ជាតិ
បុណ្យអុំទូក
២៥ខេត្ត/រាជធានី
អុំទូក​៖ ភ្ញៀវទេសចរ​ជិត ២​ម៉ឺន​នាក់​សម្រុក​ទៅលេង​ខេត្តរតនគិរី​, ដោយ​ភ្ញៀវទេសចរ​ខ្លះ​សម្រាក​នៅតាម​វត្ត​
24, Nov 2018 , 11:50 am        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ តំបន់​ភូមិភាគ​ឦសាន​ខេត្តរតនគិរី បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ចំនួន ១៨,៥៦២​នាក់​។ ចំនួន​ភ្ញៀវទេសចរ​ក្នុងឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំមុន ហើយ​មាន​ភ្ញៀវទេសចរ​ខ្លះ​សម្រាក​នៅតាម​វត្ត ដោយសារ​គ្មាន​បន្ទប់​ស្នាក់នៅ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​។


 
​តំបន់​ភូមិភាគ​ឦសាន​ខេត្តរតនគិរី ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាំ​ង​៣​ថ្ងៃនេះ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​ចំនួន ១៨,៥៦២​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ១៨,២១៩​នាក់ និង​អន្តរជាតិ មាន​ចំនួន ៣៤១​នាក់​។ ចំនួន​ភ្ញៀវទេសចរ​នេះ កើនឡើង ១១៨,២% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។​


 
​លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានមក​លេង​ខេត្តរតនគិរី​ច្រើន​។ ហើយ​ភ្ញៀវទេសចរ​ខ្លះ​សម្រាក​នៅតាម​វត្ត​ផងដែរ ដោយសារតែ​មិនមាន​បន្ទប់​ស្នាក់នៅ​»​។​ 



​កត្តា​ធម្មជាតិ និង​អាកាសធាតុ​ល្អ បាន​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ពី​តាម​បណ្ដា​ខេត្ត​នានា ទៅ​កម្សាន្ត​នៅ​ខេត្តរតនគិរី​យ៉ាងច្រើន​កុះករ​។ ក្នុង​ថ្ងៃ​អុំទូក​ទាំងបី​ថ្ងៃនេះ តំបន់​ទេសចរណ៍​ដែល​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ គឺ​តំបន់​រមណីយដ្ឋាន​បឹង​យក្ស​ឡោម ខណៈ​តំបន់​ទេសចរណ៍​១៣​ទីតាំង​ផ្សេងទៀត មាន​ភ្ញៀវទេសចរ​មធ្យម​។ 


 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បញ្ជាក់ថា ការ​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​ច្រើន​បែបនេះ មាន​កត្តា​៥​ចំណុច គឺ​កត្តា​ផ្លូវថ្នល់​, សេដ្ឋកិច្ច​, សុវត្ថិភាព ចរាចរណ៍​, ពេលវេលា និង​អេកូ​ទេសចរណ៍​ខេត្តរតនគិរី​។ ដ្បិត​ចំនួន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើន ក៏ប៉ុន្តែ​បញ្ហា​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម​។ លោក ង៉ែត ពិ​ទូ អះអាងថា ខាង​មន្ទីរ​បានដាក់​ធុងសំរាម​ជាច្រើន​នៅតាម​ទីតាំង​នីមួយៗ ប៉ុន្តែ​ភ្ញៀវទេសចរ​មួយចំនួនធំ នៅតែ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​៕
 

Tag:
 រតនគិរី​
  អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com