ជាតិ
បុណ្យអុំទូក
អុំទូក៖ រយៈពេលបីថ្ងៃ ភ្ញៀវទេសចរបរទេសជាង ១ម៉ឺន២ពាន់នាក់ មកទស្សនាការប្រណាំងទូក រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក មានភ្ញៀវទេសចរអន្តរជាតិជាង ១ម៉ឺន២ពាន់នាក់ បានចូលរួមទស្សនាការប្រណាំងទូក នៅលើវេទិកាដែលរៀបចំដោយក្រសួងទេសចរណ៍។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានបញ្ចប់កាលពីម្សិលមិញនេះ។ ក្នុងរយៈពេលបីថ្ងៃនេះ ភ្ញៀវទេសចរបរទេសជាង ១ម៉ឺន២ពាន់នាក់ បានមកទស្សនាការប្រណាំងទូក និងបណ្ដែតប្រទីប នៅលើវេទិកាដែលរៀបចំដោយក្រសួងទេសចរណ៍។
បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ៖ «កាលពីម្សិលម្ងៃ វេទិការបស់ក្រសួងទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍បរទេសជាង ៣ពាន់នាក់ រីឯនៅថ្ងៃម្សិលមិញ បានទទួលភ្ញៀវទេសចរបរទេសជាង ៤ពាន់នាក់ ហើយនៅថ្ងៃនេះ វេទិកាដដែលនេះ បានទទួលភ្ញៀវទេសចរបរទេសដល់ទៅជាង ៥ពាន់នាក់។ ដូច្នេះសរុបចំនួនទេសចរបរទេសទាំងបីថ្ងៃនេះ មានប្រមាណជាជាង ១ម៉ឺន២ពាន់នាក់»។
លោក ថោង ខុន បន្ថែមថា ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ទាំងកំណើន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ការពង្រឹងសន្តិសុខ, សណ្ដាប់ធ្នាប់សាធារណៈ និងការរៀបចំពិធីនានានៅត្រើយខាងកើត និងត្រើយខាងលិច។ នេះបើតាមទំព័រហ្វេសប៊ុកដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com