កីឡាជាតិ
ជាតិ
AFF Suzuki៖ ទោះ​ហាលអាវ តែ​កម្ពុជា​ចង់បាន​កំណត់ត្រា​ឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម​លើកដំបូង​បំផុត​
24, Nov 2018 , 12:01 pm        
រូបភាព
ដោយ: រួបរួម
ទោះបី​ឈ្នះ​ឡាវ ៣-១ កាលពី​៤​ថ្ងៃមុន​ក៏ដោយ តែ​កម្ពុជា​អស់សិទ្ធិ​ផ្លូវការ​ទៅកាន់​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ហើយ បន្ទាប់ពី​ចាញ់​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​។ ទោះបីជា​យ៉ាងណា ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល A នៅ​កីឡដ្ឋាន Hang Day ក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ម៉ោង​៧ និង​៣០​ល្ងាច​នេះ នៅតែ​ជា​បេសកកម្ម​ដ៏​សំខាន់​របស់​ក្រុម​កម្ពុជា ក្នុងការ​បំបែក​កំណត់ត្រា ដោយ​ពួកគេ​មិន​ដែលមាន​ប្រវត្តិ​ឈ្នះ​អ្នកជិតខាង​មួយ​នេះ ទាល់តែ​ក្នុងការ​ប្រកួត​ផ្លូវការ​។​



អត្ថបទទាក់ទង

​កម្ពុជា មិន​ដែលមាន​ប្រវត្តិ​ឈ្នះ​វៀតណាម​ឡើយ សម្រាប​ការប្រកួត​ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ខណៈ​ជំនួប​៦​លើក​កន្លងមក​ក្នុង​ពាន AFF Suzuki Cup វៀតណាម​ឈ្នះ​ទាំង​៦​លើក ជាមួយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​២៩​គ្រាប់ ហើយ​កម្ពុជា​តបត​វិញ បានតែ​៥​គ្រាប់​ប៉ុណ្ណោះ​។​

​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​នេះ កម្ពុជា ជួប វៀតណាម​ដំបូង​នៅ​ឆ្នាំ​១៩៩៦ ដោយ​រង​បរាជ័យ ៣-១ ហើយ​ជួប​៥​លើក​បន្ថែម ដោយ​វៀតណាម​ឈ្នះ ៦-០ នៅ​ឆ្នាំ​២០០០ ឈ្នះ ៩-២ នៅ​ឆ្នាំ​២០០២ ឈ្នះ ៩-១ នៅ​ឆ្នាំ​២០០៤ និង​បន្ត​ឈ្នះ ២-១ នៅ​ឆ្នាំ​២០១៦ ។​



ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​ធ្លាប់បាន​យកឈ្នះ​ក្រុម​វៀតណាម​ខាងត្បូង (​នា​អំឡុង​សង្គ្រាម​វៀតណាម​) ផងដែរ​។ ក្នុងចំណោម​ជំនួប​៦​លើក​ចន្លោះ​ពី​ឆ្នាំ​១៩៥៦ ដល់​ឆ្នាំ​១៩៧៤ កម្ពុជា​ឈ្នះ​៣​លើក វៀតណាម​ខាងត្បូង​ឈ្នះ​៣​លើក​។​

​សម្រាប់​ជំនួប​ជាមួយ​វៀតណាម ឬ​អតីត​វៀតណាម​ខាងជើង​វិញ លទ្ធផល​ដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​នោះ គឺ​ការ​ស្មើ​ចំនួន​២​លើក​ក្នុង​ព្រឹត្តិការណ៍​ហ្គា​ណេ​ហ្វូ (Ganefo) ដោយ​ស្មើ ១-១ នា​វគ្គ​ជម្រុះ​នៅ​ព្យុងយ៉ាង នា​ឆ្នាំ​១៩៦៥ និង​ស្មើ ២-២ នៅ​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​១៩៦៦ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​ក្រៅផ្លូវការ កម្ពុជា​ក៏​ធ្លាប់​ឈ្នះ​ក្រុម​វៀតណាម​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ប៉ែន ផាត អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ និង​ឯកសារ​មួយចំនួន​។​

​កាលពី​ឆ្នាំ​២០១៧ កម្ពុជា បាន​ចាញ់​វៀតណាម​ទាំងពីរ​ជើង​នា​វគ្គ​ជម្រុះ AFC Asian Cup ដោយ​ចាញ់ ២-១ នៅ​ភ្នំពេញ និង​បន្ត​ចាញ់ ៥-០ នៅ​ហាណូយ​៕


Tag:
 AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com