ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជម្នះ​ចេញពី​ភាពក្រីក្រ​, កញ្ញា ឡៅ ដា​នេ ចង់​មាន​តួនាទី​ជា​អ្នក​សាបព្រោះ​វប្បធម៌​«​សន្តិភាព​» ឬ​ជា​បុគ្គលិក UN
09, Mar 2019 , 12:59 pm        
រូបភាព
​ខេត្តសៀមរាប (​ក្រុង​បា​សាទ​)៖ មាន​ជំនឿ​លើ​ការអប់រំ​ថា​អាច​ផ្លាស់​ប្តូរជីវិត​គ្រួសារ និង​ខ្លួនឯងបាន កញ្ញា ឡៅ ដា​នេ កើត​ក្នុង​គ្រួសារ​ក្រីក្រ មាន​ដើមកំណើត​នៅ​ខេត្តសៀមរាប បេ្ត​ជ្ញា​ធ្វើយ៉ាងណា​ឲ្យ​ក្តី​សុបិន​របស់​នាង​ក្លាយជា​ការពិត​។ បច្ចុប្បន្ន សុបិន​របស់​នាង​កំពុង​ឈានទៅរក​ការពិតជា បណ្តើរៗ​ហើយ​។ ពី​ក្មេង​ដែលមាន​ឪពុកម្តាយ​ជា​អ្នករក និង​លក់​ត្រី​នៅ​តំបន់​ទន្លេសាប កញ្ញា ឡៅ ដា​នេ ស្ថិតក្នុង​វ័យ​២៥​ឆ្នាំ នាពេល​បច្ចុប្បន្ន បាន​ក្លាយជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ភាសា​អង់គ្លេស​ នៅឯ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ខេត្តសៀមរាប ដែល​គេ​តែងតែ​ហៅ​ម្យ៉ាង​ទៀតថា «​ទីក្រុង​ប្រាសាទ​»​។ នាពេល​អនាគត កញ្ញា ឡៅ ដា​នេ ចង់​ក្លាយទៅជា​បុគ្គលិក​អង្គការសហប្រជាជាតិ ឬក៏​ក្លាយជា​អ្នក​សាបព្រោះ​វប្បធម៌​«​សន្តិភាព​» ឬក៏​ជា​អ្នកជំនួញ​។



«​កាដូ​សម្រាប់​ជីវិត​ខ្ញុំ គឺ​សៀវភៅ​។ បើ​នរណា​ចង់​ទិញ​កាដូ​ឲ្យ​ខ្ញុំ អ្វីដែល​ខ្ញុំ​ចង់បាន​ជាងគេ គឺ​សៀវភៅ​។ ខ្ញុំ​អាន​សៀវភៅ​ច្រើនណាស់​តាំងពី​អាយុ​១០​ឆ្នាំ​។ ច្បាប់ស្រី ច្បាប់ប្រុស ប្រលោមលោក​…»​។ នេះ គឺជា​ការរៀប​រាប់រប​ស់ក​ញ្ញា ឡៅ ដា​នេ ដែល​បច្ចុប្បន្ន កញ្ញា គឺជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​នៅក្នុង​ខេត្តសៀមរាប​។ បច្ចុប្បន្ន កញ្ញា​មាន​អាយុ​២៥​ឆ្នាំ ហើយ​ទើប​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​កាល​ពី​ឆ្នាំ​២០១៧​កន្លងមក​ផ្នែក​ពាណិជ្ជកម្ម​ព័ត៌មានវិទ្យា​។ 


