កីឡាអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់ នៅតែ​មិនអាច​ដូរ​ឈ្មោះ «​ឆាយ​នី​ស​តៃប៉ិ​» ក្នុង​វិស័យ​កីឡា​
26, Nov 2018 , 2:30 pm        
រូបភាព
​ប្រជាជន​តៃវ៉ាន់​បាន​បោះឆ្នោត​ប្រឆាំងនឹង​ការធ្វើប្រជាមតិ​ប្តូរ​ឈ្មោះ «​តៃវ៉ាន់​» ជំនួស​ឲ្យ «​ឆាយ​នី​ស​តៃប៉ិ​» ដើម្បី​ប្រើ​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ​ឆ្នាំ​២០២០ នៅ​តូ​ក្យូ និង​ព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ទៀត​។ ពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​យល់ថា ដំណើរ​ការប្តូរឈ្មោះ​នេះ​មាន​ផលវិបាក​ច្រើន​ក្នុងការ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​។​


 
​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​បានចេញ​ជា​លទ្ធផល​គាំទ្រ​ឲ្យ​ប្រើ​ឈ្មោះ​ឆាយ​នី​ស​តៃប៉ិ​ដដែល​ក្នុង​ចំនួន ៥៥​ភាគរយ ទល់នឹង ៤៥ ភាគរយ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅជា ឈ្មោះ​តៃវ៉ាន់​ក្នុង​វិស័យ​កីឡា​លំដាប់​អន្តរជាតិ ដោយមាន​សន្លឹកឆ្នោត​បោះ​សរុប​ប្រមាណ ១០,៥១ លាន​សន្លឹក គិត​ត្រឹម​ម៉ោង ២:២០ នាទី​អា​ធ្រា​ត្រ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
 
​ការស្នើ​បង្កើត​ឲ្យ​មាន​ប្រជាមតិ​នេះ​ឡើង បន្ទាប់ពី​ម្ចាស់​ជើង​ឯ​កីឡា​អូឡាំពិក​ឆ្នាំ​១៩៦៨ របស់​តៃវ៉ាន់​គឺ​កីឡាការិនី Chi Cheng ដែល​បច្ចុប្បន្ន​មាន​វ័យ​៧៥​ឆ្នាំ រួមទាំង​អ្នកកីឡា​ចាស់ៗ​ដែល​ល្បីឈ្មោះ បាន​បង្កើត​ចលនា​តាម​ដងផ្លូវ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​កាលពី​២​ឆ្នាំមុន​ដើម្បី​ប្រមូល​ស្នាម​មេដាយ​ពី​ប្រជាជន​ដែល​យល់ព្រម​ថា​តៃវ៉ាន់ គួរ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​តូ​ក្យូ​ក្រោម​ឈ្មោះ «​តៃវ៉ាន់​» ជំនួស​ឲ្យ​«​ឆាយ​នី​ស​តៃប៉ិ​»​វិញ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ​គំនិត​នៃ​ការចង់​ផ្លាស់ប្តូរ​ខាងលើ​មិនបាន​ទទួលជោគជ័យ​ឡើយ ដ្បិត​អ្នក​ដែល​បោះឆ្នោត​ប្រឆាំងនឹង​វិធានការ​នេះ​ប្រហែល​ជាមាន​អារម្មណ៍ ថា​ដំណើរ​ការដាក់​ពាក្យសុំ​ដើម្បី​កែ​ឈ្មោះ​នេះ​មាន​ផលវិបាក​និង​ភាពអវិជ្ជមាន​ច្រើន​ក្នុងការ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​។​
 
​មួយវិញទៀត​នៅមុន​ការធ្វើប្រជាមតិ​នេះ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ផ្ញើ​សារ​ព្រមាន​តៃវ៉ាន់​ថា កោះ​នេះ​អាច​នឹង​បាត់បង់​សិទ្ធិ​ក្នុងការ​ប្រកួតប្រជែង ប្រសិន​ប្ដូរ​ឈ្មោះ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​តូ​ក្យូ​នោះ​។ IOC ថែមទាំង​ព្រមាន​ទៀតថា គណៈកម្មាធិការ​អូឡាំពិក​ឆាយ​នី​ស​តៃប៉ិ (CTOC) និង​រដ្ឋាភិបាល​តៃវ៉ាន់​ពី​ផលវិបាក​ដែល​អាច​កើតឡើង បើ IOC យល់ថា ការផ្លាស់ប្ដូ​ឈ្មោះ​នេះ ជា​រឿង​នយោបាយ​។​
 
IOC បានបញ្ជាក់​យ៉ាងច្បាស់​ថា​ឈ្មោះ «​ឆាយ​នី​ស​តៃប៉ិ​» មិនអាច​ផ្លាស់ប្តូរ​បានទេ ដោយសារតែ​វា ត្រូវបាន​កំណត់​រួចហើយ​នៅក្នុង​កិច្ចព្រមព្រៀង Lausanne រវាង IOC និង CTOC នៅ​ឆ្នាំ ១៩៨១​។​
 
IOC ព្រមាន​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​លើ CTOC ដែល​រំលោភ​លើ​កិច្ចព្រមព្រៀង Lausanne ឬ​ដើម្បី​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IOC ដែល​ត្រូវបាន​មើលឃើញថា​ជា «​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​» ដែល​ខុសពី​លក្ខខណ្ឌ​នៃ​ធម្មនុញ្ញ​កីឡា​អូឡាំពិក​។ នេះ​បើតាម​លិខិត​ដែល IOC ផ្ញើ​ទៅកាន់ CTOC កាលពី​សប្តាហ៍​មុន​។​
 
​សូមបញ្ជាក់ថា ឈ្មោះ​ឆៃ​នី​ស​តៃវ៉ាន់ ត្រូវបាន​ប្រើ​សម្គាល់​តៃវ៉ាន់​ក្រោយ​កិច្ចព្រមព្រៀង Lausanne ប្រទេស​ស្វ៊ី​ស​ក្នុង​ឆ្នាំ​១៩៨១ ។ នេះ​ក៏​ព្រោះតែ​ចិនដីគោក ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន​ដដែល បន្ទាប់ពី​ក្លាយជា​តំណាង​ស្របច្បាប់​របស់​ចិន​ក្នុង​ឆ្នាំ​១៩៧១ ។ ចាប់ពីពេលនោះ ក្រុង​ប៉េកាំង​បាន​ជំទាស់​ការប្រើប្រាស់​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់​ជា «​សាធារណរដ្ឋ​ចិន​» រហូត​ទទួលជោគជ័យ​ក្នុងការ​កែប្រែ​ទៅជា «​ឆៃ​នី​ស​តៃប៉ិ​» ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​តែម្ដងទៅ​៕
 
 

Tag:
 ​តៃវ៉ាន់​
  ចិន​
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com