កីឡាអន្តរជាតិ
អន្តរជាតិ
Keisuke Honda មាន​ចំណែក​រក​គ្រាប់​បាល់​ទាំង​៥​ប្រកួត​ដំបូង​ឲ្យ Melbourne Victory
26, Nov 2018 , 11:58 am        
រូបភាព
ដោយ: រួបរួម
​នា​ការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ក្របខណ្ឌ A-League របស់​អូស្ត្រាលី ខ្សែប្រយុទ្ធ​ជប៉ុន Keisuke Honda មាន​ចំណែក​រក​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​៥​ប្រកួត​សម្រាប់ Melbourne Victory តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ និង​ការ​បញ្ជូនទៅ​មិត្ត​រួម​ក្រុម (Assists) ៣​គ្រាប់​។ បច្ចុប្បន្ន Melbourne Victory ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ពីរ​បណ្តោះអាសន្ន​។​

 
Keisuke Honda បាន​ស៊ុត​បាល់​បញ្ចូល​ទី​បើកឆាក នា​ការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ក្របខណ្ឌ A-League ជាមួយ​ក្លិប Melbourne Victory​។ ប៉ុន្តែ​ក្រុម​ភ្ញៀវ Melbourne City វាយបក​វិញ​បាន​ពីរ​គ្រាប់ ដើម្បី​បញ្ចប់​ក្នុង​ជ័យជម្នះ ២-១ ។​
 
​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​ពីរ Melbourne Victory បន្ត​រង​បរាជ័យ ៣-២ ដោយសារ​ក្រុម​ភ្ញៀវ Perth Glory ខណៈ​ក្រុម​បាល់​បញ្ចូល​ទី​របស់ Terry Antonis និង Storm Roux សុទ្ធតែ​ចេញពី​ការបញ្ជូន​របស់ Honda​។​


 
​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​មែ​ល​ប៊​ន បាន​ជ័យជម្នះ​លើកដំបូង​ក្នុង​លទ្ធផល ១-០ លើ​ក្រុម​ម្ចាស់ផ្ទះ Newcastle United Jets FC ដោយ Honda បាន​បញ្ជូន​បាល់​ទៅ​ឲ្យ Terry Antonis ស៊ុត​បញ្ចូល​ទី​នៅក្នុង​តង់​ទី​ពីរ​។​
 
​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៤ Melbourne Victory ដណ្តើមបាន​៣​ពិន្ទុ​បន្ថែមទៀត ពេល​ស្វាគមន៍ Central Coast Mariners FC​។ Honda ដែលមាន​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ​នោះ រកបាន​គ្រាប់​បាល់​បើកឆាក​នៅ​តង់​ទីមួយ ក្នុង​ជ័យជម្នះ​សរុប ៤-១ ។​
 
​ចំណែកឯ​ការប្រកួត​លើក​ទី​៥ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែវិច្ឆិកា Honda បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នាំ​ជ័យជម្នះ ២-១ លើ​ម្ចាស់ផ្ទះ Syndey FC ក្រោយ​លទ្ធផល​ស្មើ ១-១ នៅ​តង់​ទីមួយ​។ ឱកាស​ប៉េ​ណា​ល់​ទីនេះ កើតឡើង​ក្រោយ​ពេលដែល​ខ្សែការពារ​ហូ​ឡង់ Jop van der Linden នៃ Sydney FC បានធ្វើ​ឲ្យ Honda ផ្ទាល់​ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​។​
 

​បច្ចុប្បន្ន Melbourne Victory ឈ្នះ​លេខ​២​បណ្តោះអាសន្ន​ក្នុង​ក្របខណ្ឌ A-League ដោយមាន​៩​ពិន្ទុ ដោយ​ចាញ់​ក្រុម​លេខ​មួយ Perth Glory ៤​ពិន្ទុ​។​
 
Keisuke Honda បាន​បន្ត​បង្ហាញ​វត្តមាន​ក្នុង​ជម្រើស​ដំបូង​របស់ Melbourne Victory នា​រយៈពេល​៥​ថ្ងៃ បន្ទាប់ពី​បាន​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឈ្នះ ឡាវ ៣-១ ក្នុងការ​ប្រកួត​ពូ​ល A ពានរង្វាន់ AFF Suzuki Cup 2018 នៅ​ភ្នំពេញ​។ ជ័យជម្នះ ២-១ របស់ Melbourne Victory លើ Sydney FC កើតឡើង​មួយថ្ងៃ ក្រោយ​ដែល​កម្ពុជា​ចាញ់​វៀតណាម ៣-០ នា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល A ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Dalmas ។​
 
​លោក Kevin Muscat ដែលជា​គ្រូបង្វឹក​ក្លិប Melbourne Victory បាន​គូសបញ្ជាក់ថា Keisuke Honda គឺជា​កីឡាករ​ដែលមាន​ឥទ្ធិពល​ដ៏​ធំ​ក្នុង​ការប្រកួត ដែល​លោក​ពេញចិត្ត​យ៉ាងខ្លាំង​។ លោក​បាន​កត់សម្គាល់ថា Honda បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ពោលគឺ​ការយកចិត្តទុកដាក់​លើ​ខ្លួនឯង​ក្នុងនាម​ជា​កីឡាករ​អាជីព​ម្នាក់​។​
 
«​គាត់​បាន​ត្រឡប់មក [​ពី​កម្ពុជា​] វិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ចូល​កន្លែង​ហ្វឹកហាត់​នៅ​ម៉ោង​១​ថ្ងៃ​ព្រហស្បតិ៍​ដដែល​។ គាត់​ប្រឹងប្រែង​ហ្វឹកហាត់​ដោយ​ខ្លួនឯង ហើយ​បន្ត​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​ថ្ងៃ​សុក្រ ហើយ​ចេញមក​ប្រកួត​នៅ​ស៊ីដនី នៅ​ថ្ងៃ​សៅរ៍​។ គាត់​បាន​ក្លាយជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ប្រកួត [​ថ្ងៃអាទិត្យ​]»​។ នេះ​ជាការ​រៀបរាប់​របស់លោក Muscat នា​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​៕
 

Tag:
 Melbourne Victory
  Keisuke Honda
  A-League
© រក្សាសិទ្ធិដោយ thmeythmey.com