កីឡាជាតិ
ជាតិ
លោក សាន សៅយ៉ាន់ លាឈប់ពីអាជីពអាជ្ញាកណ្តាល ចៅក្រម ដោយគិតថាគ្មានសមត្ថភាព
× លោក សាន សៅយ៉ាន់ ម្ចាស់ក្លិបប្រដាល់សៅយ៉ាន់នាគា បានប្រកាសលាឈប់ពីអាជីពអាជ្ញាកណ្តាល ចៅក្រម ក្រោមហេតុផលគ្មានសមត្ថភាព និងមមាញឹកជាមួយការងារស្រែចម្ការ។ ការប្រកាសនេះធ្វើឡើងក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញសេចក្តីសម្រេច ដោយឲ្យកីឡាករ សុខ ធី បន្តចាញ់កីឡាករថៃ ដែលផ្ទុយនឹងការតវ៉ារបស់លោក។
លោក សាន សៅយ៉ាន់ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានប្រកាសលាឈប់ពីអាជីពជាអាជ្ញាកណ្តាល ចៅក្រមនៅតាមស្ថានីយទូរទស្សន៍ ដោយលើកហេតុផលថា លោកគ្មានសមត្ថភាពគ្រប់គ្រាន់ និងមមាញឹកជាមួយការងារជាដើម។ «ខ្ញុំបាទ សាន សៅយ៉ាន់ សូមប្រកាសលាឈប់ពីគណៈកម្មការអង្គចៅក្រម និងអាជ្ញាកណ្តាលប្រចាំស្ថានីយទូរទស្សន៍ចាប់ពីសប្តាហ៍នេះតទៅ ដោយសារខ្ញុំពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ពិន្ទុដល់កីឡាករខ្មែរឡើយ។ ម្យ៉ាងទៀត ខ្ញុំមមាញឹកនឹងការងារស្រែចម្ការ និងទីលំនៅនៅខេត្តឆ្ងាយពិបាកធ្វើដំណើរ»។ ការរៀបរាប់របស់លោក សាន សៅយ៉ាន់ តាមហ្វេសប៊ុក។
ទោះបីម្ចាស់ក្លិបប្រដាល់សៅយ៉ាន់នាគាព្យាយាមលើកហេតុផលបែបនេះក៏ដោយ ការប្រកាសលាឈប់នេះ ទំនងបណ្តាលមកពីលោកបរាជ័យក្នុងការតវ៉ា ពាក់ព័ន្ធនឹងលទ្ធផលរបស់កីឡាករ សុខ ធី ដែលចៅក្រមកាត់ក្តីឲ្យចាញ់កីឡាករថៃ ធ្នូ សឹកឡេក កាលពីពេលកន្លងទៅ។ ព្រោះការប្រកាសនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរចេញសេចក្តីសម្រេចឲ្យកីឡាករ សុខ ធី បន្តចាញ់កីឡាករថៃ ទោះបីមានការតវ៉ាក៏ដោយ។
ការបង្ហាញអាកប្បកិរិយាមិនពេញចិត្តចំពោះលទ្ធផល និងការសម្រេចរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឲ្យកីឡាករ សុខ ធី ត្រូវបានសហព័ន្ធនិងស្ថានីយទូរទស្សន៍ CNC ដកបេក្ខភាពចេញពីការប្រកួតដណ្តើមខ្សែក្រវាត់ ISI Palm រដូវកាលទី៣។ តាមពិតទៅកីឡាករ សុខ ធី នៅមានភាគរយខ្ពស់ក្នុងការឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីរូបគេចាញ់ការប្រកួតមួយនេះក៏ដោយ។
នាការប្រកួតវគ្គសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ ISI Palm របស់ស្ថានីយទូរទស្សន៍ CNC កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ កីឡាករ សុខ ធី ត្រូវបានចៅក្រមកាត់ក្តីឲ្យចាញ់កីឡាករថៃ ធ្នូ សឹកឡេក ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២។ ភ្លាមៗនោះលោក សាន់ សៅយ៉ាន់ គ្រូបង្វឹកកីឡាករ សុខ ធី បានដាក់ពាក្យប្តឹងទៅគណៈកម្មការរៀបចំការប្រកួត ក្នុងគោលបំណងសុំពិនិត្យនិងដាក់ពិន្ទុឡើងវិញ។ ជាលទ្ធផលក្រោយការត្រួតពិនិត្យរបស់គណៈកម្មការជំនាញ សហព័ន្ធបានសម្រេចដោយបន្តឲ្យ សុខ ធី ចាញ់ដដែល៕
Tag:
សាន សៅយ៉ាន់
ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com