ​បន្តទៀត​? 
 
​នៅតាម​សាកលវិទ្យាល័យ​មាន​និស្សិត​ស្រី​ច្រើន​ដូច​និស្សិត​ប្រុស ហើយ​ពួកគេ​ត្រូវ​ចូលប្រឡូក​ក្នុង​ទីផ្សារការងារ​។ វា​នៅមាន​របាំង​ខ្លាំង​សម្រាប់​ពួកគេ​ជា​ស្ត្រី​។ យើង​ឃើញ​មាន​ក្នុងនោះ​មាន​ស្ត្រី​តិចតួច​ប៉ុណ្ណោះ​កាន់តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុង​ស្ថាប័ន​យុត្តាធិការ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម​ដូចជា​យោធា​។ ប៉ុន្តែ​យើង​ឃើញថា ស្ត្រី​មានឱកាស​ច្រើន​បំផុត​ក្នុង​វិស័យ​ជំនួញ ហើយ​វា​ជា​រឿង​ឆ្លាត​វៃ​ដែល​កម្ពុជា​ត្រូវ​លើកស្ទួយ​បញ្ហា​នេះ​បន្ថែម​ដើម្បី​ធានាថា​កម្ពុជា​ទីកន្លែង​មួយ​ក្នុង​តំបន់​ដែល​ស្ត្រី​ជោគជ័យ​បំផុត​ក្នុង​វិស័យ​ជំនួញ​។ នៅ​កម្ពុជា​បច្ចុប្បន្ន វា​មាន​ស្ត្រី​គម្រូ​ដ៏​អស្ចារ្យ​និង​ជោគជ័យ​ក្នុង​ជំនួញ​ច្រើន​រួចទៅហើយ​៕
 

Tag:
 លោក William A.Heidt
 ​កម្ពុជា​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com