 
​កើត​ក្នុង​គ្រួសារ​ក្រីក្រ ឪពុក​ធ្លាប់ជា​អ្នករក​ត្រី​នៅលើ​ផ្ទៃ​បឹង​នៃ​បឹង​ទន្លេសាប ម្តាយ​ជា​អ្នកលក់​ត្រី​នៅក្នុង​ស្រុក​ប្រាសាទ​បាគ​ង ខេត្តសៀមរាប​, កញ្ញា ដា​នេ ដែលជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៤​នាក់​ក្នុង​គ្រួសារ ហាក់បីដូចជា​ក្មេងស្រី​ម្នាក់​ដែល​ចូលចិត្ត​ការអាន​តាំងពី​វ័យ​កុមារភាព​មកម្ល៉េះ​។ តាំងពី​នាង​មាន​អាយុប្រមាណ​ជា​១០​ឆ្នាំ​មកម្ល៉េះ ដៃ​របស់​កញ្ញា​ពោរពេញ​ទៅដោយ​សៀវភៅ​រួចទៅហើយ​។ នាង ដា​នេ ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក និង​សៀវភៅ​បែប​អប់រំ​របស់​អង្គការ​។ ស្ថិតក្នុង​ទឹកមុខ​ជឿជាក់​លើ​ការអប់រំ សម្តី​មួយៗ មាត់ៗ កញ្ញា ឡៅ ដា​នេ បាន​រម្លឹកថា​៖«​ខ្ញុំ​មាន​សតិ​តាំងពី​តូច​មក​ថា ដើម្បី​ផ្លាស់ប្តូរ​គ្រួ​សារបាន គឺ​មានតែ​ការអប់រំ​»​។ ការអប់រំ គឺជា​ការវិនិយោគ​យូរអង្វែង តែ​វា​ក៏​ជាការ​វិនិយោគ​ដែល​ទទួលបាន​ផល​មកវិញ​យូរអង្វែង​ដែរ​។ 
 
​កញ្ញា ឡៅ ដា​នេ ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​ច្រើន​។ តែ​រឿង​បក្សី​ក្នុង​ទ្រុង បាន​ជំរុញ​ទឹកចិត្ត​កញ្ញា​ឲ្យ​កាន់តែ​ស្រឡាញ់​ការសិក្សា​ថែមទៀត​។ ក្នុង​សេច​រឿងនេះ តួអង្គ​ជានា​រី​ម្នាក់​ដែល​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត ព្រោះ​នាង បាន​សុខចិត្ត​បែក​ពី​គ្រួសារ​នៅ​ជនបទ​ដើម្បី​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​។ បក្សី​ក្នុង​ទ្រុង គឺ​សំដៅលើ​ការសម្រេចចិត្ត​ចាកចេញ​ពី​គ្រួសារ​ម្នាក់ឯង​ទៅ​សិក្សា​នៅ​ទីក្រុង​។ តួអង្គ​ក្នុង​សេច​រឿងនេះ អង្រួន​ស្មារតី​កុមារី ឡៅ ដា​នេ កាលពី​អាយុ​មិនទាន់បាន​១០​ឆ្នាំ​ផង​។ ប៉ុន្តែ រឿងរ៉ាវ​មួយទៀត ដែល​ធ្វើ​ឲ្យ​កុមារី ដា​នេ កាន់តែ​ពុះកញ្ជ្រោល​ក្នុងការ​សិក្សារ​ដែរនោះ គឺ​ភាពបរាជ័យ​នៅពេលដែល​កញ្ញា​កំពុង​រៀន​នៅ​ថ្នាក់​ទី​៣​។ ការរៀន​ធ្លាក់​ចំណាត់ថ្នាក់​កាលនោះ គឺ​មែន​ដោយសារ​កុមារី ដា​នេ ខ្ជិល​ទេ​។ តែដោយសារ កុមារី ដា​នេ ជាប់រវល់​រកស៊ី​ដើម្បី​ជួយ​ជ្រោមជ្រែង​ជីវភាព​គ្រួសារ​។ 


 
​ក្នុងចំណោម​សិស្ស​៣១​នាក់ កុមារី ដា​នេ ស្ថិតនៅក្នុង​លេខ​រៀង​ចុងក្រោយ​គេ ពោល គឺ​«​ចុងប៉ូច​គេ​»​។ ការបរាជ័យ​នេះ ត្រូវបាន​ឪពុក និង​ម្តាយ ដា​នេ ស្តីបន្ទោស ដា​នេ ខ្លាំង​មែនទែន​។ ដោយ​អារម្មណ៍​រម្លឹក​ទៅកាន់​អតីតកាល កញ្ញា ដា​នេ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ឪពុក​ខ្ញុំ ខឹង​ខ្ញុំ​ឡើង​ស្រក់​ទឹកភ្នែក ឪពុក​វាយ​ខ្ញុំ​។ ម្តាយ ក៏​ខឹង​។ ភាពបរាជ័យ​ពេលនោះ ជំរុញ​ឲ្យ​ខ្ញុំ​ត្រូវតែ​ខំ ខំ​ដោយ​មិន​ចង់​ឲ្យ​ឪពុកម្តាយ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ដោយសារ​ខ្ញុំ​ទៀតឡើយ​»​។ 
សម្ដីផ្ទាល់




