ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក​នៅ​ភ្នំពេញ មាន​ពលរដ្ឋ​ចូលរួម ៤,៥​លាន​នាក់
24, Nov 2018 , 2:46 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨​នេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៤,៥​លាន​នាក់​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​។



​ប្រជាពលរដ្ឋ​ប្រមាណ ៤,៥​លាន​នាក់ បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ខណៈ​ប្រជាពលរដ្ឋ​មួយចំនួន ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ក​ក្នុងប្រទេស​កម្ពុជា​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ មិនមាន​ព្រឹត្តិការណ៍​ណាមួយ​កើតឡើង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​សន្តិសុខ​ឡើយ​។ 


 
​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ រយៈពេល​៣​ថ្ងៃនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​អប់រំ​ដល់​ពលរដ្ឋ​ចំនួន ៣៣​នាក់ ដែល​បាន​ពាក់អាវ​មាន​អក្សរ POLICE និង ARMY​។ បន្ថែម​លើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។ 
 
​ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃនេះ សមត្ថកិច្ច និង​ក្រុម​ប្រតិបត្តិការ បាន​ជួយសង្គ្រោះ​ពិនិត្យ និង​ព្យាបាល​ជំងឺ ២៥,២៩៧​នាក់ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​ចំនួន ៤៩​នាក់​។ ជាមួយគ្នានេះ បាន​ជួយ​អន្តរាគមន៍ សង្គ្រោះ​ទូក​លិច​ចំនួន ១១​គ្រឿង និង​សង្គ្រោះបាន​កីឡាករ​បាន​ចំនួន ១១៥​នាក់ ដោយ​សុវត្ថិភាព​។ ដោយឡែក ករណី​វង្វេង​ក្រុមគ្រួសារ​មាន​ចំនួន ១៨១​លើក​។



គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ អះអាងថា ពិធីបុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃនេះ មាន​លក្ខណៈ​ល្អប្រសើរ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​កុះករ​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​ដដែល​៕
 
 

Tag:
 អុំទូក​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com