ជាតិ
សង្គមជាតិ
សម្តេច សាយ ឈុំ សុំ​រឿង​ពីរ​យ៉ាង ពី​យុវជន​ស​.​ស​.​យ​.​ក
26, Nov 2018 , 8:59 pm        
រូបភាព
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា
​ភ្នំពេញ​៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើ​សុំ​ចំណុច​ពីរ​យ៉ាង​ពី​ថ្នាក់ដឹកនាំ​និង​សមាជិក​-​សមាជិកា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន​។ សំណូមពរ​របស់​ប្រធានព្រឹទ្ធសភា គឺធ្វើឡើង​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង សមាជិក​ស​.​ស​.​យ​.​ក​ប្រមាណ​ជា​១៣០០​នាក់ ក្នុង​មហាសន្និបាត​លើក​ទី​៤ នា​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា នៅ​សណ្ឋាគារ​សុខា​។​


 
​ចំណុច​ទីមួយ គឺ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​និង​សមាជិក​-​សមាជិកា​ស​.​ស​.​យ​.​ក​ទាំងអស់ ចូលរួម​ឲ្យ​កាន់តែ​សកម្ម ក្នុង​ការកសាង​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន និង​ក្លាយជា​សង្គម​ប្រកបដោយ​អារ្យធម៌ និង​សេចក្តីស្រឡាញ់ ដោយ​គ្មាន​ការកើត​ឡើងវិញ​នូវ​សង្គ្រាម និង​ការបែកបាក់​ផ្ទៃក្នុង ដូច​ពី​អតីតកាល​ទៀតឡើយ​។ ចំ​ណុ​ទី​ពីរ គឺ​សុំ​ឲ្យ​យុវជន​នៃ​ស្ថាប័ន​នេះ ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​នាពេល​អនាគត ដែលមាន​សមត្ថភាព និង​មាន​ឆន្ទៈ​មោះមុត ក្នុងការ​ថែរក្សា​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ដែនដី​។ 


 
​ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា ក៏បាន​គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​ស​.​ស​.​យ​.​ក បន្ត​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ស្របតាម​គោលបំណង​របស់ខ្លួន​។  


 
​សូមបញ្ជាក់ថា ស​.​ស​.​យ​.​ក បានរៀបចំ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​ជា​លើក​ទី​៤ ដែលមាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ មហាសន្និបាត​នេះ ធ្វើឡើង​ដោយ​ផ្តោតលើ​ការ​បូកសរុប​ការងារ​ឆ្នាំ​២០១២-២១០៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨-២០២០ ព្រមទាំង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក និង​អនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​របស់​ស​.​ស​.​យ​.​ក ផងដែរ​៕ 




 

Tag:
 យុវជន​
  ស​.​ស​.​យ​.​ក​
  សម្តេច សាយ ឈុំ
© រក្សាសិទ្ធិដោយ thmeythmey.com