សង្គមអន្តរជាតិ​
អន្តរជាតិ
ចំនួន​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​ធ្លាក់ចុះ​ជា​លើកដំបូង ក្នុងពេល​២០​ឆ្នាំ​ចុងក្រោយ
23, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
​ចំនួន​ប្រជាជន​សរុប​នៃ​រដ្ឋធានី​របស់​ចិន​ក្នុង​ឆ្នាំ​២០១៧ បាន​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ការធ្លាក់ចុះ​នេះ​គឺ​ស្ថិតក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ក្រុង​ប៉េកាំង ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ចំនួន​ប្រជាជន ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ទប់ស្កាត់​ការកើនឡើង​នៃ​តម្លៃ​ផ្ទះ​ជាដើម​។​

 
​ចំនួន​ប្រជាជន​ចិន​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ប៉េកាំង​មាន​ចំនួន​២១,៧​លាន​នាក់ កាលពី​ឆ្នាំ​
២០១៧ ដែល​ចំនួន​ធ្លាក់ចុះ​ប្រមាណ ២២០០០ នាក់​ធៀប​នឹង​ឆ្នាំ ២០១៦​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua  បាន​ដកស្រង់​ទិន្នន័យ​របស់​សភា​ប្រជាជន​ចិន នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​ថា ការធ្លាក់ចុះ​នេះ​គឺ​ស្មើនឹង ៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ 
 
​មូលហេតុ​នៃ​ការធ្លាក់ចុះ​នៃ​ចំនួន​ប្រជា​ជននេះ​គឺ​ដោយសារតែ រដ្ឋបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ជំរុញ សមាហរណកម្ម​សេដ្ឋកិច្ច ជាមួយ​ខេត្ត​នៅក្បែរ​ខាង​របស់ខ្លួន​ដូចជា​ខេត្ត Hebei និង​ទីក្រុង Tianjin ដើម្បី​ជា​ថ្នូរ​ដល់​ការអនុញ្ញាត​ឲ្យ​សកល​វិទ្យាល័យ អគារ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឧស្សាហកម្ម​របស់ខ្លួន​អាច​រើ​ទីតាំង​ទៅកាន់​តំបន់​នោះបាន​។  
 
​មួយវិញទៀត​នោះ រដ្ឋបាល​ក្រុង​ប៉េកាំង ក៏បាន​បង្កើត​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​របស់ខ្លួន​នៅ​តំបន់ Xiongan នៅ​ខេត្ត Hebei  ដែលមាន​តួនាទី​ស្រដៀង​នឹង​រដ្ឋធានី​ប៉េកាំង និង​កំពុង​វិនិយោគ​យ៉ាងច្រើន​លើ​វិស័យ​ដឹកជញ្ជូន​នៅ​ទីនោះ​ថែម​ទៀង​ផង ដើម្បី​ជួយ​ដល់​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។​
 
 
​តាមពិតទៅ ចំនួន​ប្រជាជន​សរុប​ក្នុង​ទីក្រុង​ប៉េកាំង​បាន​កើនឡើង​ប្រហែល​ជាង​៦៥​ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក ខណៈ​ការប្រើប្រាស់​ថាមពល​បាន​ហក់​ឡើង​ជាង​ពីរដង និង​ចំនួន​យានយន្ត​កើនឡើង​បី​ដង​ឯណោះ​។ ចំពោះ​សន្ទុះ​យ៉ាង​លឿន​នៃ​ចំនួន​ប្រជាជន​នៅ​ទីក្រុង​ប៉េកាំង​បែបនេះ ក្នុង​ឆ្នាំ​២០១៦ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់បាន​អះអាងថា ខ្លួន​នឹង​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ចំនួន​ប្រជាជន​របស់ខ្លួន ឲ្យ​នៅត្រឹម​ចំនួន​២៣​លាន​នាក់ គិត​ត្រឹម​ចុងឆ្នាំ​២០២០​ខាងមុខ​។​
 
​ខណៈ​ទីក្រុង​ធំៗ​ដូចជា ប៉េកាំង និង​សៀង​ហៃ បាន​ប្រឹងប្រែង​គ្រប់គ្រង​កំណើន​នៃ​ប្រជាជន​របស់ខ្លួន រដ្ឋាភិបាល​ចិន​ក៏​កំពុង​ព្យាយាម​ចាត់វិធានការ ដើម្បី​ផ្តល់​សន្ទុះ​ដល់​កំណើនប្រជាជន​នៅ​តំបន់​ផ្សេងៗ​ទៀតផង​ដែរ ដ្បិតថា​ការធ្លាក់​នៅ​ទូទាំងប្រទេស ត្រូវបាន​គេ​រំពឹងថា នឹង​នៅតែ​បន្ត​នា​ឆ្នាំ​ខាងមុខ​ទៀត​។ 
 
​សូមបញ្ជាក់ថា គេ​រំពឹងថា ចំនួន​ប្រជាជន​ចិន​វ័យ​ចំណាស់ នឹង​កើន​ឡើងដល់ ៤០០​លាន​នាក់ នា​បំណាច់​ឆ្នាំ​២០៣៥  ដែល​ហក់​ឡើង​ពី​ចំនួន ២៤០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨​នេះ​។ ចំនួន​ប្រជាជន​ចាស់​ដ៏​ច្រើន​បែបនេះ​បានធ្វើ​ឲ្យ​សេវាកម្ម​សុខាភិបាល និង​ជំនួយ​សម្រាប់​និវត្តន៍​ជន ស្ថិតក្នុង​គំនាប​យ៉ាងខ្លាំង​ផងដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​សមាគម​សន្តិសុខ​សង្គម​របស់​ចិន កាលពី​ឆ្នាំ​២០១៧៕ 

Tag:
 ចិន​
  ប្រជាជន​សរុប​
  ប៉េកាំង​
© រក្សាសិទ្ធិដោយ thmeythmey.com