ONE Championship
កីឡាជាតិ
ជាតិ
គង់ សំបូរ ចុះកិច្ចសន្យា​ជាមួយ ONE Championship ជាមួយ​ក្តី​រំពឹង​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​
25, Nov 2018 , 6:59 am        
រូបភាព
​អ្នកលេង​គុន​ខ្មែរ គង់ សំបូរ មកពី​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​«​អាណាចក្រ​ប្រយុទ្ធ​» បាន​ចុះកិច្ចសន្យា​ជាមួយ​ស្ថាប័ន​ប្រដាល់​លំដាប់​ពិភពលោក ONE Championship ដើម្បី​ត្រៀម​វាយ​ក្នុង​ព្រឹត្តិការណ៍ ONE Super Series​។ នេះ​ជា​ជោគជ័យ​មួយ​ក្នុងការ​ផ្សព្វផ្សាយ​គុន​ខ្មែរលើ​ឆាក​អន្តរជាតិ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​។

 
​ក្រោយ​ក្លិប​ប្រដាល់​អាណាចក្រ​ប្រយុទ្ធ​ចាប់ដៃ​ជាមួយ​កីឡាករ Ernesto Hoost ម្ចាស់​ជើង​ឯង K-1 ពិភពលោក និង​ជើង​ខ្លាំង​ប្រដាល់ Andy Souwer រួចមក​។ កាលពីពេល​ថ្មីៗ​ក្លិប​នេះ ទទួលបាន​ការជោគជ័យ​ដ៏​ធំធេង​មួយទៀត គឺ​តាមរយៈ​ការចុះកិច្ចសន្យា​របស់​កូនសិស្ស គឺ​កីឡាករ គង់ សំបូរ ជាមួយ​ស្ថាប័ន​ប្រដាល់​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ONE Championship​។ 
 
​លោក Kwok Leung Tsang ម្ចាស់​ក្លិប​អាណាចក្រ​ប្រយុទ្ធ​បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​កិច្ចសន្យា​នេះ ហើយ​រំពឹងថា ស្ថាប័ន ONE នឹង​ជួយ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​។ «​បាន​ចូលក្នុង​ស្ថាប័ន​នេះ ក្នុង​ស្តង់ដារ​កំរិត​នេះ​…​ពិតជា​និយាយ​មិន​ចេញ ខ្ញុំ​គិតថា យើង​នឹង​ល្បី​ខ្លាំង​ពេល​បាន​ឡើង​សង្វៀន ដែលមាន​ទស្សនិកជន​ជាច្រើន​ទស្សនា និង​មាន​អ្នកសារព័ត៌មាន​ជាច្រើន​ចាំ​ផ្តិត​យក​រូបភាព​។ ខ្ញុំ​រំភើប​ខ្លាំងណាស់​»​។ 
 
​សំបូរ នឹងត្រូវ​ឡើង​ប្រកួត​ក្នុង​កម្មវិធី ONE Super Series ដែលមាន​កីឡាករ​ឆ្នើមៗ​មកពី​គ្រប់​សាខា ហើយ​រូបគេ​នឹង​ក្លាយជា​បុគ្គល​ខ្លាំង​ទី​ពីរ​ក្នុងប្រទេស បន្ទាប់ពី សុខ ធី​។ គេ​មិនទាន់​ដឹងថា គង់ សំបូរ នឹងត្រូវ​ឡើង​វាយ​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ ប៉ុន្តែ ONE នឹង​រៀបចំ​ចាប់​គូ​ឲ្យ​ឆាប់ៗ​នេះ ទោះបី​ទើប​ចុះ​កុងត្រា​ថ្មីៗ​ក៏ដោយ​។ 
 
«​យើង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ល្បី​ម្តងនេះ​។ មាន​ទស្សនិកជន​ជាច្រើន​នឹង​តាមដាន​ព្រឹត្តិការណ៍​នេះ ដល់ពេល​នោះ​ទាំង​ឈ្មោះ គង់ សំបូរ ឈ្មោះ​ក្លិប ក៏ដូចជា​ខេត្តសៀមរាប​និង​មានឈ្មោះ​ល្បី​ខ្ទរខ្ទារ​ក្នុង​ឆាក​អន្តរជាតិ​។ យើង​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​ក្នុងការ​ប្រកួត​មួយ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខាងលើ ហើយ​បាន​បន្ថែមថា​៖« ពិភពលោក​កំពុង​យក​ភ្នែក​មើល​យើង ONE បាន​ជួយ​ធ្វើ​រឿង​ល្អៗ​ជាច្រើន​សំរាប់​ប្រទេស​តូចៗ​ដូចជា កម្ពុជា ឡាវ និង​ភូមា​ជាដើម​»​។ 
 
​ក្រោយ​ប្រឡូក​ក្នុង​វិស័យ​ក្បាច់គុន​ជាង​២០​ឆ្នាំ លោក Kwok Leung Tsang បាន​អះអាងថា លោក​ស្រលាញ់​និង​ចូលចិត្ត​វិស័យ​យ៉ាងខ្លាំង ហើយ​លោក​រីករាយ​ក្នុងការ​ធ្វើការ​ជាមួយ ONE នេះ​ក៏ដោយ​សារ​មកពី​ចក្ខុវិស័យ​របស់ ONE Championship ដូចនឹង​ចក្ខុវិស័យ​របស់​ក្លិប​ទាំង​ការគោរព សច្ចភាព កំលាំង និង​ភាពក្លាហាន​ជាដើម​។ 
 
​សម្រាប់​ម្ចាស់​ក្លិប​អាណាចក្រ​ប្រយុទ្ធ ការហាត់​ក្បាច់គុន​មិនមែន​សម្រាប់​ទុក​តែ​វាយ​គ្នា​នោះទេ ពោលគឺ​វា​បាន​បង្គ្រប់​នូវ​ការអប់រំ ការគោរព និង​ការ​អធ្យាស្រ័យ​។ លោក​បាន​រៀបរាប់ថា​៖«​អ្នកខ្លះ​គិតថា ក្បាច់គុន​គ្រាន់តែ​សម្រាប់​វៃ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​បើ​យើង​សង្កេតមើល​មក​អ្នក​ប្រដាល់​នៅទីនេះ​វិញ មើល​ពី​ការគោរព​ដែល​ពួកគាត់​មាន មិនមែន​ចេះតែ​និយាយៗ​ទេ គឺ​គាត់​ឲ្យ​តំលៃ​គ្នា​ទៅវិញទៅមក​»​។ 
 
​ក្នុង​រដូវ​កាល​បុណ្យ​អំ​ទូក​នេះ ទាំង​មេក្រុម និង គង់ សំបូរ ផ្ទាល់​នៅតែ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​ឡើង​សង្វៀន​នាពេលខាងមុខ​។ ពួកគេ​បាន​ជម្នះ​គ្រប់​ឧបសគ្គ​ចំពោះមុខ និង​ខិតខំ​ហ្វឹកហាត់​យ៉ាងខ្លាំង ដើម្បី​ត្រៀម​បង្ហាញមុខ​ក្នុង​សង្វៀន ONE ជា​លើកដំបូង​៕  
 
​អត្ថបទ​៖ Matias Andres

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  គង់ សំបូរ​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com