​រឿង​មួយទៀត ដែល​ធ្វើ​ឲ្យ​កុមារី ដា​នេ ឈឺចាប់​ដែរនោះ គឺ​កា​មាក់ងាយ​ពី​អ្នកដទៃ​(​អ្នកជិតខាង​)​។ ថ្ងៃមួយ កាលពី​១៣​ឆ្នាំមុន ពោល គឺ​កាលពី ដា​នេ មាន​អាយុ​១២​ឆ្នាំ គ្រួសារ ដា​នេ បាន​ត្រៀម​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន ភ្នំ​គូ​លេន ក្នុង​ខេត្តសៀមរាប​។ គ្រួសារ​កុមារី ដា​នេ គ្មាន​ថវិកា​ធ្វើដំណើរ​ដោយ​ខ្លួនឯង​ទេ ដូច្នេះ គ្រួសារ​ក្រីក្រ​មួយ​នេះ​ត្រូវ​បង់ប្រាក់​ធ្វើដំណើរ​ដោយ​រថយន្ត​ជាមួយ​គ្រួសារ​ដទៃ ដែលជា​អ្នកជិតខាង នៅ​ក្នុងភូមិ​ជាមួយគ្នា​។ 
 
​ដោយសារតែ​ភាពក្រីក្រ ឪពុក​នាង​ចង​កន្សែង​ដាក់​ថ្នក់​បាយ​នៅ​នឹង​ចង្កេះ ម្តាយ​នាង​ស្ពាយ​កន្ត្រក​ត្នោត រីឯ នាង​វិញ កាន់​ស្បោង​ខោអាវ​ប្អូនៗ​របស់​នាង​។ សម្លៀកបំពាក់​គ្រួសារ​នាង ដា​នេ មិន​សមគួរ​ឡើយ ពោល គឺ​«​កខ្វក់​»​។ ពេលធ្វើ​ដំណើរ​ទៅដល់​ផ្ទះ​អ្នកជិតខាង​ដែល​គ្រួសារ​នាង​ត្រូវ​ធ្វើដំណើរ​ទៅជា​មួយ​គេ​ដោយ​បង់ប្រាក់​នោះ ស្រាប់តែ កុមារី ដា​នេ ទទួលបាន​ពាក្យ​មាក់ងាយ​ពី​គ្រួសារ​នោះ​មួយ​រំពេច​។ «​ពេលដែល​ខ្ញុំ​បាន​ទៅដល់​ផ្ទះ​នោះ ស្រាប់​តែមាន​ពាក្យ​មួយ​បន្លឺឡើង​ពី​កូន​ម្នាក់​នៃ​គ្រួសារ​នោះ​ថា កូន​អ្នកសុំទាន​បានមក​ដល់​ហើយ​។ ខ្ញុំ​លឺ​ពាក្យ​នេះ​ច្បាស់ ពេញ​ត្រចៀក​ខ្ញុំ​ក្រឡែត​។ ខ្ញុំ​មើល​ខ្លួនឯង​ថា ហេតុអ្វី​បានជា​គេ​ថា​ខ្ញុំ ជា​កូន​អ្នកសុំទាន​ដូច្នេះ​? នៅពេលដែល​ខ្ញុំ​មើល​ខ្លួនឯង ទើប​ដឹងថា ការ​ស្លៀកពាក់​របស់​យើង​ដូចជា​អ្នកសុំទាន​មែន​»​។ នេះ គឺជា​អ្វីដែល កញ្ញា ឡៅ ដា​នេ រម្លឹក​ឡើងវិញ​ប្រាប់​អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com ជាមួយនឹង​ភាពឈឺចាប់​នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជានិច្ច​។ 


 
​ប្រឹងប្រែង​តស៊ូ​ដោយ​យក​ការអប់រំ​ជា​មាគ៌ា កញ្ញា ដា​នេ បានប្រែក្លាយ ភាពក្រីក្រ​, ការឈឺចាប់ និង​ការ​មាក់ងាយ​ឲ្យ​ក្លាយទៅជា​លទ្ធផល​វិជ្ជមាន​ដោយ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម​ព័ត៌មានវិទ្យា​នៅឯ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ក្នុង​ខេត្តសៀមរាប​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ ព្រម​ពេល​ជាមួយគ្នា កញ្ញា​ធ្លាប់​ទទួលបាន​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​រយៈពេល​មួយឆ្នាំ​។ នៅ​ទីនោះ កញ្ញា ដា​នេ បាន​សិក្សា​ផ្នែក​រចនា​, ភាសា​អង់គ្លេស និង កីឡា Yoga​។ រីឯ​នាពេល​បច្ចុប្បន្ននេះ កញ្ញា ឡៅ ដា​នេ ទទួលបាន​ការងារ​ជា​គ្រូ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​នៅឯ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​នៅក្នុង​ខេត្តសៀមរាប​, ជា​សកល​វិទ្យាល័យ​ដែល កញ្ញា ឡៅ ដា​នេ ធ្លាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​។ 
សម្ដីផ្ទាល់




