ជាតិ
សង្គមជាតិ
ករណីចាក់ដីលុបឆ្នេរដើម្បីធ្វើអ៊ូទូក អាជ្ញាធរខេត្តព្រះសីហនុ កាយចេញវិញហើយ
× ការចាក់ដីលុបរំលោភយកឆ្នេរសមុទ្រ ដើម្បីពង្រីកអ៊ូទូក (កន្លែងជួសជុលទូក) មួយកន្លែងនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានកាយចេញវិញហើយនៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីមានបញ្ជាពីរដ្ឋបាលខេត្តព្រះសីហនុ។ បញ្ជានេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា ម្ចាស់អាជីវកម្មខាងលើចាក់ដីលុប ពុំមានសុំច្បាប់អនុញ្ញាត។ តែយ៉ាងណា ថ្នាក់ដឹកនាំខេត្តគាំទ្រចំពោះគម្រោងអាជីវកម្មបែបនេះ ប៉ុន្តែត្រូវធ្វើក្រោមលក្ខខណ្ឌច្បាប់។
ក្រោយមានការអន្តរាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់អ៊ូទូកដែលបានចាក់ដីលុបឆ្នេរសមុទ្រដោយគ្មានសុំច្បាប់អនុញ្ញាតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ បានដាក់គ្រឿងចាក់កាយដីចេញវិញហើយ នៅព្រឹកថ្ងៃទី២២ ខែវច្ឆិកា ឆ្នាំ២០១៨នេះ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យទីតាំងចាក់ដីខុសច្បាប់ខាងលើ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់យ៉ាងដូច្នេះថា៖«កន្លងមកម្ចាស់អ៊ូទូកបានចាក់ដីជួសជុលកន្លែងអ៊ូទូក តែពុំបានសុំច្បាប់អនុញ្ញាតនោះទេ ដែលជាហេតុធ្វើឲ្យការចាក់នេះ វារំលោភច្បាប់និងខុសបច្ចេកទេស ដូច្នេះនៅថ្ងៃនេះរដ្ឋបាលខេត្ត ឲ្យម្ចាស់អ៊ូទូកនេះកាយដីចេញវិញ»។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ
តែយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុគាំទ្រចំពោះគម្រោងពង្រីកអ៊ូទូកខាងលើឲ្យមានស្តង់ដារ ក្នុងការបំពេញតម្រូវការនាពេលបច្ចុប្បន្ន។ អភិបាលរងខេត្តខាងលើបានរៀបរាប់ថា៖«រដ្ឋបាលខេត្តគាំទ្រចំពោះគម្រោងជួសជុលនេះ ព្រោះយើងត្រូវធ្វើកន្លែងនេះឲ្យមានភាពល្អប្រសើរជាងមុខ ដើម្បីឆ្លើយតបនឹងតម្រូវការ។ ប៉ុន្តែម្ចាស់អ៊ូទូកនេះ ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិនដើម្បីយើងចាត់ក្រុមជំនាញឲ្យមកត្រួតពិនិត្យ»។
ដោយមើលឃើញពីតម្រូវការបច្ចុប្បន្ន និងស្ថានភាពចាស់ទ្រុឌទ្រោម ទើបធ្វើឲ្យម្ចាស់អ៊ូទូកខាងលើចង់ពង្រីកកន្លែងជួសជុលទូកមួយនេះឲ្យមានស្តង់ដារដែលអាចអនុញ្ញាតឲ្យទូកធំៗចូលបាន ដោយពុំបាច់ទៅជួសជុលនៅក្រៅប្រទេស។ ព្រោះកន្លងមកប្រជានេសាទ ដែលមានទូកធំៗតែងទៅជួសជុលនៅប្រទេសថៃ និងវៀតណាម។ នេះបើតាមការអះអាងរបស់លោក ឆាយ សុគន្ឋដា អភិបាលស្រុកស្ទឹងហាវ។
«អ៊ូទូកនេះមានសភាពទ្រុឌទ្រោមមិនអាចផ្តល់សេវាជូនប្រជាពលរដ្ឋមានទូកធំៗបាននោះទេ។ ប៉ុន្តែក្រោយផ្លាស់ប្តូរម្ចាស់អ៊ូទូកថ្មី គេចង់ពង្រីកទីតាំងឲ្យមានស្តង់ដារ ដើម្បីផ្តល់សេវាដល់ប្រជានេសាទដែលតែងតែទៅជួសជុលនៅថៃ និងវៀតណាម។ ដោយមើលឃើញពីសារសំខាន់បែបនេះ ទើបម្ចាស់អ៊ូទូកសុំជួសជុល និងពង្រីកលក្ខណទ្រង់ទ្រាយតូច ប៉ុន្តែពេលគាត់ចាក់ដីឃើញថា មានទ្រង់ទ្រាយធំ និងខុសបច្ចេកទេស»។ នេះជាការលើកឡើងរបស់លោក ឆាយ សុគន្ឋដា ហើយបានបន្ថែមថា ការចាក់ដីលុបនេះមិនត្រឹមតែខុសបច្ចេកទេសនោះទេ ថែមទាំងគ្មានច្បាប់អនុញ្ញាតទៀតផង។
បច្ចុប្បន្នមានទូកនេសាទប្រមាណជិត១ពាន់ទូក ដែលមកទទួលសេវាជួយជុលនៅអ៊ូទូកខាងលើ។ អ៊ូទូកដែលមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនេះ បានដាក់ឲ្យដំណើរការជិត៣០ឆ្នាំមកហើយ។ ហើយបច្ចុប្បន្នម្ចាស់អ៊ូទូក ដែលកំពុងកាយដីចាក់ខុសច្បាប់ចេញខាងលើអះអាងថា ខ្លួននឹងសុំច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបន្តគម្រោងជួសជុលមួយនេះ។ នេះបើតាមការលើកឡើងរបស់លោកអភិបាលស្រុកស្ទឹងហាវ៕
© រក្សាសិទ្ធិដោយ thmeythmey.com