ជាតិ
ព្រំដែន
កម្ពុជា-វៀតណាម បញ្ចប់ការបោះបង្គោលព្រំដែន ក្នុងតំបន់ឯកភាពនៅមណ្ឌលគិរីនិងរតនគិរី រូបពីទំព័រហ្វេសប៊ុករបស់អ្នកស្រី កុយ ពិសី
× កម្ពុជា-វៀតណាម ទទួលជោគជ័យក្នុងការបោះបង្គោលព្រំដែនក្នុងតំបន់ដែលឯកភាពគ្នា នៅតាមបណ្តោយខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី។ ចំណែកតំបន់ដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តទាំងពីរនេះ កម្ពុជា-វៀតណាម នឹងបន្តដោះស្រាយជាមួយគ្នាទៀត។
អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន បានសរសេរសារលើទំព័រហ្វេសប៊ុកថា៖«យើងមានបេសកកម្មការពារអ្នក ទោះជាមានឧបសគ្គយ៉ាងណា ក៏ត្រូវតែខិតខំសម្រេចឲ្យបាន។ សូមអបអរសាទរចំពោះលទ្ឋផលបញ្ចប់ទាំងស្រុងលើការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី នៅតំបន់ដែលឯកភាព»។
អ្នកស្រី កុយ ពិសី ប្រាប់ព័ត៌មានថ្មីៗបន្ថែម តាមទូរសព្ទថា ចំពោះតំបន់ដែលមិនទាន់ឯកភាពគ្នា កម្ពុជា-វៀតណាម នឹងបន្តចរចា និងរកដំណោះស្រាយជាមួយគ្នា។ អ្នកស្រី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«តំបន់ណាដែលយើងឯកភាពគ្នា យើងដោះស្រាយទៅ ហើយតំបន់ណាមិនទាន់ឯកភាពគ្នា គឺយើងបន្តធ្វើការរួមគ្នាទៅ។ រឿងព្រំដែន មិនមែនយើងធ្វើមួយថ្ងៃឈប់ទេ គឺយើងធ្វើរហូត»។
អ្នកស្រី បន្ថែមថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនមែនមានតែនៅតាមបណ្តោយខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីទេ គឺនៅតាមបណ្តោយខេត្តផ្សេងទៀតក៏មានដែរ។ អ្នកស្រី និយាយបែបនេះថា៖«រឿងព្រំដែនហ្នឹង មិនមែនជាថ្មីទេ គឺជារឿងយូរមកហើយ។ ហើយយើង មិនមែនរង់ចាំំដោះស្រាយនៅខេត្តមួយឲ្យរួច ទើបទៅដោះស្រាយនៅខេត្តផ្សេងទេ គឺយើងដោះស្រាយទាំងអស់»។
កាលពីអំឡុងឆ្នាំ២០១៦ បញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម បានក្លាយជាប្រធានបទក្តៅនិងរសើប ដោយមានមជ្ឈដ្ឋានខ្លះ ជាពិសេសអតីតក្រុមអ្នកប្រឆាំង បានប្រតិកម្មនឹងរដ្ឋាភិបាលកម្ពុជា។ ពួកគេ ប្រតិកម្ម ដោយសារតែកាលនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសផ្លាស់ប្តូរការប្រើប្រាស់ខ្នាតផែនទី ពី១/១០០០០០ មក ១/៥០០០០វិញ៕
Tag:
ព្រំដែនកម្ពុជា-វៀតណាម
កុយ ពិសី
© រក្សាសិទ្ធិដោយ thmeythmey.com