​សិក្សា​នៅ​ជនបទ តែ​ភាសា​អង់គ្លេស​របស់​កញ្ញា ដា​នេ ស្ថិតក្នុង​កម្រិត​អន្តរជាតិ 
 
​ជា​ក្មេង​ចង់​ចេះ ចង់ដឹង កញ្ញា ឡៅ ដា​នេ តាំងតែ​ពី​កុមារភាព​មកម្ល៉េះ មិនចេះ​ខ្ជិល​ឡើយ​។ ចង់​ធ្វើការ​គ្រប់មុខ​៖ ចង់​អភិវឌ្ឍ​ខ្លួនឯង​ផង ចង់​ជួយ​អ្នកដទៃ​ផង​។ រៀន​ភាសា​អង់គ្លេស​ពី​គ្រូ​ជា​រឿង​ពិតប្រាកដ​។ តែ​ការប្រឹងប្រែង​ដោយ​ខ្លួនឯង ក៏​ជា​រឿង​ចាំបាច់​សម្រាប់​កញ្ញា​ដែរ​។ នៅក្នុង​អំឡុង​ថ្នាក់​ទី​៦ កុមារី ដា​នេ ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​តែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​ថ្នាក់​រួចទៅហើយ​។ ហើយ​ពេលខ្លះ កុមារី ដា​នេ ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​ស្នើ​ឲ្យ​បង្រៀន​ភាសា​អង់គ្លេស​ជំនួស​ពួកគាត់​។ «​កាលនោះ ខ្ញុំ​មិនចេះ​និយាយ​ទេ ចេះតែ​អាន និង​បង្រៀន​ប៉ុណ្ណោះ​»​។ នេះ គឺជា​រៀបរាប់​របស់​កញ្ញា ដា​នេ ដែល​កញ្ញា​កំពុង​អង្គុយ​នៅក្បែរ​ស្ទឹង​សៀមរាប​នៃ​ខេត្តសៀមរាប​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com​។ 
 
​ការសិក្សា​ភាសា​អង់គ្លេស​របស់​កញ្ញា ដា​នេ គឺជា​ការសិក្សា​ដ៏​ប្រឹងប្រែង​បំផុត ពោលគឺ​មិន​សិក្សា​លំៗ​នោះទេ​។ នាង ដា​នេ បន្ត​រៀន​ពី​របៀប​បញ្ចេញ​សំឡេង​ឲ្យ​ត្រឹមត្រូវ សរសេរ​វេយ្យាករណ៍​កុំ​ឲ្យ​ខុស​។​ល​។ ក្នុងនាម​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់ កញ្ញា ដា​នេ បានផ្តល់​យោបល់​ថា ដើម្បី​រៀន​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ អ្នកសិក្សា​គួរ​អនុវត្ត​វិធីសាស្ត្រ​ចំនួន​ពីរ​។ ទី​១ គឺ​ការសិក្សា​ទល់មុខ​ជាមួយ​គ្រូបង្រៀន និង​ការសិក្សា​តាម​អន​ឡាញ​។ ស្ត្រី​ដែលមាន​ដើមកំណើត​នៅក្នុង​ខេត្តសៀមរាប​រូបនេះ បាន​និយាយ​បែប​កំប្លែង​ថា​៖«​បច្ចុប្បន្ននេះ លោក​-​អ្នកមាន​ជីតា​របស់លោក​-​អ្នក​ដែល​អាចជួយ​លោកអ្នក​បាន គឺ YouTube​។ លោក​-​អ្នក​អាច​វាយ ឬ​ស្រាវជ្រាវ រក​អ្វី ក៏បាន​ដែរ​»​។ 
សម្ភាសជាភាសាអង់គ្លេស

 

