ជាតិ
២៥ខេត្ត/រាជធានី
របរ​ដាំ​ត្រសក់​នៅ​បាត់ដំបង ចំណេញ​ច្រើន ខាត​ក៏​ច្រើន​
24, Nov 2018 , 1:22 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ របរ​ដាំ​ត្រសក់​របស់​កសិករ​នៅ​ខេត្តបាត់ដំបង ទទួលបាន​ផលចំណេញ​ច្រើន ហើយ​ខាត​ក៏​ច្រើន​ដែរ​។ អ្នកស្រី វេត ស៊ីណា ជា​ម្ចាស់​ចម្ការ​ត្រសក់​មួយកន្លែង នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​។ នៅលើ​ផ្ទៃដី​ប្រមាណ ២​ហិកតា ត្រសក់​របស់​អ្នកស្រី ស៊ីណា អាច​ប្រមូល​ផល​ក្នុង​១​ថ្ងៃ ពី​៣​ទៅ​៤​តោន​។ ក្នុង​១​ខែ អ្នកស្រី ស៊ីណា អាច​រកចំណូលបាន​ជា​ង ៣៣​លាន​រៀល ពី​ដំណាំ​ត្រសក់​នេះ​។


 
​អ្នកស្រី វេត ស៊ីណា ប្រកប​របរ​ដាំ​ត្រសក់​លក់ ជាង​២​ឆ្នាំ​មកហើយ ក្នុង​ទំហំ​ផ្ទៃដី​២​ហិកតា​។ កសិករ​រូបនេះ បាន​ប្រាប់​ថ្មីៗ​២៥​ឲ្យ​ដឹងថា​៖ «​របរ​នេះ ចំណេញ​ក៏​ច្រើន ហើយ​ខាត​ក៏​ច្រើន​ដែរ​។ បើ​ខែត្រ​សក់​បាន​ថ្លៃ ១ ខែ អាច​រកចំណូលបាន​ជា​ង ៣៣​លាន​រៀល តែបើ​ខែ​ធ្លាក់​ថ្លៃ​វិញ ១ ខែ អាច​ខាត​ដល់ ១៥​លាន​រៀល​ក៏មាន​»​។ កសិករ​មាន​វ័យ​២៧​ឆ្នាំ​រូបនេះ អាច​ផ្គត់ផ្គង់​ត្រសក់​ក្នុង​ទីផ្សារ ១​ថ្ងៃ ពី​៣​ទៅ​៤​តោន នៅក្នុង​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ 


 
​បច្ចុប្បន្ន ត្រសក់​របស់​អ្នកស្រី ស៊ីណា បោះ​ឲ្យ​ឈ្មួញកណ្ដាល មានតម្លៃ​ពី​៨០០ ទៅ​១០០០​រៀល​ក្នុង​១​គីឡូ​ក្រោម តែបើ​ធ្លាក់​ថ្លៃ​វិញ មានតម្លៃ​ពី ២០០ ទៅ ៣០០​រៀល​ប៉ុណ្ណោះ​។ កសិករ​រស់នៅ​ភូមិ​រ៉ូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​ភាគច្រើន ប្រកប​របរ​ដាំ​ត្រសក់​នេះ​។ អ្នកស្រី ស៊ីណា និង​ស្វាមី សម្រេចចិត្ត​ដាំ​ត្រសក់ ដោយសារតែ​ដាំ​ណាំ​នេះ​ឆាប់​បាន​ប្រមូល​ផល​។ 


 
​ស្វាមី​របស់​អ្នកស្រី ស៊ីណា ក៏បាន​លើកឡើង​ជុំវិញ​ដំណាំ​ត្រសក់​នេះដែរ​។ គាត់​ថា​ការដាំ​ត្រសក់​នេះ ជា​រឿង​មួយ​ដែល​ប្រថុយ ព្រោះ​ទីផ្សារ​មិន​ច្បាស់លាស់​។ បើតាម​កសិករ​ដដែល ជាង​២​ឆ្នាំ​មកនេះ លោក​បាន​ខាត​ចំនួន ៤​ដង​ឯណោះ ដោយសារ​ត្រសក់​ធ្លាក់​ថ្លៃ​។ ទោះយ៉ាងណា ស្វាមី​របស់​អ្នកស្រី ស៊ីណា អះអាងថា ទោះ​ដាំ​ត្រសក់​ខាត ក៏​លោក និង​គ្រួសារ​បន្ត​ដាំ​ដំណាំ​នេះដែរ ព្រោះតែ​ខ្លួន​មិនមាន​ជំនាញ​អ្វី​ផ្សេង​។​

 







​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕
 
 

Tag:
 កសិកម្ម​
  ត្រសក់​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com