ជាតិ
បុណ្យអុំទូក
អាកាសធាតុ​ក្តៅ​ធ្វើ​កីឡាករ​ឆាប់​ហត់ ឈឺក្បាល ឈឺសន្លាក់​ដៃជើង ប៉ុន្តែ​មិនមាន​បញ្ហា​ធំ​ឡើយ​
22, Nov 2018 , 3:41 pm        
រូបភាព
​នា​ព្រឹក​ថ្ងៃទី​ពីរ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក មាន​កីឡាករ​ជាង​១០០​នាក់ បាន​ទៅ​ពិនិត្យមើល​សុខភាព​របស់ខ្លួន ដោយ​អ្នកខ្លះ​ឈឺសន្លាក់​ដៃជើង ឈឺក្បាល វិលមុខ ប៉ុន្តែ​មិនមាន​លក្ខណៈ​ទ្រុឌទ្រោម​នោះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី សុខ សុថា​វី អនុប្រធាន​គ្រប់គ្រង​តង់​សុខាភិបាល A25 ដែល​ប្រចាំការ​សម្រាប់​ក្រុម​កីឡាករ​អុំទូក​ពី​ខេត្តកណ្តាល និង​ពលរដ្ឋ​ទូទៅ​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey អ្នកស្រី សុខ សុថា​វី បាន​បញ្ជាក់ថា ថ្ងៃទី​ពីរ​នេះ អាកាសធាតុ​ហាក់ដូចជា​ក្តៅ​ខ្លាំង ដូច្នេះ​កីឡាករ​អុំទូក​មួយចំនួន​មាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ជាពិសេស​ការនឿយហត់​របស់​ពូក​គាត់​កាលពី​ថ្ងៃ​ទីមួយ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ អ្នកស្រី​បានបញ្ជាក់​ថា ពួកគាត់​គ្រាន់តែ​ទៅ​ដើម្បី​សុំ​ការសង្គ្រោះ​បឋម​ប៉ុណ្ណោះ មិនមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។​
 
​អ្នកស្រី​បានបញ្ជាក់​ថា តង់​សុខភាព​នេះ មាន​រថយន្ត​សង្គ្រោះ​ចំនួន​៣​គ្រឿង ដែលមាន​លេខ​សម្គាល់​៣៨ ៣៩ និង​៤៩ ទទួល​ការខុសត្រូវ​សម្រាប់​កីឡាករ​ទូទាំង​ខេត្តកណ្តាល​៕









© រក្សាសិទ្ធិដោយ thmeythmey.com