​មិនមែន​ចង់​ពូកែ​តែ​ខ្លួនឯង​ទេ តែ​កញ្ញា ឡៅ ដា​នេ ចង់​ជួយ​អ្នកដទៃ និង​សង្គម 

​រៀន​មិនបាន​លេខ​១​មែន តែ​ក៏​មិន​ខ្សោយ​ដែរ​។ តាំងពីក្មេង​មក កុមារី ដា​នេ ស្ថិតក្នុង​ចំណោម​សិស្ស​ពូកែ​១០​នាក់​ដំបូង ឬ​៥​នាក់​ដំបូង​។ តែ​អ្វីដែល​ពិសេស​សម្រាប់​កញ្ញា ដា​នេ គឺ​កញ្ញា​ជា​នារី​ម្នាក់​ចង់​ជួយ​អ្នកដទៃ និង​សង្គម​។ ក្រៅពី​កិច្ចការផ្ទាល់ខ្លួន កញ្ញា ឡៅ ដា​នេ កំពុងធ្វើការ​បម្រើ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្រោម​តង់​។ មជ្ឈមណ្ឌល​នេះ​បង្កើតឡើង​ដោយ​ក្រុម​របស់​កញ្ញា ក្នុង​គោលដៅ​ជា​ចម្បង គឺ​«​បណ្តុះ​ស្មារតី​យុវជន​ឲ្យ​ចេះ​ស្រឡាញ់គ្នា ចេះ​ឲ្យ​តម្លៃ​ការងារ​ជា​ក្រុម និង​បណ្តុះ​គំនិត​ភាពជា​អ្នកដឹកនាំ​។ សម្រាប់​ទស្សនៈ កញ្ញា ឡៅ ដា​នេ​, សង្គម​ខ្មែរ​បច្ចុប្បន្ន​មាន​ធនធានមនុស្ស​ចេះ​ជំនាញ​ពិតប្រាកដ​កាន់តែច្រើន​ហើយ​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា គឺ ការបែកបាក់​សាមគ្គី​គ្នា​រវាង​យុវជន និង​យុវជន​។ កញ្ញា ដា​នេ ថ្លែងថា​៖ «​ខ្ញុំ​មិនទាន់មាន​សមត្ថភាព ឬ​លទ្ធភាព​សម្រេច​កិច្ចការ​ធំៗ​បាន​មែន​។ តែ​ខ្ញុំ​គិតថា ចំណុច​តូចៗ​, តាម​សមត្ថភាព​របស់ខ្ញុំ​, ខ្ញុំ​នឹង​អាច​ផ្លាស់ប្តូរ​សហគមន៍​នៅ​ជិត​ខ្ញុំ និង​សង្គមជាតិ​ទាំងមូល​បាន​។ តាមរយៈ​សក្តានុពល​នៃ​មជ្ឈមណ្ឌល​នេះ ខ្ញុំ​ចង់​ឲ្យ​យុវជន​មាន​បេះដូង​សន្តិភាព និង​នាំទៅរក​សន្តិសុខសម្រាប់​សង្គមជាតិ​ខ្មែរ​យើង​»​។ 


 
​ការផ្លាស់ប្តូរ​គំនិត​របស់​យុវជន​ឲ្យ​មក​ចេះ​សាមគ្គី​គ្នា មិនមែនជា​រឿង​សាមញ្ញ​ឡើយ​។ ប៉ុន្តែ កញ្ញា ដា​នេ ថា​៖«​ម្នាក់​ផ្លាស់ប្តូរ​ម្នាក់ ពីរ​នាក់​ផ្លាស់ប្តូរ​បីនាក់ ហើយ​យូរៗ​ទៅ​គង់តែ​ផ្លាស់ប្តូរ​បានទេ​។ ហើយ​យ៉ាងហោចណាស់ ក៏​យុវជន​នៅក្បែរ​ខ្ញុំ ក្នុង​ក្រុម​ខ្ញុំ និង​ផ្លាស់ប្តូរ​ដោយមាន​បេះដូង​សន្តិភាព​ដែរ​»​។ លោក ឆាយ សុភាព នាយក​ប្រតិបត្តិ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ប្រចាំខេត្ត​សៀមរាប និង​ជា​សហ​ស្ថាបនិក​«​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្រោម​តង់​» ដែរនោះ បាន​បញ្ជាក់ថា កញ្ញា ឡៅ ដា​នេ គឺជា​«​ក្មេងស្រី​»​ដែល​ចូលចិត្ត​ជួយ​អ្នកដទៃ ជួយ​សហគមន៍ និង​ចូលចិត្ត​ចែករំលែក​ចំណេះដឹង​របស់ខ្លួន​ជូន​យុវជន​-​យុវនារី​ជំនាន់​ក្រោយ​។ «​គាត់ (​ដា​នេ​) ធ្លាប់ធ្វើ​សកម្មភាព​សង្គម​រៃអង្គាសប្រាក់​ដើម្បី​ជួយ​សាងសង់​សាលារៀន​បណ្តែត​ទឹក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ គាត់​បានធ្វើ​កិច្ចការ​សង្គម​ច្រើនណាស់ ទោះបី​គាត់ ជា​ក្មេងស្រី​មកពី​តំបន់​ដាច់ស្រយាល​ក៏ដោយ​»​។ នេះ គឺជា​ការសង្កេត​របស់​លោក ឆាយ សុភាព នាយក​ប្រតិបត្តិ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ប្រចាំខេត្ត​សៀមរាប​។ 

 

 ​

កញ្ញា ដា​នេ ចង់​ក្លាយខ្លួនជា​អ្នក​សាបព្រោះ វប្បធម៌​«​សន្តិភាព​…»

​ក្រោយពី​ប្រឹងប្រែង​ខ្លាំង​តាមរយៈ​ការអប់រំ គ្រួសារ​របស់​កញ្ញា ឡៅ ដា​នេ មាន​ជីវភាព​ប្រសើរ​ជាង​មុន ពោល គឺ​គ្រួសារ​មួយ​នេះ​បាន​ងើប​ចេញពី​រណ្តៅ​នៃ​ភាពក្រីក្រ មកជា​គ្រួសារ​ដែលមាន​ជីវភាព​មធ្យម​។ ការប្រែប្រួល​ជីវភាព​នេះ មិនទាន់​ធ្វើ​ឲ្យ កញ្ញា ដា​នេ ពេញចិត្ត​នៅឡើយ​ទេ​។ 
 
​ស្ថិតក្នុង​វ័យ​២៥​ឆ្នាំ​មែន តែ កញ្ញា ឡៅ ដា​នេ មាន​ម​ហិ​ច្ឆតា​ធំ​។ តើ​កញ្ញា​ចង់​ក្លាយខ្លួន​ទៅជា​អ្វី​នាពេល​អនាគត​? ជា​អ្នកនយោបាយ​ឬ​? កញ្ញា ដា​នេ មិន​ឆ្លើយ​ទៅនឹង​សំណួរ​ចំ​ភ្លាម​ទេ​។ តែ​កញ្ញា​បានបញ្ជាក់​ពី​គម្រោង​ជីវិត​ពិតប្រាកដ​របស់​នាង​ថា ក្នុង​រយៈពេល​ពី​ពេលនេះ ទៅ​៣​ឆ្នាំ​ខាងមុខ​ទៀត កញ្ញា​នៅតែ​បំពេញការងារ​ជា​សា​ស្រា្ត​ចា​រ្យ​ភាសា​អង់គ្លេស និង​ជា​គ្រូ​បង្គោល​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ក្រោម​តង់​របស់​នាង​ដដែល​។ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត ដា​នេ ចង់​មាន​ជំនួញ​ចំនួន​បី​ដើម្បី​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ ហើយ​១០​ឆ្នាំ​ទៅមុខទៀត កញ្ញា​មានបំណង​ចង់​បំពេញការងារ​ឲ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ ឬក៏​អាច​ក្លាយខ្លួនជា​នារី​ម្នាក់​ដែលជា​អ្នក​ផ្លាស់ប្តូរ​ដ៏​វិជ្ជមាន​។ «​ខ្ញុំ​មិនទាន់​និយាយ​ឲ្យ​ច្បាស់​ជា​អ្វី​ទេ ឲ្យ​ពិត​ប្រាក​នៅឡើយ​ទេ​។ តែ​ជា​តួនាទី​មួយ​ដែលជា​អ្នក​សាបព្រោះ​(​វប្បធម៌​)​សន្តិភាព​…»​។ នេះ គឺជា​ឃ្លា​បញ្ចប់​របស់​កញ្ញា ដា​នេ ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com៕ 
 
សម្ដីផ្ទាល់


 
 
 
 
 
 
 

Tag:
 ជីវ​ព័ត៌មាន
 សៀមរាប​
  ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com